en     km
en     km

សម្ដេច ហ៊ុន សែន ចូលរួមរំលែកទុក្ខជូននាយករដ្ឋមន្រ្ដីជប៉ុនករណីបាក់ដីនិងគ្រោះទឹកជំនន់

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានសរសេរលិខិតមួយផ្ញើទៅកាន់សមភាគី ជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងបំណងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន អំពីហេតុការណ៍បាក់ដី និងគ្រោះទឹកជំនន់ ដែលធ្វើអោយមនុស្សជាច្រើននាក់បាត់បង់ជីវិត និងបាត់ខ្លួន។ នៅក្នុងលិខិតរបស់សម្ដេច ហ៊ុន សែន ផ្ញើជូនលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្ដីជប៉ុន គឺធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ។

នៅក្នុងខ្លឹមសារនៃលិខិតនេះបានបញ្ជាក់ដូចនេះថា៖«តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្ដម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការបាតត់បង់ដ៏ធំធេងនេះ។ខ្ញុំសូមឯកឧត្ដមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងមនោសញ្ចេតនាសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»។

សូមបញ្ជាក់ដែរថា តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍ជប៉ុនNHKអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងហេតុការណ៍បាក់ដីនៅប្រទេសជប៉ុនបានកើនឡើង ១៧៩នាក់ ខណៈ​រាប់សិប​នាក់​ទៀត ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​ ហើយជាង ២លាននាក់ទៀត រងគ្រោះដោយសារ​​ភ្លៀង​ដ៏​ជោគ​ជាំ​នៅ​ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន​ដែលផ្ទុះឡើងកាល​ពី​ថ្ងៃសៅរ៍ ទី៧ កក្កដា។

កាលពីម្សិលមិញនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់នៅឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងណាស់បើធៀបនឹងឆ្នាំកន្លងមក។ លោកបានសម្រេចលុបចោលការធ្វើដំណើរទៅបរទេសដោយសារតែហេតុការណ៍នេះ។ កាល​ពី​ខែ​សីហា ​ឆ្នាំ២០១៤ ជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​ដូចនេះដែរ ​បាន​កើត​ឡើងនៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ ដោយ​សម្លាប់​មនុស្ស ៧៧​នាក់ បង្ក​ឲ្យ​បាក់​ដី និង​បំផ្លាញ​ផ្ទះ​សម្បែងរបស់ប្រជាជនយ៉ាងច្រើន៕

Share

Image
Image
Image