en     km
en     km

សម្តេច ស ខេង ប្រកាសឱ្យបន្តដកហូតឯកសារខុសប្រក្រតីពីជនបរទេស

Share

ភ្នំពេញ៖ សម្តេច​ ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ក្រសួងមហាផ្ទៃនៅតែបន្ត និងពង្រឹងការដកហូតឯកសារ​មិន​ប្រក្រតីដែល​ជនបរទេសកំពុងកាន់កាប់។ ការប្រកាសនេះធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ ដកហូត​​​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតីដែល​ជនបរទេស​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅទៅស្តីការក្រសួងមហាផ្ទៃ។

នេះបើយោងតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ។ យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា ចំនួនជិត ៤ម៉ឺនច្បាប់ ស្មើនឹងជាង ២ម៉ឺនគ្រួសារ សរុបចំនួនមនុស្សមានជិត ៧ម៉ឺននាក់ ក្នុងនោះមាន ១០សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម។

ឯកសារមិន​ប្រក្រតីដែលសមត្ថកិច្ចដកហូត​ទាំងនោះរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាដើម។​

​សម្តេច​ ស ខេង មានប្រសាសន៍ថា “​បើ​យើង​មិន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ទាំងនេះ​ទេ នោះ​ជនបរទេស​ជិត ៧​ម៉ឺន​នាក់​នេះ នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ ដោយ​ស្វ​យ​ប្រវត្តិ​។ នេះ​ជា​កំហុស​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុងការ​ផ្តល់​លិខិត​ឯកសារ​រដ្ឋបាល មិន​ប្រក្រតី​ទាំងនោះ ដល់​ជនបរទេស​។ រីឯ​ជនបរទេស ដែល​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងនោះក៏​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។ ម្យ៉ាងទៀត នៅពេលនេះ បើ​យើង​មិន​ធ្វើ នោះ​យើង​នឹង​ខុស ហើយ​កំហុស​នេះ នៅ​ស្ថិត​ស្ថិរ និង​ជា​កំហុស​ប្រវត្តិសាស្ត្រ​”​។​

​សូមបញ្ជាក់ថា ក្នុងយុទ្ធនាការដកហូតឯកសារខុសប្រក្រតីពីជាបរទេសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ទទួល​ពាក្យសុំ​ប្រកាស​ទទួលស្គាល់ ជា​ជនបរទេស​អន្តោប្រវេសន៍ចំនួនជាង ៧ម៉ឺនឯកសារ មាន​មនុស្សជាង ៣ម៉ឺនគ្រួសារនិង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅ​កម្ពុជា ចំនួនជាង ៦ម៉ឺនឯកសារសរុបចំនួន​មនុស្សមានជិត ៣ម៉ឺនគ្រួសារ ដែលក្នុងនោះមាន ១១​សញ្ជាតិ​៕​

Share

Image
Image
Image