en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ប្រាប់​ទៅ​បក្ស​ប្រឆាំង​កុំ​ធ្វើ​បាតុកម្ម​ការពារ​បុគ្គល​ តែ​បក្ស​ប្រឆាំង​ថា​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​

Share

ភ្នំពេញ៖ សម្ដេច​ ហ៊ុន​ សែន​ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​មជ្ឈមណ្ឌល​ពិ​ព​ណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ បាន​ថ្លែង​សារ​ទៅ​កាន់​និស្សិត​រាប់​ពាន់​នាក់​ថា​ លោក​មិន​អត់ឱន​ដាច់ខាត​ចំពោះ​អ្នកដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​សម្រេច​ របស់​តុលាការ​ករណី​ការពារ​បុគ្គល​ ។​ រឿង​បុគ្គល​នោះ​ គឺ​បញ្ហា​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។

Hun-Sen13
សម្ដេច​ ហ៊ុន​ សែន​ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​មជ្ឈមណ្ឌល​ពិ​ព​ណ៍​ និង​សន្និបាត​កោះ​ពេជ្រ

ជុំវិញ​បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​តែ​ប៉ុណ្ណោះ​ ។​ គណបក្ស​នេះ​យល់​ថា​ រឿងរ៉ាវ​ទាំងអស់​គួរតែ​ដោះស្រាយ​ដោយ​សន្ដិវិធី​ ។​ ចំណែក​អ្នក​ឃ្លាំ​ឈ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ប្រសិនជា​ ការ​សម្ដែង​មតិ​ដោយ​សន្ដិវិធី​ត្រូវ​បា​បង្ក្រាប​ នោះ​គឺ​សបញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាប់​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គ្រោះថ្នាក់​ ។​
​សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​លោក​ លៀ​ ស៊ី​ណា​ ៖

 

​នៅ​ចំពោះ​មុខ​និស្សិត​រាប់​ពាន់​នាក់​ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នា​ព្រឹក​នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១៣​ ខែ​ មិថុនា​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ បាន​ថ្លែង​សារ​ ព្រមាន​មួយ​ដោយ​បញ្ជាក់​ថា​ សមត្ថកិច្ច​ត្រូវ​ ការពារ​សណ្ដាប់ធ្នាប់​សង្គម​ហើយ​បាតុកម្ម​ណាមួយ​ គឺ​មិន​ឱ្យ​មាន​ជា​ដាច់ខាត​ ។​

​សម្ដេច​ ហ៊ុន​ សែន​៖«​រឿង​ខ្លះ​ជា​រឿងអាស្រូវ​ផ្លូវភេទ​ហើយ​វា​ទាក់ទង​ទៅ​នឹង​ដំណើរការ​តុលាការ​ គួរតែ​ទៅ​ដោះស្រាយ​វា​បន្ដិច​បន្ដូច​ឲ្យ​វា​ចប់​ទៅ​ តែ​មិន​អ​ញ្ចឹ​ង​ទេ​ បែរ​ទៅ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ​ អត់​លើកលែង​ទេ​ សមត្ថកិច្ច​ត្រូវ​ការពារ​សន្ដិសុខ​សង្គម​ អ្នក​ណា​បង្កើត​វិបត្ដិ​ឲ្យ​អ្នក​ហ្នឹង​ទទួលខុសត្រូវ​ទៅ​»​ ។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​ក៏​បាន​ វាយប្រហារ​អ្នក​ផ្ដួចផ្ដើម​ ចង់ឱ្យ​មានការ​ចរចា​ដើម្បី​លោះ​លែង​ ឬ​ទម្លាក់​ចោល​នីតិវិធី​របស់​តុលាការ​ ដែល​សម្ដេច​ថា​ មិន​អាច​ទៅ​រួច​ទេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​អា​សុំ​នៅ​ក្រៅ​ឃុំ​ឡើង​ចុះ​ ឡើង​ចុះ​ ឡើង​តាំងពី​សាលាដំបូង​ទៅ​ឧ​ទ្ធ​រ​ ពី​ឧ​ទ្ធ​រ​ទៅ​កំពូល​ គេ​កំពុង​ដំណើរ​ហើយ​តើ​ ម្ដេច​ចាំ​យក​គណបក្ស​ទៅ​ដោះស្រាយ​ គណបក្ស​អត់​មាន​សិទ្ធិ​អំណាច​ទេ​ សូម​ជម្រាប​ជួន​ កុំ​ភ័នច្រឡំ​តួអង្គ​យក្ស​ គឺ​យក្ស​ កែណ​ គឺ​ កែណ​ ទេវតា​ គឺ​ ទេវា​តា​ អាមាត្យ​ គឺ​ អាមាត្យ​ ភីលៀង​ គឺ​ ភីលៀង​ មិន​អាច​ភ័នច្រឡំ​គ្នា​បាន​ទេ​ អ​ញ្ចឹ​ង​ទេ​គ្រាន់តែ​ចំណុច​ទាមទារ​ ដាក់​មក​មួយ​ជ​ភ្លួ​ស​ គណបក្ស​ប្រជាជន​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ គ្របដណ្ដប់​លើ​បញ្ហា​អ្នក​ដែល​ជាប់​ អ្នក​ណា​ទៅ​ណា​ក៏​ដោយ​ អ​ញ្ចឹ​ង​កាន់តែ​មាន​ហេតុផល​ ថា​គណបក្ស​ប្រជាជន​គ្មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​អ្នកឯង​ឡើយ​»​

