សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជំទាស់ទៅនឹងការបង្កើតគណបក្សថ្មី របស់លោក ញឹក ប៊ុនឆៃ បន្ទាប់ពីគណបក្សដែលទើបនឹងបង្កើតថ្មីមួយនេះ បានយកនិមិត្តសញ្ញា ឬ Logo ចាស់របស់គណបក្សហ្វ៊ិនស៊ិនប៉ិច ដែលមានរូបវិមានឯករាជ្យ និងមានរស្មីព័ទ្ធជុំវិញ មកធ្វើជាស្លាកសញ្ញាបក្សរបស់ខ្លួន។
លិខិតផ្ញើទៅសម្តេច ស ខេង ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឡាយព្រះហស្តលេខាដោយ សម្តេចក្រុមព្រះ នរោត្តម រណរិទ្ធកាលពីថ្ងៃទី០៣ ខែកុម្ភៈ បានសរសេរថា ព្រះអង្គបានជំទាស់ទុកជាមុនចំពោះឈ្មោះ និងនិមិត្តសញ្ញាគណបក្ស៖ «ខ្មែររួបរួមជាតិ» របស់លោក ញឹក ប៊ុនឆ័យ ដែលទើបនឹងបង្កើតថ្មី និងគ្រោងដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើតគណបក្សជាផ្លូវការ។
លិខិតជំទាស់នេះ ដោយសារតែ គណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២គណបក្សហ្វ៊ុនស៊ិនប៉ិច បានយកនិមិត្តសញ្ញា ឬLogo រូបវិមានឯករាជ្យ មកធ្វើជាសញ្ញាសម្គាល់បក្សរបស់ខ្លួន។
លិខិតរបស់សម្តេចក្រុមព្រះបានសរសេរទៀតថា អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរំលោភលើច្បាប់ គណបក្សនយោបាយ ហើយព្រះអង្គស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធាន សមស្រមណាមួយទៅលើ ការបង្កើតគណបក្សថ្មីនេះផងដែរ។
ក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ដោយសារផ្អែកតាមមាត្រា១១ នៃច្បាប់គណបក្សនយោបាយ មិនអនុញ្ញាតឱ្យគណបក្សណា យកឈ្មោះ និងសញ្ញាគណបក្ស ដែលមានកន្លងមក ដោយចម្លង ឬកែសម្រួលយកទៅប្រើប្រាស់ សំគាល់គណបក្សខ្លួនឡើយ។
ហើយក្នុងឋានៈព្រះអង្គជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គមិនអនុញ្ញាតឱ្យបុគ្គលណា ឬក្រុមណា រៀបចំសមាជបង្កើតគណបក្សមួយថ្មីជំនួសគណបក្សហ្វ៊ុនស៊ិនប៉ិចនោះទេ។
លិខិតរបស់សម្តេចក្រុមព្រះបានបញ្ជាក់បន្ថែមថា គណបក្សហ៊ុន ស៊ិនប៉ិច ចាត់ទុកនិមិត្តសញ្ញាវិមានឯករាជ្យ មានអក្សរកាត់ រ.រ.ជ.ក.ឯ.អ.ស.ស មានន័យថា រណសិរ្យ រួមរូមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អាព្យាក្រិត សន្តិភាព និងសហប្រតិបត្តិ គឺជាស្លាកសញ្ញាដែលគណបក្សធ្លាប់ប្រើប្រាស់ សំគាល់ជារៀងរហូតមក ថាជាចំណែកនៃប្រវត្តិសាស្ត្រកំណើតរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យក្រុមណា ឬគណបក្សណាយកទៅប្រើប្រាស់បានឡើយ។
ថ្លែងនៅក្នុងសន្និសិទកាសែតនៅឯគេហដ្ឋានរបស់ខ្លួន កាលពីម្សិលមិញ លោកញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានចាកចេញពីគណបក្សទៅបង្កើតគណបក្សថ្មី បានពន្យល់ពីមូលហេតុដែលយក និមិត្តសញ្ញា ឬLogo រូបវិមានឯករាជ្យទៅធ្វើជាសញ្ញាសម្គាល់បក្សថ្មីរបស់លោក ដោយសារចង់រក្សាមរតកដើមរបស់បក្សហ្វ៊ុនស៊ិនប៉ិច ដែលព្រះបាទសីហនុបានបន្សល់ទុក។ លោកថា បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាងមកធ្វើជាប្រធានបក្សហ្វ៊ុនស៊ិនប៉ិចឡើងវិញនៅឆ្នាំ ២០១៥ ព្រះអង្គបានបោះចោលLogo ចាស់នេះ ទៅបង្កើតLogo ថ្មី ដែលលោកនិងអ្នករាជានិយមមួយចំនួនមិនពេញចិត្ត៕