en     km
en     km

សម្ដេច ហ៊ុន សែន៖ កម្ពុជាជាប្រទេសមហាអំណាចវប្បធម៌

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចថា កម្ពុជា ជាប្រទេសមហាអំណាចវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ការបង្ហាញបែបនេះ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨នេះ។

ក្នុងសំណេរលើទំព័រហ្វេសបុករបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបែបនេះ ក្រោយពេលដែលអង្គការយូនេស្កូដាក់បញ្ជូលល្ខោនខោលកម្ពុជាជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន នៅថ្ងៃនេះដដែល  បានចូលរួមជាអធិបតីក្នុងការប្រារព្ធពិធីអបអរសាទរខួបទី ២៥ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅសណ្ឋាគារសុខាសៀមរាប។

នាយករដ្ឋមន្ត្រីកម្ពុជាសរសេរលើទំព័រហ្វេសបុកបន្ថែមទៀតថា ការប្រារព្ធពិធីនេះជាការអបអរសាទរនូវភាពជោគជ័យដែលកើតចេញមកពីយន្តការរបស់ អាយ ស៊ី ស៊ី អង្គរ។

ជាងនេះ ក៏ដូចជាការបង្ហាញពីមោទនភាពជាតិរបស់កម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងជាការលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ការសម្តែងនូវកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជនដែលពលីដើម្បីបុព្វហេតុជាតិ។  

កម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរិយធម៌ ប្រពៃណី ប្រវត្តិសាស្ត្រដ៏ចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ វប្បធម៌ ពិតជាមានសារសំខាន់ណាស់សម្រាប់ជាតិ ដូចពាក្យស្លោកបុរាណខ្មែរមួយបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាង។

វប្បធម៌ខ្មែរដ៏ល្អផូរផង់ ត្រូវបានខូចខាតដោយសារសង្គ្រាមយ៉ាងដំណំ។ មកដល់សត្សវត្សទី ២១នេះ វប្បធម៌ខ្មែររិតតែទទួលការគម្រាមកំហែងស្ទើតែបាត់បង់ពីសង្គមមួយនេះ ខណៈដែលវប្បធម៌របស់មជ្ឈឹមប្រទេសវាយលុកយ៉ាងខ្លាំង ដែលអាចអូសទាញយុវជនមួយចំនួនឱ្យភ្លើតភ្លើនជាមួយ និងភ្លេចនូវវប្បធម៌របស់ខ្លួន៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image