en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថា​ចរចា​ដើម្បី​តាក់តែង​ច្បាប់​ តែ​បក្ស​ប្រឆាំង​សម្ដែង​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​អ្នកវិភាគ​ថា​ចរចា​បញ្ចប់វិបត្តិ​និ​យោ​បាយ​

Share

​ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហើប​ពី​សេណា​រូ​យូ​មួយ​ថា​ បើ​ការ​ចរចា​និយាយ​ពី​ការ​តាក់តែង​ច្បាប់​ថ្មីៗ​គឺ​ គណបក្ស​ប្រជាជន​យល់ព្រម​ភ្លាម​ ដែល​សម្ដេច​ថា​ជា​បញ្ហា​របស់​ជាតិ​គឺ​មិនមែន​ ជា​រឿង​របស់​បុគ្គល​នោះ​ទេ​ ។​ សម្ដេច​ព្រមាន​ថា​ ជន​ណា​ធ្វើ​បាតុកម្ម​ចំពោះតែ​រឿង​បុគ្គល​គឺ​ត្រូវ​បង្ក្រាប​ ។​

Hun-sen-pre14-text
សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ មិថុនា​ នៅ​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ មិថុនា​ នៅ​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ។​

​តែ​បក្ស​ប្រឆាំង​មិន​សាទរ​ ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ទេ​ ។​ បក្ស​ប្រឆាំង​ថា​ ការ​ចរចា​អាច​ទៅ​បាន​លុះត្រា​និយាយ​ពី​ការ​ដោះ​លែង​សកម្មជន​បក្ស​របស់​ខ្លួន​ និង​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ប្រទេស​វិញ​ ។​ យ៉ាងនេះ​ក្ដី​អ្នកវិភាគ​បញ្ហា​សង្គម​ ទទូច​ឱ្យ​មានការ​ចរចា​ដែល​នាំ​មក​នូវ​ការ​បញ្ចប់វិបត្តិ​នយោបាយ​ ។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​លម្អិត​៖

 

​ក្នុង​ពិធី​នោះ​ សម្ដេច​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា​ជាង​ពាក់កណ្តាល​ជីវិត​របស់​សម្ដេច​ គឺ​ការ​ចរចា​ គេ​និយាយ​ក្នុង​កម្រិត​មួយ​អាច​ចរចា​បាន​ គឺ​គេ​មិន​និយាយ​ ខុស​ប្រធានបទ​នោះ​ទេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​ម៉ា​ជីវិត​ ជាង​ពាក់កណ្ដាល​ជីវិត​របស់ខ្ញុំ​ គឺ​ចរចា​ ក៏​ប៉ុន្តែ​ឱ្យ​ត្រូវ​នឹង​ទំរង់​ប្រធានបទ​ នៃ​ការ​ចរចា​ ។​ បើ​អ្នកឯង​បបួល​ខ្ញុំ​ពិភាក្សា​ ឥឡូវ​យើង​គួរ​ធ្វើ​ច្បាប់​នេះ​បន្ថែម​ ។​ យើង​គួរ​ធ្វើ​ច្បាប់​នេះ​បន្ថែម​ គឺ​ខ្ញុំ​អាច​យល់ព្រម​ភ្លាម​ដើម្បី​ពិភាក្សា​ ថា​តើ​យើង​នៅ​ខ្វះ​ច្បាប់​អី​ខ្លះ​ ប៉ុន្តែ​ រឿង​អ្នកខ្លះ​ បន្លំ​ផែនទី​ អ្នកខ្លះ​ បន្លំ​នេះ​ អាហ្នឹង​ជា​សមត្ថកិច្ច​ តុលាការ​ ម្ដេច​បានឱ្យ​គណបក្ស​ប្រជាជន​ទៅ​ចរចា​ជំនួស​ អត់​ទេ​ វា​ខុស​រឿង​ ។​ កុំ​ចាត់​គណបក្ស​ប្រជាជន​ ឱ្យ​ទទួលខុសត្រូវ​ »​ ។​

