en     km
en     km

សវនាការ​ករណី​លើលោក​ នី​ ចរិយា​ ត្រូវ​បាន​ផ្អាក​ភ្លាមៗ​បន្ទាប់​ពី​ចុងចោទ​ប្ដឹង​ដិតចិត្ត​ចៅក្រម​

Share

​ភ្នំពេញ​៖​  បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​បើក​សវនាការ​ជុំនុំជម្រះ​ពេញអង្គ​ តាម​ពាក្យបណ្ដឹង​របស់​ មន្ដ្រី​តុលាការ​ពីរ​រូប​នៅ​ខេត្តសៀមរាប​ដែល​ប្ដឹង​ លោក​ នី​ ចរិយា​ ពី​បទ​បរិហារកេរ្ដិ៍​ ជា​សាធារណៈ​រួច​មក​  នៅ​ថ្ងៃនេះ​  អតីតមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​រូប​នេះ​បាន​សម្រេច​ប្ដឹង​ទាស់​ភ្លាមៗ​ ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​ សុំ​ប្ដូរ​ចៅក្រម​  ដែល​លោក​សំអាង​ថា​ ចៅក្រម​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ជុំនុំជម្រះ​ ដោយ​គ្មាន​ដើមបណ្ដឹង​ចូលរួម​។​

លោក​ នី ​ចរិយា​ អតីតមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក

លោក​ នី ​ចរិយា​ អតីតមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក

ទាក់ទង​នឹង​បញ្ហា​នេះ​ ចៅក្រម​ តុលាការ​រាជធានី​ភ្នំពេញ​ច្រានចោល​  ហើយ​សម្រេច​លើក​ពេល​ជុំនុំជម្រះ​ ទុក​ពេល​អោយ​ លោក​ នី​ ចរិយា​ ប្ដឹង​ដិតចិត្ត​ចៅក្រម​រយៈពេល​មួយ​ខែ​។​ កញ្ញា​ ជុំ​ ជោគ​ ជាតា​ រាយការណ៍​ព័ត៌មាន​លម្អិត​៖

 

​សវនាការ​ជំនុំជម្រះ​ក្ដីនា​ព្រឹក​មិ​ញ​នេះ​  បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ខ្លី​  តែ​មាន​ភាព​សកម្ម​ខ្លាំង​។​ យ៉ាង​សកម្ម​នោះ​ គឺ​អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​ និង​ជា​អគ្គលេខាធិការ​ គ​.​ជ​.​ប​ បាន​ឡើង​បកស្រាយ​ ផ្លូវច្បាប់​ យ៉ាង​ផុស​ផល​ ខណៈ​លោក​ឈរ​នៅ​ក្នុង​រង្វង់​ក្រចកសេះ​។​ ស្ថិត​ ក្នុង​សំលៀក​បំពាក់​ ពណ៌​ស្លា​ទុំ​ ជនជាប់ចោទ​ដែល​ជា​អ្នកឯកទេស​ច្បាប់​ផង​ដែរ​  បាន​បកស្រាយ​ ដោយ​មាន​ទឡ្ហីករ​ណ៍​ ហើយ​ទីបំផុត​ លោក​ទាមទារ​ឱ្យ​ ប្ដូរ​ចៅក្រម​ ជំនុំ​ជំ​ម្រះ​(​ប្ដឹង​ដិតចិត្ត​)​ កាត់ក្ដី​លើ​សំនុំរឿង​របស់​លោក​។

 

​លោក​ នី​ ចរិយា​ បាន​ពន្យល់​លើ​អង្គហេតុ​បី​សំខាន់​ដូចនេះ​៖«​ ទី​មួយ​.​ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ជុំនុំជម្រះ​ដោយ​គ្មាន​វត្តមាន​ដើមបណ្ដឹង​។​ ទី​ពីរ​.​ ពាក្យបណ្ដឹង​របស់​លោក​ នី​ ចរិយា​ ដែល​ប្ដឹង​ដើមបណ្ដឹង​ពី​មុន​មក​មិន​ទាន់​បាន​ដោះស្រាយ​។​ ទី​បី​.​ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ខុស​ពី​នីតិវិធី​ជុំនុំជម្រះ​ បើ​យោង​តាម​មាត្រា​ ៣៤៦​ និង​២២៦​ នៃ​ក្រមរដ្ឋប្បវេណី​»​។​

​លោក​ នី​ ចរិយា​ បញ្ជាក់​ថា​ អ្វី​ដែល​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ប្ដឹង​រូប​លោក​គឺ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​ ។​

​លោក​ នី​ ចរិយា​៖​ «​ ខ្ញុំ​ នឹង​បកស្រាយ​ការ​ចោទប្រកាន់​នេះ​ អោយ​សារ​ធារ​ណ​ជន​ដឹង​ ព្រោះថា​ ខ្ញុំ​ចង់​ជួប​ដើមបណ្ដឹង​រដ្ឋប្បវេណី​ ដើម្បី​បង្ហាញ​អំពី​ភាព​ស្អាតស្អំ​ ក្នុង​ការ​ជួយ​ជន​ក្រីក្រ​ ជួយ​ប្រជាជន​ក្រីក្រ​តែ​ប៉ុណ្ណឹង​ទេ​»​។

​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ដែល​ប្ដឹង​លោក​ នី​ ចរិយា​ ពី​បទ​បរិហារ​នោះ​មាន​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​ និង​ លោក​ គី​ ឬ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​។​

