en     km
en     km

សម្ដេចហ៊ុន សែន៖ “ខ្ញុំបានធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេលើលោកនេះ”  

Share

ភ្នំពេញ៖ នៅលើពិភពលោកនេះ មានជិត ២០០ ប្រទេស ប៉ុន្តែ កម្រមានមេដឹកនាំណាមានឱកាសបានកាន់តំណែងជាប្រធានា ធិបតីជាព្រះមហាក្សត្រ ឬនាយករដ្ឋមន្ត្រី រាប់សិបឆ្នាំឡើយ។ តែយ៉ាងណា សម្រាប់សម្ដេចនាយករដ្ឋមន្ត្រីខ្មែរសម្ដេចហ៊ុនសែន អះអាងថា មានតែលោកទេ កម្ពុជាយូរជាងគេលើនេះ ។ នេះបើនិយាយពីអ្នកនយោបាយកម្ពុជា។ តែអ្នកសង្កេតការណ៍នយោ បាយមើលឃើញថា បុគ្គលណាកាន់អំណាចយូរគឺប្រទេសនោះមិនសូវមានយុត្តិធម៌ទេ។ កញ្ញា ឈុំ ចាន់រចនា រាយការណ៍ ៖ 

 

តាមគេហទំព័ រ Wikipedia មានមេដឹកនាំចំនួន ៤០រូប បានកាន់អំណាចដ៏យូរ គឺ រាប់ពី៣០ឆ្នាំ ឡើងទៅ៥០ឆ្នាំ។ តែជាងពាក់ កណ្ដាលនេះ  ភាគច្រើនបានរបូតអំណាចដោយ ជំងឺ និងការបណ្ដេញពីអំណាចដោយ ប្រជាជនខ្លួន ឬ ដោយសារការធ្វើរដ្ឋប្រហារ។ តែបែបនេះក្ដី សម្រាប់រាជាណាចក្រកម្ពុជាមានតែ​អ្នកនយោបាយតែម្នាក់គត់ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី     យូរជាងគេ គឺ​ សម្ដេច ហ៊ុន សែន។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​បានប្រកាសថា លោក គឺជាមេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោក បើប្រៀបធៀបនឹងមេដឹកនាំមួយចំនួនទៀតដែលកាន់អំណាចយូរឆ្នាំដូចសម្ដេចផងដែរនោះ។ ប៉ុន្តែសម្រាប់កម្ពុជា សម្ដេច ថា មានតែរូបលោកមួយគត់។

សម្ដេច ហ៊ុន សែន៖សូមជនបរទេសទាំងឡាយកុំច្រណែននឹងខ្ញុំ នៅលើពិភពលោកនេះ ខ្ញុំបានធ្វើ នាយករដ្ឋមន្ត្រីយូរជាងគេនៅលើលោកនេះ

នេះជាសម្តីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាជំនួបជាមួយកម្មករ-កម្មការនី នៅសួនឧស្សានហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញានេះ។

ក្នុងឱកាសសំណេះសំណាលនេះដែរ​ សម្ដេចបានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដោយបញ្ជាក់ថា លោក គឺជាមេដឹកនាំម្នាក់ដែលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេ ហើយក៏កាន់អំណាចបានយូរជាងគេ ដែលសម្ដេចថា កម្រមានមេដឹកនាំ ណាធ្វើបានដូចសម្ដេចណាស់។

សម្ដេច ហ៊ុន សែន ត្រូវបានគេហទំព័រ Wikipedia ឲ្យគេដឹងថា ជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំទាំង៤០ ដែលកាន់អំណាចយូរជាងគេលើពិភពលោក។

សម្ដេចបានកាន់អំណាចបាន ៣២ឆ្នាំហើយ គិតចាប់តាំងពីពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ១៩៨៥មកម្ល៉េះ។ សម្ដេចហ៊ុនសែនបានឡើងកាន់តំណែងដំំបូង ដោយមិនមានការបោះឆ្នោតពីពលរដ្ឋ គឺ នៅឆ្នាំ១៩៨៥ ជំនួស លោក ចាន់ស៊ី ដែលទទួលមរភាព។ តែទាំងលោក ប៉ែន សុវណ្ណ លោក ចាន់​ស៊ី និងសម្ដេច ហ៊ុន សែន ត្រូវបានចាត់តាំងដោយបក្សកុម្មុយ នីសកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលកាលណោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ជារបបសង្គមនិយមមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយបក្សកុម្មុយនីសវៀតណាម។

