en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ វាយប្រហារ​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ រិះគន់​អំពី​ការ​រុះរើ​រដ្ឋមន្ត្រី​

Share

ភ្នំពេញ៖  បន្ទាប់​ពី​មានការ​រិះគន់​ពី​សំណាក់​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ទៅ​លើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ ថា​ មន្ដ្រី​ដែល​បាន​ផ្លាស់​ចេញពី​មុខ​តំណែង​ ទៅ​កាន់​តួនាទី​ថ្មី​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ជាម​ន្ដ្រី​ មុខ​ដដែលៗ​នោះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​ព្រឹក​មិ​ញ​នេះ​ បាន​ប្រ​តិ​ម្ម​ខ្លាំងៗ​ ទៅ​ក្រុម​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ដែល​បាន​រិះគន់​វិញ​ថា​ ការ​ផ្លាស់​ប្ដូរ​អោយ​មាន​ប្រសិទ្ធិ​ ភាព​ការងារ​មិន​ចាំបាច់​ផ្លាស់​ប្ដូរ​មនុស្ស​នោះ​ទេ​។​

​លោក​ ថា​ មនុស្ស​ថ្មី​មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ការងារ​ ហើយ​មនុស្ស​ចាស់​ផ្លាស់​ប្ដូរ​ចរិត​ការងារ​ថ្មី​ ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ និង​ផ្លាស់​ប្ដូរ​ខ្លាំង​។​ តែ​អ្នកវិភាគ​ និង​តំណាង​បក្ស​ប្រឆាំង​មិន​ទទួលយក​ការ​បកស្រាយ​នេះ​ឡើយ​។​

​ព័ត៌មាន​នេះ​រាយការណ៍​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

រូបភាព៖ ហ្វេសប៊ុកសម្ដេច
រូបភាព៖ ហ្វេសប៊ុកសម្ដេច

ថ្លែង​នៅ​ក្នុង​កម្មវិធី​ដាក់​ឱ្យ​អនុវត្ត​ “​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​”​ លើក​ទី​៣​ នៅ​ឯ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ សម្តេច​នាយក​ រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ មាន​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​វាយប្រហារ​ ថា​ អ្នក​ថ្មី​ និង​អ្នក​ចាស់​ចូល​កាន់​តំណែង​ ដែល​លោក​ថា​រុះរើ​គណៈរដ្ឋមន្ត្រី​គឺ​មនុស្ស​មុខ​ដដែល​។​

​លោក​ចំអក​ថា​ មុខ​ដដែល​ មេ​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​ក៏​ដដែល​ដែរ​ គឺ​គ្មាន​អ្វី​ចម្លែក​ទេ​ហើយ​សំខាន់​បំផុត​ រក្សា​ធនធានមនុស្ស​ឱ្យ​គង់វង្ស​គឺជា​ការ​ប្រសើរ​។​ សម្ដេច​៖​ «​ខ្ញុំ​សូម​ផ្ដាំ​អស់លោក​អ្នក​ បើ​ទោះបី​មុខ​ចាស់​ ក៏​ដោយ​ ប៉ុន្ដែ​ចរិត​ការងារ​ឱ្យ​វា​ថ្មី​ អាហ្នឹង​ហើយ​ការ​ផ្លាស់​ប្ដូរ​ វា​មិន​ចាំបាច់​មុខ​ថ្មី​មានការ​ ផ្លាស់​ប្ដូរ​ទេ​ មុខ​ចាស់​ក៏​ប៉ុន្ដែ​ធ្វើ​សកម្មភាព​ផ្លាស់​ប្ដូរ​ អាហ្នឹង​គឺ​វា​ផ្លាស់​ប្ដូរ​ អា​មុខ​ថ្មី​វា​មិន​ទាន់​ ប្រាកដ​ថា​វា​ផ្លាស់​ប្ដូរ​ទេ​ វា​ផ្លាស់​ប្ដូរ​តែ​មនុស្ស​ ក៏​ប៉ុន្ដែ​អា​មុខ​ចាស់​ដែរ​វា​ផ្លាស់​ប្ដូរ​ទើប​វា​ខ្លាំង​»​។​
​នៅ​ពេល​បកស្រាយ​ហើយ​នោះ​ សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ចំអក​ទៀត​ថា​ លោក​នឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​រហូត​ គឺ​លុះត្រា​សម្ដេច​ខ្ជិល​។​ សម្ដេច​ ហ៊ុន​ សែន​ ថា​៖​ «​និយាយ​ចឹ​ង​ថា​ ខ្ញុំ​មិន​ចង់​ផ្លាស់​ ផ្ទេរ​ឱ្យ​ខ្ញុំ​ទៅ​ណា​ បើ​ប្រជា​ជ​ជន​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ធ្វើ​តែ​ចឹ​ង​ ធ្វើ​រហូត​ទាល់តែ​ខ្ញុំ​ចង់​ខ្ជឹ​ល​ធ្វើ​ហ៎​ អាឯង​ធ្វើ​បក្ស​ប្រឆាំង​ មួយ​ជីវិត​ហើយ​ នៅ​តែ​ប្រឆាំង​ …»​។​

