en     km
en     km

សម្ដេច ហ៊ុន​ សែន ៖ឆ្នាំ២០១៨ត្រូវកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យនៅតិចបំផុត

Share

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះបានជម្រុញអោយពលរដ្ឋគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងមាត់ ហើយប៉ូលីសចរាចរណ៍ត្រូវតែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពដោយធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍ឆ្នាំ ២០១៨នេះ អោយនៅតិចបំផុត។

ប្រសាសន៍របស់នាយករដ្ឋមន្រ្ដីបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅរោងចក្រតំបន់ផ្សារសាំហាន់ដែលមានកម្មករចូលរួមប្រមាណជាង ១ម៉ឺននាក់។

ក្នុងឱកាសនេះ សម្ដេចបានបង្ហាញកំហឹងមួយទៅលើស្រ្ដីម្នាក់ដែលបំពានច្បាប់ចរាចរណ៍ហើយ បែរជាក្រអឺតក្រទមថែមទៀត។ ដោយសាររឿងនេះសម្ដេចនាយករដ្ឋមន្រ្ដីបានដាស់តឿនអោយសមត្ថកិច្ចចាត់ការមនុស្សជំពូកប្រភេទនេះ ដោយយកច្បាប់ចរាចរណ៍មកអនុវត្តម៉ឺងមាត់។

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថា ឆ្នាំ២០១៨ត្រូវរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានតិចបំផុត។

តាមគេហទំព័រដដែលនេះ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេសបានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ រងរបួសចំនួន ៥ ៥៣៩នាក់ ខណៈកាលពីឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៧០០លើក មានអ្នកស្លាប់ចំនួន ១៧១៧នាក់ និងអ្នករងរបួសចំនួន ៦៦០៧នាក់។

យោងតាមរបាយការណ៍ដដែលនេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មាននៅក្នុងខេត្ដចំនួន ១៤ ដែលមានដូចជា ខេត្ដកណ្ដាល ព្រះវិហារ កំពង់ចាម កំពត ស្ទឹងត្រែង សៀមរាប កំពង់ធំ ស្វាយរៀង ព្រះសីហនុ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្ដប៉ៃលិន៕

Share

Image
Image
Image