en     km
en     km

សម្តេច ហ៊ុន សែន ចុះមើលសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេន ។

រោងចក្រនេះ វិនិយោគដោយជនជាតិចិនតៃវ៉ាន់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រនេះ មានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣ ៥៦៣នាក់។

រោងចក្រនេះ ផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ ហើយផលិតផលនៃរោងចក្រនេះត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប និងអាមេរិក។

សម្ដេចនាយករដ្ឋមន្ត្រីបាន សម្រេចយកថ្ងៃពុធនិងថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ គឺជាវេទិកាជួបសំណេះសំណាលជាមួយកម្មករកម្មការិនី។ក្នុងពេល ជួបកម្មករ សម្ដេចបានផ្ដល់ប្រាក់ជាច្រើន ហើយ បានថ្លែងសារនយោបាយ ដោយលើកឡើងពីគោលការណ៍ លើកកម្ពស់ កម្មករកម្មការិនី ក្រោមក្របខណ្ឌប្រាក់សោធន និងប្រាក់ឧបត្ថម្ភសម្រាលកូនដល់កម្មការិនីនូវថវិកា ៤០ម៉ឺនរៀល បើសម្រាលបានកូនមួយ។

យ៉ាងណាក៏ដោយ ការចុះពិនិត្យសង្វាក់ការងាររោងចក្រនៅថ្ងៃនេះ គឺជាលើកដំបូង ខណៈ សម្ដេចមានប្រសាសន៍ថាក្រោយបោះឆ្នោតហើយ សម្ដេចនឹងចុះសំណេះសំណាលជាមួយកម្មករកម្មការនីជាថ្មីទៀត។

កាលពីសប្ដាហ៍មុនប្រតិភូមួយក្រុមនៃគណៈកម្មការសហភាពអឺរ៉ុបដែលមកកាន់កម្ពុជាដើម្បីស្វែងរកការពិតអំពីស្ថានភាពសិទិ្ធមនុស្ស និងសេរីភាពនយោបាយបានព្រមានថា ការដកពន្ធអនុគ្រោះពីកម្ពុជា គឺជាជម្រើសចុងក្រោយ បើកម្ពុជា ពុំមានដំណោះស្រាយនយោបាយឡើងវិញ។

ក្រុមសង្គមស៊ីវិលបារម្ភថា បើមានករណីនេះមែន គឺអាចប៉ះពាល់ធ្ងន់ដល់វិស័យកាត់ដេរដែលមានកម្មករកម្មការិនី ជាង ៨០ម៉ឺននាក់កំពុងទទួលបានអត្ថប្រយោជន៍ពីវិស័យនេះ៕

Share

Image
Image
Image