en     km
en     km

សម្ដេចហ៊ុនសែន៖ឆាប់ៗកម្ពុជានឹងមានច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន

Share

នាយករដ្ឋមន្រ្ដីកម្ពុជាប្រកាសថាកម្ពុជាបានដើរដល់សភាពការណ៍ដែលត្រូវធ្វើច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្នហើយ។

ថ្លែងនៅវិមានរដ្ឋសភាថ្ងៃទី២០មីនានេះ លោកនាយករដ្ឋមន្រ្ដីថាកម្ពុជាត្រូវមានឧបករណ៍ ច្បាប់ក្នុងដៃករណីអាសន្នកម្រិតប្រទេស។លោកបញ្ជាក់ថាលោកពុំដែលរំពឹងទេថា២៧ឆ្នាំតាំងពីកម្ពុជាមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មកនឹងអាចកើតមានស្ថានការណ៍បែបនេះនោះទេ។លោកបានពិនិត្យថាកម្ពុជាមានចន្លោះប្រហោងនៃវិធានច្បាប់សម្រាប់អាជ្ញាធរអនុវត្តក្នុងដៃដើម្បីកម្រិតពីដែនសមត្ថកិច្ច ទោស អ្នកទទួលទោសយ៉ាងដូចម្ដេច។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីគឺដោយលោកយោងលើបរិបទនៃពិភពលោកករណីវាយលុកនៃជំងឺកូវីដ១៩ដែលប្រទេសខ្លះនៃពិភពលោកមានប្បញ្ញត្តិច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ននេះច្បាស់លាស់។ថ្លែងនៅថ្ងៃនេះលោកនាយករដ្ឋមន្រ្ដីបានលើកឧទាហរណ៍ច្រើនពីប្រទេសអូស្រ្ដាលីតែកាលមុនលោកលើកឡើងពីថៃ។

លោកនាយករដ្ឋមន្រ្ដីថាថ្ងៃសុក្រសប្ដាហ៍នេះគឺសាធារណជននឹងបានដឹងពីខ្លឹមសារសេចក្ដីព្រាងច្បាប់នេះ។

សម្រាប់ថ្ងៃស្អែកនេះសម្ដេចនឹងដឹកនាំគណៈរដ្ឋមន្រ្ដីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន។

ទោះច្បាប់នេះកាលបើបានលឺហើយហាក់គួរឱ្យរន្ធត់ក៏ដោយក្ដីគឺលោកថាច្បាប់នេះបើមានហើយក្ដីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពុំមែនជាលទ្ធភាពដែលត្រូវអនុវត្តពេលនេះទេ គឺគ្រាន់ជាមធ្យោបាយដែលមាននៅក្នុងដៃ ដរាបណាសភាពការណ៍ត្រួតត្រាមិនបាន ដោយអំណាចនគរបាល សមត្ថកិច្ច គឺដឹងមានការបញ្ចេញកងទ័ពឬហៅថាក្រោមក្រប ខ័ណ្ឌរបបអាជ្ញាសឹក។លោកនាយករដ្ឋមន្រ្ដីបន្ដជម្រាបថាឧបករណ៍ច្បាប់នេះនឹងសម្របសម្រួលដល់បទបញ្ជារបស់រាជរដ្ឋាភិបាលប្រព្រឹត្តបានទៅដោយរលូន។

យោងតាមមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជានៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​​ភាព​អាសន្ន​ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ ប្រធាន​ព្រឹទ្ធសភា។មាត្រា៨៦នៃរដ្ឋធម្មនុញ្ញកម្ពុជាប្បញ្ញត្តិទៀតថាក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។ បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រំលាយ​បាន​ឡើយ។

សូមជម្រាបថាបើតាមអ្នកវិភាគនយោបាយនិងអ្នកប្រវត្តិសាស្រ្ដកម្ពុជាធ្លាប់ត្រូវបានដាក់ក្នុងគ្រាមានអាសន្នពីរដងគឺអំឡុងឆ្នាំ១៩៤០ក្រោមអាណានិគមបារាំងកាលប្រទេសកើតអាសន្នរោគនិងឆ្នាំ១៩៧០របត់កម្ពុជាប្ដូរពីរាជានិយមទៅជាសាធារណរដ្ឋ។

បើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតដើម្បីទប់ទល់នឹងមតិរិះគន់ផងដែរដោយហេតុថាចង់ឬមិនចង់សិទ្ធិស៊ីវិលមួយចំនួនត្រូវដកហូតឬបង្ខាំងក្នុងគោលបំណងដើម្បីសង្គ្រោះជីវិតពួកគេជាពលរដ្ឋទៅវិញទេ។ដែរនេះជាអ្វីស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ។

បើតាមនីតិវិធីបង្កើតច្បាប់គឺគោរពលើគោលការណ៍ឋានានុក្រមនិងធម្មនុញ្ញភាព គឺមានន័យថារាល់សេចក្ដីព្រាងច្បាប់ឬស្នើច្បាប់នឹងត្រូវឆ្លងកាត់រដ្ឋសភា រួចព្រឹទ្ធសភាពិនិត្យនិងអនុម័តទើបឈានថ្វាយព្រះមហាក្សត្រចុះព្រះហស្ថលេខាប្រកាសឱ្យប្រើនិងត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ៕

ដោយ៖ ពៅនិកា

Share

Image
Image
Image