​ចំណែក​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​ អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ និង​ អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​មិ​ញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ សូម​ធ្វើការ​បដិសេធ​នូវ​ខិ​តិ​ប័ណ្ណ​ ដែល​មាន​ជនអនាមិក​ បាន​ចែកចាយ​ ដោយ​បាយ​សរសេរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឡើង​មក​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ១៤​ មិថុនា​ ស្អែក​នេះ​ ដើម្បី​ធ្វើ​បាតុកម្ម​ដើម្បី​ផ្ដួលរំលំ​អ្នក​ណា​ នោះ​គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​ ។​
​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​នៃ​ការ​កោះហៅ​របស់​តុលាការ​ លើ​លោក​ កឹ​ម​ សុខា​ ប៉ុណ្ណោះ​ ។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បញ្ជាក់​ថា​ ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះ​គឺ​មាន​តែ​ការ​ចរចា​គ្នា​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​ភាព​តានតឹង​នេះ​បាន​ ។​

​លោក​ អ៊េ​ង​ ឆៃ​អ៊ា​ង​៖​ «​អ្នកខ្លះ​គេ​ថា​ រឿង​នេះ​កើតឡើង​ព្រោះតែ​រឿង​បុគ្គល​ រឿងស្រី​ស្នេហ៍​ តែ​យើង​ដឹង​ហើយ​ថា​ នេះ​ជា​រឿង​នយោបាយ​ បើសិនជា​រឿង​បុគ្គល​ មិនមែន​ លោក​ បាន​ គី​មូ​ន​ សមាជិក​សភា​ សភាព​អ៊ឺ​រ៉ុ​ប​ និង​ បណ្ដា​ប្រទេស​ជា​មិត្ដ​ឈឺក្បាល​ហាលថ្ងៃ​ទេ​ អ​ញ្ចឹ​ង​ហើយ​ដើម្បី​បញ្ចប់រឿង​ហ្នឹង​បាន​ មាន​តែ​ការ​ចរចា​រណ៍​តាម​រយៈ​នយោបាយ​ទេ​  យើង​មិន​អាច​យក​តុលាការ​មក​ឡប់ឡែ​ទេ​ តុលាការ​ហ្នឹង​គេ​យក​មក​ដើម្បី​បង្វែរ​សាច់​រឿង​ទេ​ »​ ។​

​ជាមួយ​គ្នា​នេះ​នាយក​ប្រតិបត្ដិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធិ​មនុស្ស​ Central​ លោក​ មឿ​ន​ តុលា​ មាន​ប្រសាសន៍​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​កំពូល​មួយ​រូប​ ដែល​ថាស​ម្ដេច​មិន​គួរ​ថ្លែង​ ដូចនេះ​ទេ​ ព្រោះ​ការ​ថ្លែង​បែប​នេះ​ ប្រៀប​ដូច​ជា​ សារ​គំរាមកំហែង​ទៅ​កាន់​ពលរដ្ឋ​របស់​ខ្លួន​ទៅ​វិញ​ ។​

