en     km
en     km

សម្ដេច ហ៊ុន សែន ថាជំនួយចិនជួយអភិវឌ្ឍន៍ទប់សា្កត់ការប៉ុនប៉ងរំលំរាជរដ្ឋាភិបាល

Share

កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខនិស្សិតកម្ពុជាជិត ៥០០នាក់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងប្រទេសចិន។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានថ្លែងថា ការជួយរបស់ចិន ដើម្បីការធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់រូបភាពទាំងអស់។នេះបើតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ដែលចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី២១មករានេះ។

តាមប្រភពដដែល ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន ក៏បានលើកឡើងអំពីការរិះគន់របស់បរទេសមួយចំនួនដែលចោទកម្ពុជាកាត់ដីឲ្យចិន។ សម្តេច បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់បរទេសទាំងនោះ ក៏ព្រោះតែឃើញចិនវិនិយោគច្រើននៅកម្ពុជា ខណៈពួកគេមិនបានជួយអ្វីសោះដល់កម្ពុជា។

សម្តេច បានបន្ថែមទៀតថា ប្រទេសនៅលើពិភពលោកនេះកំពុងតែធ្វើការទាក់ទាញអ្នកទេសចរចិនខ្លាំងណាស់ រាប់ទាំងប្រទេសជិតខាងកម្ពុជា ក៏កំពុងតែមានការទាក់ទាញ់អ្នកទេសចរ និងអ្នកវិនិយោគទុនចិនផងដែរ។

សូមជម្រាបថា សម្ដេចហ៊ុនសែន បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅប្រទេសចិន មានរយៈពេល៤ថ្ងៃ។ ក្នុងទស្សនកិច្ចនេះ សម្ដេចនឹងជួប ពិភាក្សា ជាមួយ​មេដឹកនាំចិន មាន​ប្រធានាធិបតីស៊ីជីនភិងនិង នាយករដ្ឋមន្ត្រីលីកែឈាង៕

 

Share

Image
Image
Image