en     km
en     km

សម្តេច ហ៊ុន សែន៖ចិនជាទីផ្សារធំដែលផ្តល់ការងារដល់ពលរដ្ឋកម្ពុជា

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន មានប្រសាសន៏ថា ចិនជាទីផ្សារធំណាស់សម្រាប់ប្រទេសកម្ពុជា។ ការណ៍នេះសម្តេច ហ៊ុន សែនថាចិននឹងក្លាយជាប្រទេសទីមួយក្នុងវិស័យទេសចរដែលរួមចំណែកដោះស្រាយការងារជូនកម្មករកម្ពុជាផងដែរ។ ការថ្លែងនេះធ្វើទ្បើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រនានាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្ពុជា ជាប្រទេសដែលពឹងផ្អែកលើ វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យវាយនភ័ណ្ឌ និងវិស័យទេសចរជាដើម។ ការណ៍នេះសម្តេច ហ៊ុន សែន បានលើកទ្បើងថាប្រទេសចិនជាប្រទេសមួយដែលមានទីផ្សារធំសម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

នាពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានទៅចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសចិន ដែលមានគណបក្សនយោបាយជាច្រើនចូលរួមប្រជុំនៅទីនោះ។ក្រៅកិច្ចប្រជុំកំពូលនោះនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ក៏បានឆ្លៀតពេលជួបអ្នកវិនិយោគល្បីៗនៅប្រទេសចិន ដើម្បីជំរុញឱ្យអ្នកវិនិយោគទំាងនោះមកចូលវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្តេច ហ៊ុន សែន មានប្រសាសន៏ថា «ពូទៅកាន់ប្រទេសចិនទៅចរចាប្រធានបទចរចាផ្អែកលើអីសំខាន់ប្រទេសចិនជាទីផ្សារធំណាស់សម្រាប់យើងចរចាផ្តោតធំជាងគេលើបញ្ហាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ឥលូវបើនិយាយពីទេសចរណ៍អាចនិយាយអាចនឹងបន្តិចចិននឹងក្លាយជាទេសចរទីមួយ ទីមួយទៅហើយ»។

នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជក់ថាវិស័យទេសចរក៏ជាវិស័យសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយការងារជូនប្រជាពលរដ្ឋកម្ពុជា។      សម្តេច ហ៊ុន សែន បញ្ជាក់ថាបើកំណើនទេសចរចិនកាន់តែច្រើនចូលមកកម្ពុជានោះនឹងបម្រើផលប្រយោជន៏ច្រើនដល់ប្រទេសកម្ពុជា។ «ខ្ញុំគ្រាន់តែចង់បានទេសចរចិនស្មើនឹង ០,០១%តែប៉ុណ្ណោះ ដោយសារតែប្រទេសចិនមានប្រជាជន១ពាន់៣រយលាននាក់ជាង បើយើងសម្រេចបាន០,០១ យើងនឹងបាន១លាន៣សែននាក់ដូច្នេះតើយើងដោះស្រាយការងារឱ្យកម្មកររបស់យើងនៅក្នុងផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងដោះស្រាយការលក់ទំនិញ លក់កសិផលបម្រើឱ្យសណ្ឋាគារប៉ុណ្ណាសម្រាប់ប្រជាជន»។

ជុំវិញរឿងនេះលោក តេង ដឺលុច បណ្ឌិតសេដ្ឋកិច្ចបានលើកទ្បើងថា​ ទាក់ទងនឹងកំណើនភ្ញៀវទេសចរចិននេះមានមុខព្រួញពីរ។ មុខព្រួញពីរនេះគឺទីមួយចិនអាចមកប្រមូលលុយពីកម្ពុជា និងទីពីរចិនមកចាយលុយនៅកម្ពុជា។ លោក តេង ដឺលុច សង្កេតឃើញថាកំណើនភ្ញៀវទេសចរចិនភាគច្រើនចូលមកកម្ពុជាគឺមកបម្រើការងារមានចំនួនច្រើន។

តែយ៉ាងនេះក្ដីលោកសាទរដែលមានកំណើនភ្ញៀវទេសចរចិន។ តែលោកថាកម្ពុជាក៏មិនត្រូវភ្លេចពីវិស័យវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជានោះដែរ។ លោកអះអាងថាប្រសិនបើកម្ពុជាជួបវិបត្តិការនំាចេញសំលៀកបំពាក់កាត់ដេរទៅកាន់បរទេសនោះគឺនឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជា និងប្រទេសចិនខ្លួនឯងផងដែរ។

លោក តេង ដឺលុច ៖«ពាក់ព័ន្ធនឹងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដែរយើងដឹងហើយថាថៅកែភាគច្រើនជាថៅកែជនជាតិចិន ហើយមានមេការភាគច្រើនជាជនជាតិចិន អញ្ចឹងបើវិស័យនោះវាប៉ះពាល់វាមិនត្រឹមតែប៉ះពាល់ដល់ទីផ្សារកម្ពុជានោះទេតែវាក៏ប៉ះពាល់ដល់ទីផ្សារចិនរបស់ខ្លួនដែរអញ្ចឹងគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗគឺផ្អែកលើផលប្រយោជន៏សេដ្ឋកិច្ចពាណិជ្ជកម្មនឹងហើយ»។

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពីថ្មីៗនេះ លោកបាន​ដាក់​គោលដៅ​នៅ​ឆ្នាំ​២០១៧​នេះ​ថានឹង​ទទួល​ទេសចរ​ចិនប្រមាណ​១​លាន​នាក់​និងឈានដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។​

​វិស័យ​ទេ​ចរណ៍​កម្ពុជា​រក​ចំណូល​ជាតិប្រមាណ​៣៤០០​លាន​ដុល្លារ​ស្មើនឹង​១៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​និង​បង្កើត​ការ​ការងារ​ផ្ទាល់​ជាង​៦២​ម៉ឺន​នាក់​ស្មើនឹង​១៣​ភាគរយ​នៃ​ការងារ​សរុប​។​

​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​៣​លាន​៩​សែន​នាក់​ កើន​ទ្បើ​ង​១១.៥​ភាគរយ​និង​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ជាង​៨៤​ម៉ឺន​នាក់​ កើន​ទ្បើ​ង​៣៥.៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន​។​ បើ​តាម​ស្ថានទូត​ចិន​ នៅ​ឆ្នាំ​២០១៦​ចិន   ​វិនិយោគ​មក​កម្ពុជា​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​ ១​ ពាន់​លាន​ដុល្លារ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កសិកម្ម​ជាដើម​៕

Share

Image
Image
Image