en     km
en     km

សម្ដេច ហ៊ុន សែន ផ្ញើសារនយោបាយចំពេលលោក កឹម សុខាទទូចឱ្យមានយុត្តិធម៌ពិត

Share

ភ្នំពេញ៖ មេដឹកនាំនយោបាយ ល្បី២រូប ម្នាក់ជាមេដឹកនាំកំពុងកាន់អំណាច និងម្នាក់ទៀត ជាមេដឹកនាំ បក្សប្រឆាំង នៅថ្ងៃនេះបានផ្ញើសារ នយោបាយ ទៅកាន់ជនរួមជាតិ ដោយមានអត្តន័យ ដូចគ្នា គឺ សន្តិភាព ។ សម្ដេចនាយករដ្ឋមន្ត្រីថាសន្តិភាព មិនងាយបង្កើតឡើងភ្លាមៗទេ គឺត្រូវតែនាំគ្នាការពារ ឱ្យបានគង់វង្ស ។ ប៉ុន្តែលោក កឹម សុខា មេបក្សប្រឆាំងម្នាក់ ដែលកំពុងលាក់ខ្លួនថ្លែងថាកម្ពុជាគួរ​មាន​សន្តិភាពពិត សេរីភាពពិត និង យុត្តិធម៌ពិត គឺសម្រាប់ខ្មែរគ្រប់ៗគ្នា ។ មតិលើកឡើង​របស់​អ្នក​នយោ​បាយល្បីឈ្មោះទាំង២រូបនេះ នាំឱ្យ អ្នកវិភាគ សាទរប៉ុន្តែទទូចឱ្យមានស្មារតីជាតិតែមួយ ក្នុង​នាមជា​ខ្មែរ​ដូច​គ្នា ។ លោក លៀ ស៊ីណា ជូន សេចក្ដីរាយការណ៍ ៖

hun-sen-text
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅខេត្ដព្រះសីហនុ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោចក្រទី ១០០ នៃតំបន់សេដ្ឋកិច្ចព្រះហនុ។ រូបភាពពី ៖ Facebook សម្ដេច ហ៊ុន សែន

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដផ្ញើនយោបាយជាថ្មីទៀតក្នុងឋានៈជាប្រធានគណបក្ស កំពុងកាន់អំណាចដោយបង្ហាញការប្ដេជ្ញាចិត្ដ ក្នុងការការពារសមិទ្ធិផល ទាំងឡាយ ស្របពេលលោក កឹម សុខា ដែលកំពុងរងការនាំខ្លួនទៅតុលាការ ទទូចឱ្យមានសេរីភាព យុត្តិធម៌ពិត សម្រាប់ខ្មែរទាំងអស់គ្នា ។

ប្រសាសន៍របស់នាយករដ្ឋមន្ដ្រីធ្វើឡើងនៅថ្ងៃនេះ នៅចំពោះមុខកម្មកររាប់ពាន់នាក់ នៅខេត្ដព្រះសីហនុ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោចក្រទី ១០០ នៃតំបន់សេដ្ឋកិច្ចព្រះហនុ ។
សម្ដេច នាយករដ្ឋមន្ដ្រីបាន ទទូចឲ្យកម្មករជួយបន្ដគាំទ្រសមិទ្ធិផល របស់រាជរដ្ឋាភិបាល បន្ដទៀត ហើយខណៈនេះសម្ដេចបានប្ដេជ្ញាខិតខំការពារសន្ដិភាពយូអង្វែងទៅមុខទៀត ។

សម្ដេច ហ៊ុន សែន ៖ «កម្មករ កម្មការនី ក៏ដូចជាជនរួមជាតិរបស់យើង នៅបន្ដគាំទ្រ សម្រាប់ការអភិវឌ្ឍន៍
បែបនេះតទៅទៀត ជាជាងមានភាពចលាចលកើតឡើង ។ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាអ្នកដឹកនាំសកម្មម្នាក់ក្នុងគណបក្សប្រជាជន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ដ្រីនៅពេលនេះ និងជាបេក្ខជន
នាយករដ្ឋមន្ដ្រីនៅពេលក្រោយទៀត ខ្ញុំប្ដូរផ្ដាច់ការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងជំរុញការ
អភិវឌ្ឍន៍ឲ្យលើសជាងពេលនេះថែមទៀត»

