en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ រិះគន់​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថា​ ជា​មន្ត្រី​អត់​វិន័យ​🔊

Share

​ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​រិះគន់​មន្ត្រី​នាំពាក្យ​របស់​ខ្លួន​ថា​ ជា​មន្ត្រី​អត់​វិន័យ​ ដោយ សារ​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ហួស​សមត្ថកិច្ច​របស់​ខ្លួន​ ដែល​សម្ដេច​ថា​ ធ្វើ​ឱ្យ​ប៉ះពាល់​ ការ​ចាត់តាំង​របស់​សម្ដេច​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​។​ ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ​លោក​ ផៃ​ ស៊ី​ផា​ន​ ឲ្យ​ដឹង​ថា​ លោក​គ្មាន​ការ​អាក់អន់ចិត្ដ​អ្វី​ទេ​ គឺ​មាន​តែ​ការ​ទទួល​ដោយ​ដឹងគុណ​សម្ដេច​តែ​ប៉ុណ្ណោះ​។​ ​

hun-sen
សម្ដេច ហ៊ុន​ សែន ប្រភពរូបភាពពី Freshnews

ការ​ថ្លែង​រិះគន់​របស់​សម្ដេច​ ហ៊ុន​ សែន​ ទៅ​លើ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​គរុ​និស្សិត​នៅ​វិទ្យា​សា្ថ​ន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២២​ មីនា​នេះ​។​

​ការណ៍​ដែល​នាំ​ឱ្យ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​រិះគន់​លោក​ ផៃ​ ស៊ី​ផា​ន​ ដូចនេះ​ គឺ​ត្រង់​បញ្ហា​មួយ​ដែល​សម្ដេច​ ថា​ អ្នកនាំពាក្យ​រូប​នេះ​ ចេះ​តែ​បកស្រាយ​រឿង​តួ​នា​របស់​អតីត​គណៈរដ្ឋមន្ត្រី​សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន​ ថា​ខុស​នឹង​សភាពការណ៍​ជាក់ស្ដែង​មួយ​ចំនួន​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​ បើ​សម្ដេច​មិន​បកស្រាយ​រឿង​នេះ​ទេ​ គឺ​នឹង​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ ដែល​ករណី​នេះ​សម្ដេច​ រិះគន់​លោក​ ផៃ​ ស៊ី​ផា​ន​ ថា​ ជា​មន្ត្រី​អត់​វិន័យ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​អ​ញ្ចឹ​ង​បាន​ថា​ សោកស្ដាយ​ដែល​ឯកឧត្ដម​ ផៃ​ ស៊ី​ផា​ន​ គាត់​ធ្វើ​រឿង​នេះ​ អាជ្ញាធរ​អប្សរា​ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ទាក់ទិន​និង​ក្រសួង​វប្បធម៌​វិចិត្រ​សី​ល្ប​អ​ញ្ចឹ​ង​ត្រូវ​ប្រគល់​ អាជ្ញាធរ​អប្សរា​ ទៅ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ហើយ​ប្រធាន​អាជ្ញាធរ​អប្សរា​គឺ​លោក​ជំទាវ​ ភឿ​ង​ ស​កុ​ណា​ នេះ​អាជ្ញាធរ​អប្សរា​ មេ​មិន​ទាន់​ស៊ីសង​ផង​ចេញ​រួច​ទៅ​ហើយ​ រឿង​ហ្នឹង​អាច​ធ្វើ​ទៅ​រួច​ មន្ដ្រី​របស់​យើង​អត់​វិន័យ​ អត់​វិន័យ​ រឿង​ហ្នឹង​ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ទៅ​ចុះ​។​»

​យ៉ាងណា​ក៏​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សោកស្ដាយ​ដែរ​ចំពោះ​ការ​រិះគន់​ ដូចនេះ​ទៅ​លើ​លោក​ ផៃ​ស៊ី​ផា​ន​ ខណៈ​ដែល​សម្ដេច​ថា​ លោក​ ផៃ​ ស៊ី​ផា​ន​ មានគុណ​សម្បត្តិ​ច្រើន​ដែរ​។​ ក្រៅពី​រិះគន់​ លោក​ ផៃ​ស៊ី​ផា​ន​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មួយ​ចំនួន​ ដែល​ចុះ​ផ្សាយ​ខុស​ ត្រូវ​កែតម្រូវ​អត្ថបទ​របស់​ខ្លួន​ឡើង​វិញ​។​

phai-si
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី

​ជា​ការ​ឆ្លើយ​តប​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​២២​ មីនា​នេះ​ ថា​ លោក​ទទួលស្គាល់​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ចង់​ឲ្យ​មន្ដ្រី​នាំពាក្យ​ពិសេស​រូប​លោក​ផ្ទាល់​ពង្រឹង​វិជ្ជាជីវៈ​។​ លោក​បន្ដ​ថា​ ការ​ផ្ដល់​ដំបូន្មាន​របស់​សម្ដេច​នា​ពេល​នេះ​រូប​លោក​ផ្ទាល់​គឺ​មិន​មានការ​អាក់អន់ចិត្ដ​អ្វី​ទេ​ ផ្ទុយ​ទៅ​វិញ​មានការ​ដឹងគុណ​និង​អរគុណ​សម្ដេច​ ហ៊ុន​ សែន​ តែ​ប៉ុណ្ណោះ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​នេះ​ជា​ការ​ណែនាំ​មួយ​ដ៏​ខ្ពង់ខ្ពស់​ ដែល​ទាំង​អ្នកនាំពាក្យ​ ទាំង​មន្ដ្រី​ទាំងអស់​ ក៏​ដូច​ជា​អ្នក​ធ្វើ​ព័ត៌មាន​ ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​ម្ដងទៀត​ ក្នុង​ន័យ​នេះឯង​គ្មាន​អ្វី​ជា​ការ​អាក់អន់ស្រពន់ចិត្ដ​ទេ​មាន​តែ​ការ​ទទួល​ដោយ​អំណរ​នៃ​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​។​»

​ស្រប​ពេល​ដែល​រិះគន់​ទៅ​លើ​លោក​ ផៃ​ ស៊ី​ផា​ន​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហើប​ពី​ភារកិច្ច​និង​ស្ថាប័ន​ មួយ​ចំនួន​ដែល​ពី​មុន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សម្ដេច​ សុខ​ អាន​ ឱ្យទៅ​រដ្ឋមន្ត្រី​ផ្សេង​កាន់កាប់​។​ ស្ថាប័ន​នោះ​មាន​ អាជ្ញាធរ​អប្សរា​ និង​ អាជ្ញាធរ​ព្រះ​វិហារ​ទៅ​នៅ​ក្រោម​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​៕​ 

Share

Image
Image
Image