en     km
en     km

សម្ដេច ហ៊ុន សែន បន្តថ្លែងអំណរគុណមេដឹកនាំចិន ខណៈអាមេរិកបន្ថែមទណ្ឌកម្ម

Share

គេបានឃើញលិខិតរបស់មេដឹកនាំចិន គឺទាំងលោកប្រធានាធិបតីស៊ីជីនភីង និងនាយករដ្ឋមន្ត្រីលីឃឺឈាងបានសាទរសម្ដេចនាយករដ្ឋមន្ត្រី តាំង ពីថ្ងៃទី ៣០កក្កដា ដោយបានអបអរសាទរជាខ្លាំងដល់សម្ដេច ហ៊ុន សែន ដែលបក្សប្រជាជជនកម្ពុជាបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះ ឆ្នោតសភាអាណត្តិថ្មីនេះ។ តែយ៉ាងនេះ លិខិតឆ្លើយតបរបស់ សម្ដេច ហ៊ុន សែន ជូនមេដឹកនាំចិនទាំងពីររូបនេះទើបធ្វើឡើងនៅថ្ងៃទី ១៥សីហាម្សិលមិញនេះ។ មេដឹកនាំទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក។ តែទន្ទឹមនឹងនេះ អាមេរិកបានប្រកាសបន្ថែមទណ្ឌកម្មទៀតលើកម្ពុជា។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍​!

គេបានឃើញលិខិតរបស់មេដឹកនាំចិនដែលសាទរ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងភ្លាមៗ គឺមួយថ្ងៃប៉ុណ្ណោះនៃការបោះឆ្នោតសភាកាលពីថ្ងៃទី ២៩កក្កដា ។ លិខិតជូនពររបស់មេដឹកនាំចិនទាំងពីររូបដែលមានតំណែងខ្ពស់ បំផុតនៃគណបក្ស កម្មុយនិស្តចិន មានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយលើកឡើងអំពីតម្លៃនៃទំនងទំនង និងសហប្រតិបត្តិការជាមិត្តភាព ដ៏រឹងមាំ និងយូរអង្វែងទៅមុខទៀត។    

តាមរយៈលិ​ខិតនេះ មេដឹកនាំចិន បញ្ជាក់ថាប្រទេសចិនមានសេចក្តីរីករាយជាខ្លាំងដោយឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ។  ជាងនេះទៅទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សការបង្កើនឋានៈក្នុងឆាកអន្ដរជាតិជាបន្តបន្ទាប់និងការសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនក្នុងគ្រប់វិស័យ។

តាមរយៈលិខិតទាំងពីររបស់មេដឹកនាំចិន គណបក្សកុម្មុយនិស្តចិនក៏សម្ដែងការរីករាយដោយសន្យាពង្រឹងការដឹកនាំនយោបាយទៅលើទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការទាក់ទងគ្នារវាងបក្សទាំងពីរ បង្កើនឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងបក្សនិងគ្រប់គ្រងប្រទេសជាតិ។

កម្ពុជា និងចិនក៏នឹងជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឈានទៅដល់ការរួបរួមគ្នាឆ្ពោះទៅកាន់ការបង្កើតសហ គមន៍រួមវាសនាមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងការរីកចម្រើននៃតំបន់និងពិភពលោក។

ទំនាក់ទំនងការទូតរវាងចិន និងកម្ពុជាមានរយៈពេល ៦០ឆ្នាំហើយ។

ជាការឆ្លើយតបទៅមេដឹកនាំចិន  សម្ដេចហ៊ុនសែន បានថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោក ស៊ី ជិនពីង និងលោក លឺ ខឺឈាង ដែលបានផ្ញើសារអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណទៅមេដឹកនាំចិនថា សម្ដេច មានក្ដីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការសាទររបស់ភាគីចិន ចពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះម្ដងទៀត។

