en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ បុណ្យ​អុំ​ទូកបង្ហាញ​ពី​សន្ដិភាព​របស់​កម្ពុជា​

Share

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ថ្លែង​តាម​រយៈ​សំ​ណេ​រ​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ វិច្ឆិកា​ នេះ​ថា​ ប្រសិនបើ​កម្ពុជា​មិន​មាន​សន្តិភាព​ នោះ​កម្ពុជា​ក៏​មិន​អាច​រៀបចំ​ពិធីបុណ្យ​ជាតិ​ធំៗ​ ដូច​ជា​ពិធីបុណ្យ​អុំទូក​ដូច​ថ្ងៃនេះ​ដែរ​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​នេះ​បង្ហាញ​ថា​ ការ​បញ្ជាក់​របស់​សម្ដេច​ ហ៊ុន​ សែន​ ថា​ កម្ពុជា​មាន​សន្តិភាព​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ក្នុង​ឆ្នាំ​ ២០១៨​នេះ​។​ ដោយហេតុ​ថា​ នៅ​ក្នុង​ពិធីបុណ្យ​នេះ​ មាន​មនុស្ស​ចូលរួម​ទស្សនា​ច្រើន​ មាន​ស្ដង់​ទំនិញ​ដែល​ដាក់​តាំងពិព័រណ៍​ មានការ​ប្រគុំ​តន្ត្រី​តាម​ទម្រង់​សិល្បៈ​បុរាណ​ និង​សម័យនេះ​ហើយ​ ទើប​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា​ កម្ពុជា​មាន​សន្តិភាព​ពេញលេញ​។​ សម្ដេច​ ហ៊ុន​ សែន​ សរសេរ​ក្នុង​ទំព័រ​ហ្វេ​សបុ​កថា​ ៖«​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ ទើប​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ប្រចាំឆ្នាំ​បែប​នេះ​បាន​។​ បើ​គ្មាន​សន្តិភាព​ទេ​ ក៏​គ្មាន​ពិធីបុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ​»​។​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​ ដើម្បី​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​។​ សម្រាប់​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២១​ ២២​ និង​២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ ក្នុង​នោះ​មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​ ២៩៥​ ស្មើនឹង​ ១៤៨​គូ​៕ (អត្ថបទដោយលោក សោម លាភ)

Share

Image
Image
Image