​លោក​ នី​ ចរិយា​ បាន​ចោទប្រកាន់​ពួក​គាត់​ទាំង​២​ មិន​បាន​អនុវត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​ ក្នុង​ការ​ចោទប្រកាន់​ និង​ចាប់ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ចំពោះ​ការ​តវ៉ា​ប្រឆាំង​ ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​ (Community​ Takhmao​ Development​ Agriculture​ &​ Industrial​ )​ ដែល​អ្នក​ភូមិ​ចោទ​ថា​ បាន​ព្យាយាម​រឹបអូស​យក​ដីស្រែ​ របស់​ពួក​គាត់​ដោយ​ខុសច្បាប់​។​

​ការ​ប្ដឹង​ដិត​ជិត​សុំ​ប្ដូរ​ចៅក្រម​ភ្លាមៗ​ នៅ​ក្នុង​សវនាការ​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​ លោក​ នី​ ចរិយា​  ស្នើ​សុំ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោក​ ឃី​ ឆៃ​ មិន​យល់ព្រម​ពន្យា​ពេល​នីតិវិធី​ជុំនុំជម្រះ​ ដើម្បី​រង់ចាំ​វត្តមាន​ដើមបណ្ដឹង​  តាម​ការ​ស្នើ​សុំ​ ពី​ មេធាវី​។​

​តែ​ទោះជា​យ៉ាងណា​ក្រោយ​ពី​ការ​ជជែក​ដេញដោល​ អស់​រយៈពេល​ប្រមាណ​ជា​១៥​នាទី​រួច​មក​  លោក​ ឃី​ ឆៃ​ បាន​សម្រេច​ឲ្យ​មាន​បណ្តឹងដិតចិត្ត​ និង​លើក​ពេល​សវនាការ​ជុំនុំជម្រះ​ ដោយ​ទុក​រយៈពេល​មួយ​ខែ​ រង់ចាំ​ការ​សម្រេច​ពី​សាលាឧទ្ធរណ៍​។​

លោក​ សំ​ សុ​គង់​ មេធាវី

លោក​ សំ​ សុ​គង់​ មេធាវី


ទាក់ទង​នឹង​រឿង​នេះ​ លោក​ សំ​ សុ​គង់​ មេធាវី​ លោក​ នី​ ចរិយា​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​ស្ដ្រី​ តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ ថា​ ការ​ដែល​កូនក្ដី​ ប្ដឹង​ដិតចិត្ត​ចៅក្រម​ ដោយ​សំអាង​ហេតុ​ដូចនេះ​៖«​ទាក់ទង​នឹង​មូលហេតុ​ដែល​លោក​ នី​ ចរិយា​ ប្ដឹង​ដិតចិត្តចៅក្រម​ហ្នឹង​ គឺ​ មូលហេតុ​ពីរ​សំខាន់​ ទី​មួយ​អវត្តមាន​ដើមបណ្ដឹងរ​ប្បវេណី​ នៅ​ពេល​សវនាការ​ ហើយ​លោក​ នី​ ចរិយា​ ស្នើ​សុំ​អោយ​ចៅក្រម​ជុំនុំជម្រះ​ហ្នឹង​ ធ្វើការ​កោះហៅ​ដើមបណ្ដឹង​តាម​នីតិវិធី​ច្បាប់​ ហើយ​ចំនុច​ទី​ពីរ​លោក​ នី​ ចរិយា​ រង់ចាំ​ស្ថាន​ប័ន​បី​  ដែល​មាន​ស្ថាប័ន​ក្រសួងយុត្ដិធម៌​  ស្ថាប័ន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ ចៅក្រម​ ហើយ​និង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ឆ្លើយ​តប​នឹង​ពាក្យបណ្ដឹង​របស់​គាត់​»​។​

​ពលរដ្ឋ​សហគមន៍​បឹ​កក់​ និង​បុរី​កីឡា​ បាន​មក​តវ៉ា​នៅ​ពីមុខ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ដោយ​ ស្រែក​ទាមទារ​រក​យុ​ត្ថិ​ធម៌​ជូន​លោក​ នី​ ចរិយា​ ហើយ​សុំ​អោយ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​ការ​ចោទប្រកាន់​ និង​ដោះ​លែងអោយ​លោក​ នី​ ចរិយា​ មាន​សេរីភាព​ឡើង​វិញ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ថា​ ៖«​ ចា៎​ សម្រាប់​ការ​យល់​ឃើញ​ពួក​ខ្ញុំ​ ពួក​ខ្ញុំ​អត់​គាំទ្រ​ទេ​ ការ​ដែល​តុលាការ​ចាត់វិធានការ​បែប​នេះ​ ព្រោះ​អី​វា​ជា​រឿង​អយុត្ដិធម៌​ណាស់​ រឿង​ដែល​តុលាការ​ត្រូវ​ចាត់វិធានការ​ …»​។​

​លោក​ នី​ ចរិយា​ ក្រៅពី​រង​ការ​ចោទប្រកាន់​ពី​មន្ដ្រី​តុលាការ​ខេត្តសៀមរាប​ លោក​ក៏​នូវ​មានការ​ចោទប្រកាន់​ និង​ឃុំ​ខ្លួ​ នៅ​ស្នងការ​រ​ដ្ឋា​ន​រាជធានី​ភ្នំពេញ​  ពាក់ព័ន្ធ​នឹង​ ករណី​នាង​ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ផង​ដែរ​៕

 

Share

Image
Image
Image