​ជាមួយ​គ្នា​នេះ​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ថា​សមត្ថកិច្ច​តុលាការ​ ត្រូវ​តុលាការ​គេ​ធ្វើ​សេចក្ដីសម្រេច​ ហើយ​បើ​យ៉ាងណា​នោះ​ គឺ​នាយក​រដ្ឋមន្ត្រី​ ជា​អ្នក​សុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ ប៉ុន្តែ​សម្ដេច​ ព្រមាន​ថា​ពេល​នេះ​ កុំ​ច្រឡំ​  បើ​អស់លោក​ធ្វើ​បាតុកម្ម​គឺ​សមត្ថកិច្ច​ នឹង​បង្ក្រាប​ ។​ សម្ដេច​បញ្ជាក់​ថា​ការ​ធ្វើ​អ្វីមួយ​ដើម្បី​ដោះ​លែង​ អ្នក​ជាប់​ឃុំ​គឺ​ មិន​អាច​ទៅ​រួច​ទេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​គណបក្ស​ប្រជាជន​នឹង​មិន​ចរចា​លើ​ បញ្ហា​ណា​ដែល​មិនជា​សមត្ថកិច្ច​របស់​គណបក្ស​ ។​ នេះ​ជា​ជំហរ​ ផ្លូវការ​ ។​ បើ​ទាក់ទង​របស់​របស់​អ្នក​ណា​ អ្នក​នោះ​ប្រឈម​ ឧទ្ទាហរណ៍​ថា​ អ្នកឯង​ទាក់ទង​រឿង​ផ្លូវច្បាប់​ ត្រូវ​គេ​ចាប់ខ្លួន​ ត្រូវ​គេ​ឃាត់ខ្លួន​ ឬ​គេ​កោះហៅ​ គឺ​អាហ្នឹង​ជា​រឿង​របស់​តុលាការ​»​ ។​

​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ខ្លួន​ នឹង​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មន្ត្រី​បក្ស​ ឱ្យ​ទាមទារ​ឱ្យ​ដោះ​លែង​ ទើប​គេ​ហៅ​ថា​ការ​ចរចា​ ដើម្បី​អ្វីមួយ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​ប្រស​ង្គ្រោះ​ជាតិ​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM102​ ថា​បច្ចុប្បន្ន​នេះ​ ក្នុង​ប្រទេស​គឺ​មានការ​រាំងស្ទះ​ដំណើរការ​ជា​ច្រើន​ លោក​ថា​ប្រសិនជា​បញ្ហា​ចម្រូងចម្រាស​គ្នា​សព្វ​ថ្ងៃនេះ​ ត្រូវ​បាន​ដោះស្រាយ​ នោះ​ដំណើរការ​ផ្សេងៗ​ អាច​នឹង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​បក្ស​សង្គ្រោះ​ជាតិ​ ស្វាគមន៍​រាល់​ការ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្សេងៗ​ដែល​នាំ​ឲ្យ​កើន​ផល​ រីក​ចម្រើន​ដល់​ប្រទេស​ជាតិ​ និង​ពលរដ្ឋ​ ។​ ក៏​ប៉ុន្ដែ​ពេល​នេះ​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ គិតគូរ​អ្វី​ច្រើន​នោះ​ទេ​ ព្រោះតែ​បក្ស​ចង់​ដោះស្រាយ​រឿងរ៉ាវ​ដែល​កំពុង​តែ​កើត​មាន​សព្វ​ថ្ងៃនេះ​ ឲ្យ​បាន​ដាច់ស្រេច​ជា​មុន​សិន​ ។​

Yem-sovan
លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​ប្រស​ង្គ្រោះ​ជាតិ

លោក​ យឹ​ម​ សុវណ្ណ​៖​ «​យើងខ្ញុំ​ចង់​ដោះស្រាយ​ បញ្ហា​ជាតិ​ អំពី​បរិយាកាស​នយោបាយ​ជា​មុន​សិន​ ប្រសិនជា​បរិយាកាស​នៅ​ដូច​បច្ចុប្បន្ន​ នេះ​គឺ​យើង​មានការ​ខ្វល់ខ្វាយ​ ពលរដ្ឋ​មានការ​ខ្វល់ខ្វាយ​ អ​ញ្ចឹ​ង​ហើយ​រឿង​ដែល​ យើង​ត្រូវធ្វើ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នយោបាយ​ជា​មុន​»​

​ទន្ទឹម​និង​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​កម្ដៅ​នយោបាយ​ក្នុង​ប្រទេស​ពេល​នេះ​ កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​ពី​កងកម្លាំង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ ដែល​អាច​បង្ក​ជា​អំពើរ​ហិង្សា​ បាន​ ។​ លោក​ថា​ ប្រសិនជា​មានការ​ ប៉ះ​ទ​ង្គិះ​គ្នា​ណាមួយ​កើតឡើង​មែន​ អ្នក​ដែល​រង​គ្រោះ​ពិតប្រាកដ​ពី​ ជម្លោះ​អ្នកនយោបាយ​ពេល​នេះ​ គឺ​មាន​តែ​ជាតិ​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ ។​