សារលិខិតរបស់សម្ដេចហ៊ុនសែនបានរៀបរាប់ថា៖«ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តសហការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីជម្រុញការផ្លាស់ប្តូរប្រាស្រ័យទាក់ទងគ្នារវាងគណបក្ស និងគណបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជននិងប្រជាជន ហើយនឹងបន្តលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព និងវិបុលភាពរួមនៅក្នុង និងក្រៅតំបន់របស់យើង»។

នៅក្នុងការបោះឆ្នោតនេះ ត្បិតអីប្រទេសចិន ពុំធ្លាប់មានការបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួនដោយចេញពីឆន្ទៈពលរដ្ឋក៏ពិតមែន តែសម្រាប់កម្ពុជា ចិនបានជួយទាំងសម្ភារៈ ថវិកា និង ដាក់សង្កេតការណ៍ទៀតផង។ សម្ដេចហ៊ុនសែន បានសម្ដែងអរគុណជាខ្លាំងដល់មេដឹកនាំចិន ដែលបានជួយកម្ពុជាលើ កិច្ចការបោះឆ្នោត។

ទាក់ទិននឹងទំនាក់ទំនងចិនដែលបន្តរីកចម្រើនកាន់តែខ្លាំងឡើងនេះ អ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ថា ទំនាក់ទំនងជាមួយប្រទេសចិន មានយូរលង់ណាស់មកហើយ គឺមិន ដែលមានភាពតានតឹងនឹងគ្នា ហើយឈរលើគោលការណ៍ជាមួយគ្នាហើយចំពោះប្រទេស ណាមិនសាទរការបោះឆ្នោតនេះ គឺមេដឹកនាំមិនមានការថ្លែងចាប់អារម្មណ៍អ្វីទេ។

ខណៈមេដឹកនាំចិនបន្តបន្ថែមសារអបអរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចនាយករដ្ឋមន្ត្រី បែរជាសហរដ្ឋអាមេរិកបន្ថែមការដាក់ទណ្ឌកម្ម។

លោកស្រី Heather Nauert អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន ថា សេតវិមានរបស់លោកដូណាល់ត្រាំ បានសម្រេច ពង្រីកការដាក់ទណ្ឌកម្មមួយកម្រិតទៀតចំពោះសាច់សាលោហិត មន្ត្រីជាន់ខ្ពស់ កម្ពុជា ដោយការរឹបបន្តឹងទិដ្ឋាការចូលអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters ។

តាមអ្នកនាំពាក្យ  អ្វីដែលអាមេរិក បានដាក់លខណ្ឌដូចនេះ​ ដោយសារតែមហាអំណាចនេះ ចាត់ទុក ការរំលាយបក្សសង្រ្គោះជាតិ ថាជាការបំផ្លាញប្រជាធិបតេយ្យ ដែលសហគមន៍អន្តរជាតិបានជួយស្ដារអោយរស់ឡើងវិញ។

ឆ្លើយតបនឹង វិធានការថ្មីរបស់អាមេរិក  សម្រាប់លោក សុខ ឥសាន្ត ហាក់មិនមានការភ្ញាក់ផ្អើលអ្វីទេ។ លោកថា ជាសិទ្ធិរបស់អាមេរិក ហើយ ចំណែកមន្ត្រីកម្ពុជា ឬ គ្រួសារកម្ពុជាមិនមានបំណងចង់ទៅអាមេរិកដោយខានមិនបាននោះទេ។

សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បតិ្តមន្ត្រីជាន់ខ្ពស់កម្ពុជា មានចំនួន ១៧រូប ក្នុងនោះមានទាំងសម្ដេចហ៊ុន សែន ផងដែរ។តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានទទូចថា ដើម្បីកុំមានវិធានការនេះបន្តអនុវត្ត គឺបក្សកាន់អំណាចត្រូវជួបចរចាជាមួយបក្សប្រឆាំងឡើងវិញ ដោយត្រូវដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ បញ្ឈប់ការបង្រ្កាបក្រុមប្រឆាំងហើយស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

 

 

Share

Image
Image
Image