en     km
en     km

សម្តេច ហ៊ុន សែន ព្រមានដកតំណែងរដ្ឋមន្រ្តី និងមន្រ្តីថ្នាក់ក្រោមដែលហ៊ានលែងរថយន្តដឹកលើសទម្ងន់

Share

ខេត្តត្បូងឃុំ៖ ថ្លែងទទួលស្គាល់ពីបញ្ហាគ្រោះថ្នាក់ចរាចរ និងការខូចខាតផ្លូវថ្នល់បង្កពីរថយន្តដឹកទំនិញលើសទម្ងន់ សម្តេច ហ៊ុន សែន បានព្រមានជាថ្មីដោយប្រកាសដកតំណែងរដ្ឋមន្រ្តី និងមន្រ្តីថ្នាក់ខេត្តនិងស្រុក ដែលហ៊ានដោះលែងរថយន្ត និងម្ចាស់រថយន្តដែលដឹកលើសចំណុះនោះ។

                                 រថយន្តដឹកលើសទម្ងន់ដែលសមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់ឃាតទុក។រូបភាពក្រសួងសាធារណការ

 

ការលើកឡើងនេះធ្វើឡើងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង ១គីឡូម៉ែត ឆ្លងកាត់ទន្លេមេគង្គដោយ តភ្ជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ០៩ កុម្ភៈនេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីដែលចូលរួមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ជាថ្មីដល់ មន្រ្តីថ្នាក់ក្រោម និងរដ្ឋមន្រ្តីផងដែរ ត្រូវចាប់រថយន្តដែលដឹកលើសចំណុះ និងបញ្ជូនម្ចាស់រថយន្តទៅតុលាការ ដោយពុំត្រូវដោះលែងឱ្យមានសេរីភាពងាយៗនោះទេ។ សម្តេចព្រមានធ្ងន់ៗថា និងដកតំណែងមន្រ្តីណាដែលហ៊ានដោះលែងជនល្មើសទាំងនោះ។

សម្តេចប្រកាសយ៉ាងដាច់ណាត់ថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យក្រុមហ៊ុនរកស៊ីនៅកម្ពុជា ប្រើប្រាស់រថយន្តដឹកលើសចំណុះទៀតឡើយ ដែលសម្តេចថា រដ្ឋាភិបាលត្រូវបង់ខាតថវិកាជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំដើម្បីជួសជុល និងថែទាំផ្លូវខូច ដែលបង្កចេញពីរថយន្តដឹកលើសទម្ងន់នេះ។

សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន 

 

 ភ្លាមៗបន្ទាប់ពីមានការព្រមានពីសម្តេចនាយករដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលើទំព័រហ្វេសប៊ុកថា គ្រប់រថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃតទ្រុង ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ លើផ្លូវជាបន្ទាន់ចាប់ពីថ្ងៃ១០ កុម្ភៈ ២០១៨ នេះតទៅ។

សេចក្តីជូនដំណើរបន្តថា យានយន្តដឹកលើសទម្ងន់ទាំងឡាយណាដែលនៅតែចរាចរណ៍ មិនកាត់កែសម្រួលទ្រុង និងបញ្ឈប់ការដឹកលើសទម្ងន់នោះទេ នឹងត្រូវឃាត់ទុក រីឯក្រុមហ៊ុននឹងត្រូវបិទតែម្តង៕

 

Share

Image
Image
Image