en     km
en     km

សម្តេច ហ៊ុន សែន នឹងមកដល់ខេត្តសៀមរាបនៅវេលាម៉ោង ១រសៀលថ្ងៃនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅទីក្រុងប៉េកាំងរយៈពេល ៣ថ្ងៃ

Share

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្ដហោះពិសេសរបស់កកម្ពុជា ឆ្ពោះមកកាន់ក្រុងសៀមរាប ដើម្បីចូលរួមក្នុងពិធីបួងសួងសុំសេចក្ដីសុខដល់ប្រទេសកម្ពុជា។ នេះបើតាមឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧នេះ ។

សម្ដេច ហ៊ុន សែន៖ « ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា»។

ពិធីបួងសួងនៅខេត្តសៀមរាបនេះដែរ ធ្វើឡើងរយៈពីរថ្ងៃ គឺ ពីថ្ងៃទី ២ ដល់ថ្ងៃ ទី ៣ ធ្នូ ឆ្នាំ២០១៧។

សូមជម្រាបដែរថា ក្នុងជំនួបទ្វេភាគីរវាងសម្ដេច​ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ដោតសំខាន់លើបញ្ហាទាក់ទងទៅនិងសុខសន្ដិភាព។

ក្នុងជំនួបនោះ លោក ស៊ី ជីនពីង មានប្រសាសន៍ថា  ការមិនប្រជែងគ្នាដើម្បីអំណាច គឺជាអ្វីមួយដែលធ្វើអោយការធ្វើអោយប្រសើរឡើងនៃការរស់នៅរបស់ប្រជាជននិងមនុស្សជាតិ ។ អ្វីដែលកាន់តែមានសារៈសំខាន់បំផុតដែរនោះ គឺការចែករំលែកពី គ្នាទៅវិញទៅមកនូវសេចក្តីសុខ សេចក្ដីរីករាយ ដោយមិនយកគ្នាជាសត្រូវ បើទោះមានវប្បធម៍​ និងអារ្យធម៍ខុសគ្នាក៏ដោយ។

លោក ស៊ី ជីនពីង ក៏បានលើកឡើងផងដែរថា ៖« យើងត្រូវរួមគ្នាបំបាត់សង្រ្គាម បំបាត់ការជួញដូរមនុស្ស បំបាត់អំពើភេរវកម្ម ការពារសន្តិភាព ការពារស្រ្តីនិងកុមារដែលងាយរងគ្រោះ គឺយើងត្រូវខិតខំរួមគ្នាអោយពលរដ្ឋចាកផុតពីភាពក្រីក្រ»។

កិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសចិន និងតំណាងគណបក្សនយោបាយនានាលើពិភពលោក គឺបានធ្វើឡើងកាលពីថ្ងៃទី ២៩  វិច្ឆិកា ដល់ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧។ នៅក្នុងកិច្ចប្រជុំនេះផងដែរ មានការចូលរួមពីបណ្តាមេដឹកនាំមកពីគណបក្សជាង២០០ និងអង្គការនយោបាយនៅក្នុងបណ្តាប្រទេសជាង ១២០ នៅជុំវិញពិភពលោក ៕

 

Share

Image
Image
Image