en     km
en     km

សម្ដេច ហ៊ុន សែន ប្រកាសសុំជំនួយពីចិនជាបន្ទាន់ក្នុងដំណើរទស្សនកិច្ចខាងមុខនេះ

Share

ភ្នំពេញ៖ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សម្ដេច នឹងស្នើសុំទៅភាគីចិន ក្នុងការផ្ដល់ជំនួយឥណទានមកកម្ពុជាបន្ថែមទៀត ព្រោះកម្ពុជាត្រូវការជំនួយរបស់ចិន ពាក់ព័ន្ធនឹងវិស័យវារីអគ្គីសនីសម្រាប់តបណ្ដាញភ្លើងទូទាំងប្រទេសកម្ពុជា។

លោក សោមលាភ រាយការណ៍៖

 

ថ្លែងក្នុងពីធីសម្ភោធវារីអគ្គីសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៧ ខែធ្នូនេះ សម្ដេច ហ៊ុន សែនថា កម្ពុជាត្រូវការកម្ចីពីចិនជាបន្ទាន់បន្ថែមទៀតដើម្បីបំពេញតម្រូវការពាក់ព័ន្ធនឹងអគ្គីសនីនៅកម្ពុជា។

វារីអគ្គិសនីសេសានក្រោម២ ផ្តល់ថាមពលអនុភាព ៤០០ មេហ្គាវ៉ាត់នៅកម្ពុជាក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន មានទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ដាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។

វារីអគ្គីសនីនេះ ជាប្រភេទនៃការវិនិយោគរួម ខណៈដែលទុនវិនិយោគរបស់ចិនមានច្រើនជាងគេ។

សម្ដេច ហ៊ុន សែន រំលឹកថា ប្រភពនៃគម្រោងវារីអគ្គីសនីនៅកម្ពុជា មានចំនួន ៧ គម្រោង ហើយគម្រោងចំនួន ៦  គឺមានប្រភពទុនវិនិយោគមកពីប្រទេសចិនទាំងអស់ ខណៈដែលគម្រោងទី ៧ នេះ គឺវារីអគី្គសនីសេសានក្រោមពីរ ដែលជាគម្រោងរួម។ 

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានជម្រុញឱ្យអ្នកវិនិយោគរបស់ខ្លួន មកនិយោគនៅកម្ពុជា ពិសេសខណៈពេលដែលមានហេតុការនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលចិននៅតែអនុវត្តគម្រោងវិនិយោគនៅកម្ពុជា។

សម្ដេច ហ៊ុន សែន រំលឹកគុណបំណាច់របស់ចិន ដែលបានតភ្ជាប់ និងសាងសង់ផ្លូវជាតិលេខ៦ តាមបណ្ដាខេត្តមួយចំនួន ខណៈពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។

ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបញ្ជាក់ថា​ បើទោះបីជាចិនមានគុណសម្បត្តិជួយជំនួយជាលុយ ជាគម្រោងសាងសង់ផ្សេងៗដល់កម្ពុជាក៏ពិតមែន ក៏ប៉ុន្តែជំនួយទាំងនោះ នៅមិនទាន់គ្រប់គ្រាន់នឹងតម្រូវការកម្ពុជានៅឡើយនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងផ្ដាំផ្ញើតាមរយៈវិនិយោគគិនចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចនៅពេលខាងមុខរបស់សម្ដេច គឺសម្ដេចនឹងស្នើសុំខ្ចីឥណទានបន្ថែមទៀត ដើម្បីផ្គត់ផ្គង់វិស័យអគ្គីសនីនៅកម្ពុជា។

សម្លេង សម្ដេច ហ៊ុន សែន ៖ ហើយទុនដែលយើងអាចរកបាន ប្រភពទុន គឺពីចិន អ៊ីចឹងទេ សុំជម្រាបឯកឧត្តមអគ្គរដ្ឋទូតថ្មីផងថា ទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខ ការចរចា គឺនឹងផ្ដោតទៅលើការស្នើសុំ ឥណទានយ៉ាងគំហុកមួយ ដើម្បីតបណ្ដាញអគ្គីសនី សម្រាប់កម្ពុជា។ សូមជម្រាបទៅឯកឧត្តមប្រធានាធិបតី Xi Jinping និងឯកឧត្តមនាយករដ្ឋមន្ត្រី Li Keqiang។ ជម្រាបទៅពួកគាត់ ថាយើងខ្ញុំមានតម្រូវការក្រៅពីតម្រូវការទៅលើបញ្ហាការកសាងផ្លូវថ្នល់ ទៅលើបញ្ហាការកសាងប្រឡាយទឹក យើងខ្ញុំត្រូវការនូវទុនដើម្បីកសាង នូវបណ្ដាញចែកចាយអគ្គីសនី

គិត​មកដល់​ចុង​ឆ្នាំ ២០១៨​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​កម្ពុជា​ជិត​ប្រាំមួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នេះ​ថវិកា​សរុប​ជាង​បួន​ពាន់​លាន​ដុល្លារ គឺជា​ថវិការ​ជំពាក់​ដែល​មាន​ការប្រាក់​ទាប។

តាមសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៩ បញ្ជាក់ថា រាជរដ្ឋា​ភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​បរទេសប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​៕ (អត្តបទដោយ៖ សោម លាភ )

Share

Image
Image
Image