en     km
en     km

សម្ដេច ហ៊ុន សែន៖ វិមានឈ្នះឈ្នះ គឺឈ្នះប្រាំយ៉ាង

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា វិមានឈ្នះឈ្នះ គឺដើម្បីជាការបញ្ជាក់ថា កម្ពុជាឈ្នះលើ ៥ យ៉ាង ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញបែបនេះរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងមុនពេលមួយថ្ងៃ ដែលជាថ្ងៃសម្ភោធវិមានឈ្នះឈ្នះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ធ្នូ ២០១៨ ។

សម្ដេចសរសេរបន្ថែមទៀតថា កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមានឈ្នះឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ទៀតថា វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

វិមានឈ្នះ ឈ្នះ បញ្ជាក់ថា កម្ពុជាឈ្នះទៅលើ ៥ យ៉ាង គឺឈ្នះដោយរួចផុតពីសង្រ្គាម ឈ្នះ រួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះ រួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះ រួចផុតពីភាពក្រីក្រ និងឈ្នះ រួចផុតពីការអុចអាលដោយបរទេស ។

យ៉ាងណា សម្ដេច ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធវិមានឈ្នះឈ្នះឱ្យបានគ្រប់គ្នា ។  

​ក្នុងកិច្ចសម្ភាសកន្លងមកជាមួយវិទ្យុស្រ្ដី លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បានឱ្យដឹងថា​ នៅថ្ងៃដែលវិមាន​ឈ្នះ​ឈ្នះ​ដាក់​សម្ពោធ​ជា​ផ្លូវការ ​នឹង​មានការ​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​កងទ័ព​ដូច​ជា​ ស្តង់​ដាក់​បង្ហាញ ​សមិទ្ធផល​នានា​របស់​កង​វិស្វកម្ម​ និង​សមិទ្ធ ផល​របស់​កងរាជអាវុធហត្ថ​ ដែល​សម្រេច​បាន​ចាប់តាំងពី​ការ​ករ​កើតឡើង​រហូត​ដល់​បច្ចុប្បន្ន​ ដែលចាប់ផ្ដើមម៉ោង៦ព្រឹក រហូតដល់ថ្ងៃទី ៣១ ខែធ្នូ នៃថ្ងៃឆ្លងឆ្នាំសកល។​

​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​មក​ ប្រទេស​កម្ពុជា​បាន​សាងសង់​រូបសំណាក​ជា​ច្រើន​ ដើម្បី​បញ្ជាក់​ការ​ដឹកនាំ​ប្រទេស​ ក្នុង​នោះ​ វិមាន​អនុស្សាវរីយ៍​នៃ​កងទ័ព​វៀតណាម​ចូល​មក​រំដោះ​កម្ពុជា​ពី​របប​កម្ពុជា​ប្រជា​ធិ​ប​តេ​យ្យ​ផង​ដែរ​។​ រូបសំណាក ​ឬ​ស្តូប​អនុស្សាវរីយ៍​នេះ​ ត្រូវ​បាន​សង់​ឡើង​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។

សូម​រម្លឹកថា​ ស្តូប​វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម​សាងសង​កាលពី​ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​។​ វិមាន​ឈ្នះ​ឈ្នះ​សាងសង់លើ​ទំហំ​ដី​ ៨​ហិកតា​ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ដែល​ជា​អំណោយ​របស់​លោក​ឧ​ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​៕​

 

 

 

Share

Image
Image
Image