សម្ដេច ហ៊ុន សែន បានធ្វើជានាយករដ្ឋន្ត្រីម្ដងទៀតនៅឆ្នាំ ១៩៩៣ តែកាលណោះជារដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊ុនស៊ិនប៉ិចដែលសម្ដេចក្រុមព្រះនរោត្ដមរណាឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ កើតចេញពីការបោះឆ្នោត ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។

នេះជាលើកដំបូងហើយដែលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថាខ្លួនលោក គឺជាមេដឹកនាំកាន់អំណាចយូរជាងគេលើកពិភពលោក ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិ Human rights Watch  និងអង្គការអន្តរជាតិជាច្រើនទៀតចាត់ទុកសម្ដេចហ៊ុន សែន ដឹកនាំប្រទេសទៅរករបបអត្តាធិបតេយ្យករណីគាបសង្កត់ទៅលើក្រុមសង្គមស៊ីវិល និងបក្សប្រឆាំង។

តែបែបនេះក្ដីអ្នកនាំពាក្យរដ្ឋាភិបាលតែងតែវាយបកអ្នករិះគន់សម្ដេចហើយចោទបកវិញថា ក្រុមអង្គការអន្តរជាតិនេះ មិន ស្គាល់តម្លៃនៃការដឹកនាំប្រទេសហើយ ថា កម្ពុជានៅតែរាជាណាចក្របើកចំហសេរីពហុបក្ស។

សម្រាប់លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្សយល់ថា ការកាន់អំណាចយូររបស់ អ្នកនយោបាយណាក៏ដោយ គឺជារឿងមួយដែលមិនល្អឡើយក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា បើទោះបីជាប្រទេសកុម្មុយនីសក៏ដោយ ក៏គេមានការបោះឆ្នោតរើសមេដឹកនាំផ្សេងៗពីគ្នាផងដែរ ដោយសារតែក្នុងរយៈពេលកាន់អំណាចវែង មេដឹកនាំទាំង ឡាយអាចនឹងបង្កនូវកំហុសច្រើនទាំងចេតនាឬអចេតនា។

លោក  មឿន តុលា៖ “នៅពេលដែលមានកំហុសច្រើន គឺធ្វើឲ្យមេដឹកនាំនោះ អាចនឹងធ្វើអ្វីៗដើម្បី ការពារអំណាចខ្លួនឯងមិនឲ្យបាត់បង់ ព្រោះខ្លាចពេលខ្លួនឯងបាត់បង់អំណាចទៅ អាចនឹង មានការកាត់ទោស អ៊ីចឹងហើយបើប្រទេសដែលជាប្រជាធិបតេយ្យពិតប្រាកដ គេមិនឲ្យ កាន់អំណាចយូរឡើយ។ 

លោក មឿន តុលា ក៏បានបន្តទៀតថា មេដឹកនាំប្រទេសមួយចំនួនដែលកាន់អំណាចយូរទៅអាចឈានទៅការដឹកនាំបែបផ្ដាច់ការ ដែលមិនយូរប៉ុន្មានប្រជាពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មទម្លាក់មេដឹកនាំទាំងនោះ។

ងាកមករកសម្ដេច ហ៊ុន សែន វិញ  សម្ដេចបានប្រាប់កម្មករ-កម្មការិនីថា មានតែគណបក្សប្រជាជន និងសម្ដេចទេដែលអាចរក្សាសន្តិភាពកម្ពុជាទៅមុខទៀត ខណៈសម្ដេចចង់ចូលនិវត្តន៍នៅអាណត្តិសភាទី ៨ ដែលមានន័យថា សម្ដេចត្រូវកាន់អំណាច ១០ឆ្នាំទៀត បើរាប់ពីឆ្នាំ២០១៨។ បើដូច្នេះមែន គឺ សម្ដេចនឹងបានកាន់អំណាចជានាយករដ្ឋមន្ត្រីរយៈពេល ៤៣ឆ្នាំ។

កម្ពុជានឹងមានការបោះឆ្នោតសភានីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ។

ការបោះឆ្នោតលើកនេះ គណបក្សធំ២ មានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ហ៊ុន សែន និង គណបក្សសង្រ្គោះជាតិដឹកនាំដោយ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប្រធានបក្សប្រឆាំងធំនេះត្រូវ​មើលឃើញថា ជាប៉ូលនយោបាយដ៏ខ្លាំងក្នុងការទាក់ទាញសន្លឹកឆ្នោតពីម្ចាស់ឆ្នោត៕  

Share

Image
Image
Image