en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ផ្ញើ​លិខិត​រំលែក​ទុក្ខ​​ចំពោះ​មរណភាព​ព្រះមហាក្សត្រ​ថៃ​

Share

​ភ្នំពេញ៖ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​ចូលរួម​ជា​មេដឹកនាំ​ដទៃ​ទៀត​ បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ ជូន​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ចំពោះ​ការ​សោយ​ទិវង្គត​ នៃ​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ នៃ​រាជាណាចក្រ​ថៃ​។​

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត

​លិខិត​របស់​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​ផ្ញើ​ជូន​សម​ភាគី​ ថៃ​ លោក​ ប្រា​យុទ្ធ​ កាលពី​យប់​ថ្ងៃ​ទី​ ១៣​ តុលា​ បាន​ចាត់​ទុក​ ការ​សោយ​ទិវង្គត​ នៃ​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ គឺជា​ ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រជាជន​ និង​ប្រទេស​ថៃ​ ក៏​ដូច​ជា​សម្រាប់​មិត្តភក្ដិ​ទាំងអស់​ នៅ​លើ​ពិភពលោក​។​

​សម្ដេច​បាន​បន្ត​ថា​៖«​ព្រះបាទ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​លះបង់​ព្រះ​កាយពល​ ពេញ​មួយ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ ដើម្បី​ឯកភាព​ជាតិ​ វិបុលភាព​ សុភមង្គល​របស់​ប្រជាជន​ថៃ​។​ ព្រះរាជកិច្ច​ដ៏​ភ្លឺស្វាង​ក្នុង​ព្រះ​បរម​នាម​ ជា​ព្រះមហាក្សត្រ​ និង​ព្រះរាជ​បូ​នី​យ​កិច្ច​ចំពោះ​ជាតិ​ ប្រកបដោយ​ព្រះរាជ​ បុគ្គលិកលក្ខណៈ​ដ៏​វិសេស​ថ្លៃថ្លា​ របស់​ព្រះ​អង្គ​ នឹង​ត្រូវ​បាន​ប្រជាជន​ថៃ​ចង​ចាំ​ជា​និច្ច​»​។​

​តាម​សេចក្ដី​រំលែក​ទុក្ខ​នេះ​ដដែល​ ស្ថិត​ក្នុង​កាលៈទេសៈ​មរណទុក្ខ​ ដ៏​ក្រៀមក្រំ​នេះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ គឺ​រូប​សម្ដេច​សូម​សម្ដែង​ នូវ​សមានចិត្ដ​ យ៉ាង​ជ្រាលជ្រៅ​ និង​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នេះ​ ថ្វាយ​ព្រះ​មហាក្សត្រី​យា​នី​ និង​ព្រះរាជ​វង្សានុវង្ស​ ក៏​ដូច​ជា​ជូន​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​លោក​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖​ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ដ៏​ក្រៀមក្រំ​បំផុត​ ចំពោះ​ការ​សោយ​ទិវង្គត​ របស់​ព្រះបាទ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ព្រះមហាក្សត្រ​ជាទី​គោរព​ស្រឡាញ់​បំផុត​ នៃ​ប្រទេស​ថៃ​ និង​ជា​ព្រះមហាក្សត្រ​ ដែល​គ្រងរាជ្យសម្បត្តិ​យូរ​បំផុត​ក្នុង​ពិភពលោក​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦»​ ។​

​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទិវង្គត​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​ ដោយ​ ព្រះ​រោគ​ ក្នុង​ ជន្មាយុ​៨៨​ឆ្នាំ​។​

​ព្រះ​អង្គ​បាន​ឡើង​គ្រោង​រាជ្យ​ តាំងពី​ឆ្នាំ​១៩៤៦​ រហូត​លោក​ ចូល​ទិវង្គត​នេះ​ គឺ​បាន​ ៧០​ ឆ្នាំ​ ដែល​គេ​ចាត់​ទុក​ថា​បាន​ឡើង​សោយរាជ្យ​យូរ​ឆ្នាំ​ជាងគេ​ នៅ​លើ​ពិភពលោក​៕

Share

Image
Image
Image