នៅ ខណៈ សម្ដេច ហ៊ុន សែន និយាយពីការការពារសន្តិភាព លោក កឹម សុខា ប្រធានស្ដីទី
គណបក្សសង្គ្រោះជាតិដែល លាក់ខ្លួន ពីការនាំខ្លួនទៅតុលាការក៏បានផ្ញើសារនយោបាយដល់អ្នកគាំទ្រ
របស់លោក អំពីអ្វីដែលលោកថា លទ្ធិប្រជាធិបតេយ្យ និង សន្ដិភាពនៅកម្ពុជា មិនទាន់គ្រប់គ្រាន់នៅឡើយ ។

លោកបានថ្លែងថា ពិធីសូត្រមន្ដនៅថ្ងៃនេះគឺចង់ឲ្យប្រទេសជាតិទាំងមូលជួបតែសន្ដិភាព យុត្ដិធម៌ សេរីភាព ទាំងអស់គ្នា ។

kem-sokha-07-06-16-WMC
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថ្លែងពិធីសូត្រមន្ដនៅថ្ងៃនេះ

លោក កឹម សុខា៖ «ដែលយើងប្រារព្ធពិធីថ្ងៃនេះ គឺសូមឧទ្ទិសដល់គុណបុណ្យទាំងអស់ធ្វើយ៉ាងណា ឲ្យទឹកដីកម្ពុជាមានសន្ដិភាពពិត សន្ដិភាពសម្រាប់ទាំងអស់គ្នា មានយុត្ដិធម៍ពិត យុត្ដិធម៍សម្រាប់ទាំងគ្នា សេរីភាពពិតគឺសេរីភាពសម្រាប់ទាំងអស់គ្នា ខ្មែរមានសិទ្ធិទាំងអស់គ្នា ខ្មែរឈ្នះទាំងអស់គ្នា »

លោក កឹម សុខា បានថ្លែងដូចនេះ នៅក្នុងពិធីសូត្រមន្ត នៅស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់
ចាក់អង្រែលើ ទីដែលលោក លាក់ខ្លួន ពីការនាំខ្លួន គឺ១៤ថ្ងៃមកហើយ ។

សារនយោបាយរបស់អ្នកនយោបាយ ទាំង២នេះ កើតជួន កំដៅនយោបាយនៅបន្តកើនឡើង ដែលអ្នកវិភាគ ទទូចថា ខ្មែរមានឈាមជ័រតែមួយ មិនគួរគុំគួនគ្នា ផ្ដួលគ្នានោះទេ ។

លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយពិនិត្យ ឃើញថា សារនយោបាយ របស់ សម្ដេច ហ៊ុន សែន និងលោក កឹម សុខា គឺជាព្រឹត្តិការណ៍គួរសាទរព្រោះ តាមសម្ដី សំដៅ មានន័យប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែលោកទទូច ឱ្យអ្នកនយោបាយ កុំមានល្បិច ផ្ដួលគ្នា គឺត្រូវយល់យោគគ្នា ។ លោកថាបើអ្នកនយោបាយបែកបាក់គ្នា គឺពលរដ្ឋជាអ្នកគាំទ្រ ក៏បែបបាក់គ្នាដែរ ។

លោក សូចន្ថា៖ «អ្នកនយោបាយគួរចៀសវៀងការយករឿងបុគ្គលមកវាយប្រហារ គ្នាជាសាធារណៈព្រោះទង្វើ
នេះគឺជាការធ្វើឲ្យពលរដ្ឋមានការបែងចែកបក្សពួកពណ៍សប្បុរ ដូច្នេះដើម្បីឲ្យកម្ពុជាយើងឈាន
ទៅរកការអភិវឌ្ឍន៍មានសន្ដិភាពពិតប្រាកដ គឺអ្នកនយោបាយត្រូវឈរលើគោលការណ៍ប្រជាធិបតេយ្យ ប្រគួតប្រជែងគ្នាតាមវប្បធម៍ប្រជាធិបតេយ្យ»

ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន កាលពីថ្ងៃចន្ទទី៦មិថុនា ក៏បានថ្លែង ទទូចឱ្យអ្នកគាំទ្រ បក្សនយោបាយ
មួយ កុំការពារមនុស្សខិលខូច ដែលលោកថានាំឱ្យអន្តរាយដល់បក្ស ។

ប្រសាសន៍របស់សម្ដេច ហ៊ុន សែន បើទោះជាលើកឡើងមិនចំឈ្មោះ ក៏គេអាចគិតថាជាការថ្លែងទៅកាន់ គណបក្សសង្គ្រោះជាតិ ដែលកំពុងជួយការពារ លោក កឹម សុខា ពីការនាំខ្លួន ឡើងតុលាការ ៕

Share

Image
Image
Image