en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រាប់​មីន​

Share

cover-Mine-Danger
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​នេះ​ ដោយ​បាន​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ និង​ដៃគូ​ពាក់ព័ន្ធ​ ជា​ពិសេស​អាជ្ញាធរ​ដែនដី​ និង​ពលរដ្ឋ​ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ឡើង​វិញ​នូវ​បញ្ហា​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ទឹកដី​ ភូមិសាស្ដ្រ​របស់​ខ្លួន​ឡើង​វិញ​។​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ពេល​នេះ​ គឺ​ស្រប​ពេល​ដែល​ទិវា​ សកម្មភាព​កំចាត់​មីន​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ស្អែក​នេះ​។​

​លើស​ពី​នេះ​ទៀត​ សម្ដេច​ ហ៊ុន​ សែន​ ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ត្រូវធ្វើ​សកម្មភាព​អប់រំ​ ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ចេះ​ការពារ​ខ្លួន​ពី​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ព្រមទាំង​ដោះស្រាយ​ជា​បន្ទាន់​ នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា​ប្រជាពលរដ្ឋ​ យុវជន​ និង​សិស្សានុសិស្ស​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ប៉ះពាល់​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ ថ្នាក់​ដល់​អាយុជីវិត​។​

​សូម​បញ្ជាក់​ថា​ នៅ​ដើមឆ្នាំ​២០១៦​នេះ​ មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន​មាន​ចំនួន​ ២​ ករណី​។​ ករណី​ទី​១​ គឺ​កសិករ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ កាលពី​ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​បើក​ ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ដាំដំឡូង​ ប៉ះ​ចំ​គ្រាប់​មីន​ប្រឆាំង​រថ​ពាស​ ដែក​ដែល​បាន​បន្សល់​ទុក​ពី​សង្គ្រាម​ ក្នុងស្រុក​ សំពៅ​លូន​ ខេត្តបាត់ដំបង​ និង​ករណី​ទី​២​ គឺ​នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ មាន​ក្មេង​ប្រុស​២​ នាក់​បាន​ស្លាប់​ នៅ​នឹង​ កន្លែង​ និង​ក្មេង​ប្រុស​ ២​នាក់​ទៀត​រង​របួល​ ខណៈ​ដែល​ក្មេង​ប្រុស​ទាំងនោះ​បាន​រើស​គ្រាប់​ B40​ មក​ដំ​លេង​។​ ករណី​នេះ​កើតឡើង​នៅ​ក្នុង​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។​

Mine-Danger

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៤​ របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ (CMAC)​ បាន​រក​ឃើញ​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ សរុប​ជាង​ ១០​ ម៉ឺន​គ្រាប់​លើ​ផ្ទៃដី​ទំហំ​ ១២០​ គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​នោះ​ផ្ទៃដី​អាទិភាព​ដែល​សង្ស័យ​ថា​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គឺ​មាន​ទំហំ​ជាង​ ២០០០​ គីឡូម៉ែត្រ​ក្រឡា​។​

​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈពេល​ជាង​ ២០​ ឆ្នាំ​កន្លង​មកនេះ​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​ មីន​កម្ពុជា​បាន​ធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ទំហំ​ប្រមាណ​ ២៧០០​ គីឡូ​ម៉ែត្រការ៉េ​។​ គិត​មក​ដល់​ពេល​នេះ​មជ្ឈមណ្ឌល​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ ទាន់​ផ្ទុះ​បាន​ចំនួន​សរុប​ជាង​ ២​ លាន​ ៥​ សែន​ ៨​ ម៉ឺន​គ្រាប់​។​

​របាយការណ៍​ដដែល​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​មាន​បញ្ហា​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​ បាន​បន្ដ​ជួយ​ធ្វើការ​អប់រំ​ដល់​កូនចៅ​ និង​សហគមន៍​របស់​ខ្លួន​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ដីធ្លី​ និង​ចៀសវាង​ការ​ប៉ះពាល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ផង​ដែរ​៕

Share

Image
Image
Image