en     km
en     km

សម្ដេចហ៊ុន សែន និងលោក សម រង្ស៊ី មិនឯកភាពគ្នាលើស្ថានភាពសន្ដិភាពនៅកម្ពុជា

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្ហាញនូវគំនិតមើលឃើញផ្ទុយស្រឡះពីគ្នាពាក់ព័ន្ធនឹងពាក្យថាសន្តិភាពនៅប្រទេសនេះ ។ ជាក់ស្ដែង ការដឹកនាំកម្ពុជាសព្វថ្ងៃនេះ ត្រូវបានសម្ដេចហ៊ុន សែន ថា​មានសន្តិភាពពេញលេញពេញផ្ទៃប្រទេស តែលោក សម រង្ស៊ី ថាកម្ពុជាមានតែអំពើឧក្រិដ្ឋ និងភាពអយុត្តិធម៌ ។

រាយការណ៍ដោយ លោក សោម លាភ

 

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី​៨ កុម្ភៈនេះ ដោយលោកថា ពលរដ្ឋកម្ពុជាត្រូវតែងើបឡើងប្ដូរការដឹកនាំនៅកម្ពុជា ។

លោកថា សម្ដេច ហ៊ុន ​សែន បានប្រព្រឹត្តអំពើឧក្រិដ្ឋជាច្រើន ក្នុងរយៈពេល ៣៤ ឆ្នាំ នៃការកាន់អំណាច ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា សម្ដេច ហ៊ុន សែន មិនដែលបានទទួលទោសពីអំពើដែលបានប្រព្រឹត្តនោះទេ ។ លោកបន្ថែមថា​ នាយករដ្ឋមន្ត្រីកម្ពុជា នឹងបន្តកាន់អំណាចទៀតដោយសារបាននិទណ្ឌភាព មានន័យថា ទទួលបានការរួចផុតពីទោស ដោយសាការកាន់អំណាចរបស់ខ្លួនដែលលោកថា ដរាបណាមានការផ្លាស់ប្ដូរទើបអាចយកសម្ដេចហ៊ុន សែន ទៅកាត់ទោសនៅតុលាការឯករាជ្យណាមួយបាន ។​

សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសដោយមានជំនឿចិត្តថា សម្ដេចនឹងកាន់អំណាចជាបន្តទៀត ពោលគឺដឹកនាំកម្ពុជាយ៉ាងតិច ២ អាណត្តិទៅមុខទៀត ។

ជាងនេះទៅទៀត អ្នកនយោបាយនិរទេសខ្លួនលោក សម រង្ស៊ី  ក៏បានអះអាងដែលថាសកម្មភាព ឬព្រឹត្តិការណ៍មួយចំនួន គឺជាបទឧក្រិដ្ឋ ហើយជាបទឧក្រិដ្ឋដែលសម្ដេច ហ៊ុន សែន ជាអ្នកប្រព្រឹត្ត ។

លោក សម រង្ស៊ី រៀបរាប់ថា​ សម្ដេច ហ៊ុន សែន ប្រព្រឹត្តបទឧក្រិដ្ឋដូចជា ការកាត់ទឹកដីឱ្យទៅវៀតណាម, ការដឹកនាំផែនការក៥ ដែលជាការកេណ្ឌ ធ្វើឱ្យពលរដ្ឋស្លាប់រាប់សែននាក់ នៅតាមព្រំដែនថៃ, ការសម្លាប់មនុស្សជាច្រើនជាបន្តបន្ទាប់ដូចក្នុងរដ្ឋប្រហារ និងអំពើភេរកម្មផ្សេងៗទៀត កាលពីឆ្នាំ ១៩៩០, ២០០០, និង ២០១០ ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំកម្ពុជា បំពានយកដី និងផ្ទះសម្បែង បង្ក្រាបប្រជាជន ដោយមានការបង្ហូរឈាមជាច្រើន, កាប់ ព្រៃឈើ និងបើកដៃឲ្យបរទេសពីគ្រប់ទិសទី មកប្លន់ទ្រព្យសម្បត្តិកម្ពុជាគ្រប់បែបយ៉ាង ។

លោក សម រង្ស៊ី បញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជា ហៅជនជាតិចិន និងក្រុមហ៊ុនចិនមកកម្ពុជាជាច្រើន ។ លោកថា ចិនមកកម្ពុជានេះ គឺមកធ្វើអាណានិគមលើប្រទេសមួយនេះ  ហើយក៏ជាការជួយការពារអំណាចសម្ដេចហ៊ុន សែនផងដែរ ។

ក្រោយការចេញសារបែបនេះរបស់លោក សម រង្ស៊ី ប្រមាណជាប៉ុន្មានម៉ោងតែប៉ុណ្ណោះ  សម្ដេច ហ៊ុន ​សែន បានសរសេរលើទំព័រហ្វេសបុករបស់សម្ដេច ដែលធ្វើឡើងហាក់ដូចជាឆ្លើយតបចំពោះសម្ដីលោក សម រង្ស៊ី ផងដែរ ។

ជាក់ស្ដែង សម្ដេច សរសេរថា កម្ពុជាមានការរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ ហើយនេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល ។

នាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមថា  គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលខ្លាំងតែមួយគត់ អាចរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ។

សម្ដេចបញ្ជាក់ម្ដងហើយម្ដងទៀតថា « គណបក្សប្រជាជន គឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ »

សម្ដេចធ្លាប់មានប្រសាសន៍ថា ការបង្រ្កាបក្រុមធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល គឺដើម្បីរក្សាសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ។

នាយករដ្ឋមន្ត្រីកម្ពុជាមកពីគណបក្សប្រជាជនរូបនេះ រំលេចនូវឃ្លាមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាជាខ្លាំងពីរាជរដ្ឋាភិបាល ។

តួយ៉ាងសម្ដេច សរសេរថា សុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ

រយៈពេលចុងក្រោយនេះ សម្ដេច ហ៊ុន សែន បានបង្ហាញសារជាសាធារណៈ ដោយបញ្ជាក់ជាច្រើនដងថា ប្រជាជនកម្ពុជាពិតជាមានសន្តិភាពពេញលេញពេញផ្ទៃប្រទេសយ៉ាងពិតប្រាកដ ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហានយោបាយ នឹងតាមដានការវិវត្តន៍សង្គមកម្ពុជា ប្រាប់វិទ្យុស្ត្រីនៅពេលថ្មីៗនេះថា កម្ពុជាមានសន្តិភាពផ្លូវកាយ តែផ្លូវចិត្តគឺមិនទាន់មានពេញលេញនៅឡើយនោះទេ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image