​លោក​ បន្ដ​ថា​ ក្នុង​នាម​ជា​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ គួរតែ​លើកទឹកចិត្ដ​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​ហ៊ាន​បញ្ចេញមតិ​ឲ្យ​កាន់តែ​ផុលផុស​ ហើយ​ស្ដាប់​រាល់​ការ​ចង់បាន​របស់​ពួក​គាត់​ ទើប​ជា​ការ​ប្រសើរ​ ។​


​លោក​ មឿ​ន​ តុលា​ បញ្ជាក់​ទៀត​ថា​ ប្រសិនជា​ ពលរដ្ឋ​ចេញ​មក​ធ្វើ​បាតុកម្ម​ដោយ​សន្ដិ​វិ​ធ​ហើយ​មានការ​បង្ក្រាប​ពី​អាជ្ញាធរ​ នោះ​មាន​ន័យ​ថា​ រាជរដ្ឋាភិបាល​គឺ​កំពុង​តែ​រំលោភ​រដ្ឋធម្មនុញ្ញ​ និង​ បំពាន​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ​ ។​

​លោក​ មឿ​ន​ តុលា​៖«​ខ្ញុំ​យល់​ថា​ នេះ​ជា​ការ​បំ​បិត​សិទ្ធិ​សេរីភាព​មួយ​ ហើយ​នាក​យក​រដ្ឋមន្ដ្រី​ក្នុង​នាម​ជា​បុគ្គល​សាធារណៈ​លោក​មិន​គួរ​មាន​ប្រសាសន៍​បែប​ហ្នឹង​ទេ​ លោក​គួរតែ​ជម្រុញ​ឲ្យ​មន្ដ្រី​របស់​ខ្លួន​ពិនិត្យ​មើល​ ពី​សំណើរ​របស់​ពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​វិញ​ប្រសើរ​ជាង​»​ ។​

​ចំណែក​លោក​ អំ​ សំអាត​  ប្រធាន​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ (LICADHO)​ ក៏​បាន​ថ្លែង​ដែរ​ថា​ កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ដែល​ចែង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​ លោក​ យល់​ថា​ប្រសិនជា​ពលរដ្ឋ​ ប្រមូលផ្ដុំ​គ្នា​សម្ដែង​មតិ​ដោយ​សន្ដិវិធី​ ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​ច្បាប់​ជាតិ​ និង​ អន្ដរជាតិ​ ចែង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ តែ​បែរជា​មានការ​បង្ក្រាប​ពី​អាជ្ញាធរ​ បង្ក្រាប​ពួក​គាត់​ទៅ​វិញ​ បាន​ន័យ​ថា​អាជ្ញាធរ​រំលោភ​ទៅ​សិទ្ធិ​ពលរដ្ឋ​ ។​

​លោក​ អំ​ សំអាត​៖​ «​មិនមែន​រឿង​អី​ដែល​ពិបាក​ទេ​ រដ្ឋាភិបាល​បើ​បាន​ចុះ​កិច្ចព្រមព្រៀង​ ឬ​ក៏​បាន​ផ្ដល់​សច្ចាប័ន​ ទៅ​លើ​បទដ្ឋាន​នានា​ស្ដី​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​ រដ្ឋ​ត្រូវ​ប្រកាន់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ ត្រូវ​អនុវត្ដន៍​ឲ្យ​បាន​តាម​រដ្ឋធម្មនុញ្ញ​ ត្រូវ​ធានា​ឲ្យ​បាន​នៅ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​»​ ។​

​តែ​ទោះជា​យ៉ាងណា​  ក្នុង​ពិធី​ព្រឹក​មិ​ញ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ថា​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ របស់​រឿង​ក្ដី​ ក្រុមប្រឆាំង​និង​សង្គម​ស៊ី​វិល​ ហើយ​ករណី​ណេះ​សម្ដេច​ថា​ ត្រូវ​ទុក​ សមត្ថកិច្ច​ទៅ​តុលាការ​ជា​អ្នក​សម្រេច​ ។​ ប៉ុន្តែ​បែប​នេះ​ក្ដី​ អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​បាន​រិះគន់​ តុលាការ​កម្ពុជា​ថា​ ក្រោម​ឥទ្ធិពល​ បក្ស​កាន់​អំណាច​ ៕​

Share

Image
Image
Image