លោក​ យឹ​ម​ សុវណ្
លោក​ យឹ​ម​ សុវណ្

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ ថា​ គណបក្ស​របស់​លោក​បាន​ឈ្នះ​សំឡេង​គ្រប់​អាណត្តិ​ ហើយ​ប្រជាពលរដ្ឋ​លែង​គាំទ្រ​ គឺ​ ត្រូវ​ចាក​ចេញពី​តំណែង​។​

​លោក​ យឹ​ម​ សុវណ្ណ​ ៖​ «​បាទ​!​ អ្នក​ដែល​សម្រេច​ គឺ​ម្ចាស់​ឆ្នោត​  ដូច្នេះ​បើ​ម្ចាស់​ឆ្នោត​សម្រេច​ អោយ​អ្នក​ណា​ម្នាក់​នៅ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ នោះ​គាត់​អាច​បន្ដ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​តទៅ​ទៀ​តំ​ បាន​ តែបើ​ម្ចាស់​ឆ្នោត​សម្រេច​ថា​ ឈប់​ឱ្យធ្វើ​នាយក​រដ្ឋមន្ដ្រី​ គឺ​អ្នក​ណា​ក៏​មិន​អាច​ធ្វើ​ បាន​តទៅ​ដែរ​។​ សំខាន់​ថា​តើ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ មានបាន​ឆ្លុះ​ប​ញ្ជាំ​ង​តាម​ការ​ បោះ​ឆ្នោត​ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​ដែល​រឺ​អត់​?​ នេះ​ជា​បញ្ហា​សំខាន់​»​។​

​លោក​ យឹ​ម​ សុវណ្ណ​ បាន​លើក​ឡើង​បន្ដ​ទៀត​ថា​ នៅ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ និង​កំពុង​ប្រឹងប្រែង​ ចំពោះ​ផលប្រយោជន៍​ជាតិ​ តាម​លទ្ធផល​ដែល​បាន​បង្ហាញ​ ពី​ការ​គាំទ្រ​ របស់​ប្រជាពលរដ្ឋ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​។​

​លោក​ យឹ​ម​ សុវណ្ណ​ ថា​៖​ «​ខ្ញុំ​គិត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ និង​កំពុង​ប្រឹងប្រែង​ចំពោះ​ ផលប្រយោជន៍​ជាតិ​ ហើយ​លទ្ធផល​ស្ដែង​ចេញ​តាម​សម្លេង​គាំទ្រ​នៃ​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់​ អាណត្តិ​ ពីព្រោះ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ កើន​កៅអី​ …»​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រ​ចា​រ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ការ​ដោះ​ដូរ​មនុស្ស​ចាស់​ មិន​ដាក់​មនុស្ស​ថ្មី​ ហើយ​ថែម​រក្សា​ទុក​មនុស្ស​ចាស់​ដដែល​ មិន​មាន​អ្វី​ជា​ទស្សនៈ​ថ្មី​ ដែល​អាច​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​នោះ​ទេ​ ព្រោះថា​ប្រព័ន្ធ​នៃ​ការ​ត្រួតពិនិត្យ​តាមដាន​ និង​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ហាក់ដូចជា​មិន​មាន​។​ លោក​ថា​ ការ​លើក​ឡើង​របស់​សម្ដេច​ ហ៊ុន​ សែន​ គ្រាន់តែ​ជា​ការ​ដោះសារ​បិទ​បាំង​ និង​មិន​ទទួលស្គាល់​ការ​ពិតតែ​ប៉ុណ្ណោះ​។​

​សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​៖​ «​ការ​ឆ្លើយ​របស់​លោក​គ្រាន់តែ​ជា​ដោះសារ​ ហើយ​បិទ​បាំង​មិន​ទទួល​ ស្គាល់​ការ​ពិតតែ​ប៉ុណ្ណោះ​ ទី​មួយ​ ហើយ​មួយទៀត​ យើង​ឃើញ​ថា​ ក្រសួង​សំខាន់​ពីរ​ដែល​ មិន​បាន​ធ្វើការ​កែសម្រួល​ កែទម្រង់​ក្រសួង​យុ​ត្ថិ​ធម៌​ និង​ក្រសួងសុខាភិបាល​ដែល​កំពុង​មាន​ បញ្ហា​ធ្ងន់ធ្ងរ​»​។​

​លោក​ សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​ ក៏​បាន​លើក​ឡើង​បន្ថែម​ថា​ បើ​មនុស្ស​ចាស់​ផ្លាស់​ប្ដូរ​ចរិត​ការងារ​ថ្មី​ អាច​ធ្វើ​អោយ​មាន​ប្រសិទ្ធិ​ភាព​ការងារ​នោះ​ លោក​ហាក់ដូចជា​ពុំ​មាន​ ជំនឿ​ជឿជាក់​ទៅ​លើ​អ្វី​ដែល​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​នោះ​ឡើយ​ ពីព្រោះ​លោក​ថា​ មន្ដ្រី​ចាស់ៗ​មួយ​ចំនួន​ នៅ​តែ​បង្ហាញ​ពី​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការងារ​ដដែល​។​

​សាស្ដ្រ​ចា​រ្យ​ សូ​ ច​ន្ថា​៖​ «​ខ្ញុំ​ហាក់ដូចជា​ពុំ​មាន​ ជំនឿ​ជឿជាក់​ថា​ មនុស្ស​ចាស់​ទាំង​អស់នោះ​ អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ​ ទៅ​ជា​វិជ្ជមាន​នោះ​ទេ​ ពីព្រោះ​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន​មក​ ភាព​ស្ពឹក​ ស្រពន់​នៅ​តែ​មាន​ គួប​ផ្សំ​នឹង​ប្រព័ន្ធ​ការងារ​ ប្រព័ន្ធ​ត្រួតពិនិត្យ​អី​នៅ​ដដែល​ មិន​មានអី​ ប្រែប្រួល​ បើសិនជា​ដាក់​មនុស្ស​ថ្មី​មក​ អាច​មាន​ទស្សនៈ​ អាច​មាន​យោបល់​ និង​មានគំនិត​ អី​ច្រើន​ បាទ​»​។​

​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋសភា​ សមាជិក​សភា​នឹង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤​ មេ​សា​ ខាង​មុខ​នេះ​ ដើ​ម្ប​ បោះ​ឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​តាម​សំណើ​របស់​សម្ដេច​ ហ៊ុន​ សែន​ ដោយ​មាន​សមាសភាព​រដ្ឋមន្ត្រី​ ៨​ រូប​ និង​រដ្ឋ​លើ​ខា​ធិ​ការ​ជាង​ ១០​ រូប​ តែ​ក្នុង​នោះ​ លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ គាត​ ឈុ​ន​ បញ្ចប់​មុខងារ​ ឧបនាយករដ្ឋមន្ត្រី​ និង​លោក​ អឹ​ម​ ឈុ​ន​លឹ​ម​ បញ្ចប់​មុខងារ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​៕​

Share

Image
Image
Image