​លោក​ សូ​ ច​ន្ថា​ បញ្ជាក់​ថា​ ប្រសិនជា​មានការ​បើកផ្លូវ​ ក្នុង​ការ​ចរចា​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ ចែង​ពី​ការ​ការពារ​បព្វ​សិទ្ធ​មេដឹកនាំ​ ដែល​ច្បាប់​នោះ​ ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ នោះ​ភាគី​ដែល​ជា​ដៃ​គួរតែ​ពិចារណា​ ។​

chantha
លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ

​លោក​ សូ​ ច​ន្ថា​ ៖​ «​ចំពោះ​ថា​ តើ​អាច​នឹង​មានច្បាប់​អ្វី​ថ្មី​ទេ​ ដែរ​សម្រាប់​ការពារ​ថ្នាក់ដឹកនាំ​នៅ​ពេល​អស់អំណាច​នោះ​ ខ្ញុំ​គិត​ថា​ ការ​បង្កើត​ច្បាប់​នោះ​ វា​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ​ ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ​ ហើយ​កម្ពុជា​ក្លាយជា​ប្រទេស​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ ខ្ញុំ​គិត​ដៃ​គួរ​ពិភាក្សារ​គួ​តែ​ពិចារណា​រៀបចំ​រឿង​នេះ​»​ ។​

​តែ​សម្រាប់​លោក​ បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ថា​ប្រសិនជា​មិន​ព្រមយក​បញ្ហា​ សព្វថ្ងៃ​មក​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​ បញ្ហា​ឲ្យ​ចប់​សព្វគ្រប់​ទេ​នោះ​ការ​ចរចារ​ដើម្បី​ធ្វើ​អ្វី​ផ្សេង​ទៀត​ ក៏​មិន​អាច​ទៅ​រួច​ដែរ​ ។

​លោក​ បណ្ឌិត​ មាស​ នី​ សង្កត់ធ្ងន់​ថា​រាល់​ការ​បង្កើត​ច្បាប់​ថ្មី​ណា​ មួយ​គឺ​គេ​តែង​សិក្សា​ស្រា​ជ្រាវ​លំអិត​អំពី​ផលប្រយោជន៍​ និង​ផល​ប៉ះពាល់​ ពី​ច្បាប់​ដែល​គ្រោង​បង្កើត​នោះ​ ។​ លោក​ថា​ប្រសិនជា​ បង្កើត​ច្បាប់​មួយ​សម្រាប់​ការពារ​ តែ​មនុស្ស​មួយ​ក្រុម​តូច​ហើយ​ មនុស្ស​រាប់​លាន​នាក់​ទៀត​រង​គ្រោះ​ គេ​មិន​គួរ​បង្កើត​ច្បាប់​នោះ​មក​ឡើយ​ ។​

​លោក​ មាស​ នី​ ៖​ «​ខ្ញុំ​យល់​ថា​ បើសិនជា​មិន​យក​ រឿង​បញ្ហា​ធ្វើទុក្ខបុកម្នេញ​  ការ​ចាប់​ដាក់​ទោសទណ្ឌ​ អ្នកនយោបាយ​មក​និយាយ​ទេ​ យើង​អាច​វប្ប​ធ​ម៍​សន្ទនា​ វា​ប្រព្រឹត្ដិ​ទៅ​មិន​ប្រកបដោយ​ភាព​កក់ក្ដៅ​ទេ​»​ ។​

​យ៉ាងណា​ក៏​ដោយ​គេ​ដឹង​ថា​ ធ្លាប់​មានការ​បង្ហើប​ពី​ការ​ចង់​ធ្វើ​វិសោធនកម្ម​ មាត្រា​ ២​ នៃ​រដ្ឋធម្មនុញ្ញ​ ចែង​ពី​ផែនទី​ខ្នាត​ ១/១០០,០០០​ មក​ ផែនទី​ខ្នាត​ ១/៥០,០០០​ ដើម្បី​ងាយស្រួល​ក្នុង​ការ​បោះបង្គោល​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​ ប៉ុន្តែ​ សេណា​រូ​យូ​ នេះ​បាន​ស្ងាត់​ទៅ​វិញ​ បន្ទាប់​ពី​មានការ​ចាត់វិធានការ​ លើ​អ្នកចោទ​ថា​កម្ពុជា​ ប្រើ​ផែនទី​ក្លែងក្លាយ​ ។​

​ជាមួយ​គ្នា​នេះ​ អ្នក​សង្កេតការណ៍​ខ្លះ​ គិត​ថា​ការ​ចរចា​ណាមួយ​អាច​មាន​ដំណោះស្រាយ​ បើ​ការ​ចរចា​នោះ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ច្បាប់​ការពារ​បុព្វសិទ្ធិ​មេដឹកនាំ​ តែ​លោក​ សូ​ ច​ន្ថា​ ទទូច​ថា​ការ​តាក់តែង​ច្បាប់​ដើម្បី​ការពារ​ អតីត​មេដឹកនាំ​ក៏​ត្រូវ​មើល​ពី​ហានិភ័យ​ចំពោះ​ មេដឹកនាំ​ជំនាន់​ក្រោយ​ដែរ​ ៕​

Share

Image
Image
Image