en     km
en     km

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

Share

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រុញ និងសង្ឃឹមថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បន្តពង្រឹងកិច្ចសហការគ្នាតាមខ្សែបន្ទាត់ព្រំដែន។ នេះបើតាមការចុះផ្សាយលើគេហទំព័រក្រសួងមហាផ្ទៃ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញជំហរបែបនេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងជំនួបរវាងសម្ដេច និងលោក ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម កាលពីល្ងាចថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានអបអរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជាមួយក្រសួងមហាផ្ទៃកន្លងមក ជាពិសេសជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។   

យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រីរូបនេះ  គាំទ្រ និងជម្រុញឲ្យភាគីទាំងពីរ បន្តធ្វើកិច្ចការជាមួយគ្នា ឲ្យកាន់តែផុលផុសថែមទៀត ដើម្បីពង្រឹងកិច្ចស​ហប្រតិបត្តិការរួមគ្នាតាមខ្សែបន្ទាត់ព្រំដែន។

សម្ដេច ស ខេង សង្ឃឹមនឹងជឿជាក់ថា ភាគីទាំងពីរនឹងធ្វើការជា​មួយគ្នាកាន់តែជិតស្និតរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឲ្យខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ គឺជាខ្សែបន្ទាត់ប្រកបដោយកិច្ចសហប្រតិបត្តិការ សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីការរីកចំរើនប្រទេសទាំងពីរ។

លោក ហ្វាង ស៊ុនជៀន សន្យាថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានេះ លោកនឹងបន្តធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ប្រកបដោយស្មារតីមិត្តភាព ធ្វើយ៉ាងណាបន្តពង្រីកនូវចំណងមិត្តភាពជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image