en     km
en     km

សម្ដេចហ៊ុនសែនថាEBAគង់តែបាត់មុននិងក្រោយ ខណៈមន្ត្រីEUថាបើមិនមានបញ្ហាគឺដល់ឆ្នាំ២០២៧

Share

ប្រតិកម្មបន្តធ្លាក់មកទៀត ករណី ប្រព័ន្ធអនុគ្រោះពន្ធEBA ដែលសហភាពអឺរ៉ុបកំពុងចាត់វិធាន​ការដកពីកម្ពុជា។កាលពីថ្ងៃម្សិលមិញទី១៤កុម្ភៈ សម្ដេចហ៊ុន សែនបានចេញប្រតិកម្មចុង​ក្រោយគេ ។ សម្ដេចចង់និយាយថាបើគេដកហើយ គឺដកទៅចុះ ។ តែកម្ពុជា មិនស្លាប់​នោះទេ។ យ៉ាងណា កម្ពុជាបានចំណូលពីEBA ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ ។ តាមគំរោងកម្ពុជា ស្ថិតប្រព័ន្ធEBA ដល់ ឆ្នាំ២០២៧ ។

កញ្ញា ឆោមពៅនិកា ជូនសេចក្ដីរាយការណ៍៖

 

សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រតិកម្មទៅនឹងសហភាព​អឺរ៉ុប ដែលប្រកាស​ដំណើរការនៃដំណាក់កាលទី២ នៃនីតិវិធីនៃការដកហូតមកវិញនូវប្រព៍ន្ធ អនុគ្រោះ ពន្ធEBA ពីកម្ពុជា ដោយសម្ដេចគិតថា គេមិនត្រូវបារម្ភជ្រុលពេកទេ គឺថ្ងៃមុខឬ ថ្ងៃក្រោយគង់តែបាត់។

ថ្លែងនៅក្នុងកម្មវិធីមួយនៅចំពោះមុខមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ សម្ដេចនាយករដ្ឋមន្ត្រីបាន លើកឡើងថា ការបាត់ប្រព័ន្ធអនុគ្រោះពន្ធEBA  ពិតជាកើត បើ សេដ្ឋកិច្ច កម្ពុជា ឡើងខ្ពស់សមល្មមអាចគេដកយកវិញនោះ។ សម្ដេចបញ្ជាក់ថា កម្ពុជា មិនអាច ដូរអធិបតេយ្យភាពជាមួយជំនួយបរទេសនោះទេ។ យ៉ាងណា សម្ដេចថា EBA គង់តែបាត់។

សហភាពអឺរ៉ុបការពីថ្ងៃទី១២ កុម្ភៈបាន ប្រកាសជាផ្លូវការ ដោយបានជូនដំណឹងមកភាគីកម្ពុជា ថា ចាប់ពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០១៩គឺជាពេលវេលា ដែលទ្រនិចនាឡិកា ចាប់ដើរ  ហើយរាប់​ចំនួនថ្ងៃដើម្បីឈានទៅដល់ការដកជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា ។

សហភាពអឺរ៉ុបព្រមានថា ការដកប្រព័ន្ធពន្ធអនុគ្រោះនេះ អាស្រ័យលើ កម្ពុជា ថាតើនៅបន្ត​គាបសង្កត់សេរីភាពនយោបាយ ទៅលើក្រុមប្រឆាំងទៀតឬដូចម្ដេចហើយ ថាEBA អាចចូល​ជាធរមាន នៅដំណាក់កាលទីបីនៃការអនុនីតិវិធីព្យួរមានន័យថា ១២ខែទៀត។

យ៉ាងណា សម្រាប់សម្ដេចហ៊ុនសែន ទោះបីដកយកEBAទៅវិញ គឺសេដ្ឋកិច្ចកម្ពុជានៅបន្តលូតលាស់់។ សម្ដេចនឹងមានប្រាក់ចំណូលគយកើនឡើង ហើយអាចបើកជូនមន្ត្រីរាជការមួយឆ្នាំពេញ ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បាន អំពាវនាវទៅដល់កម្មករ-កម្មការិនី កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហា EBA ។

ក្រោយពីសហភាពអឺរ៉ុប ប្រកាសពីការចាប់ផ្ដើមនីតិវិធីព្យួរEBA  គេសង្កេតឃើញ មានប្រតិក​ម្ម​ចម្រុះចេញពី ភាគីពាក់ព័ន្ធ ។ ទាំង ក្រសួងពាណិជ្ជកម្ម  ការិយាល័យ​អ្នក​នាំពាក្យ រាជរដ្ឋាភិ​បាល  រួមនឹងក្រុមអ្នកជំនួញ បានសម្ដែងការ​សោក​ស្ដាយជាខ្លាំង ។ តែសម្រាប់  ក្រសួង​ការបរ​ទេសនិង អ្នកនាំពាក្យអ្នកនាំពាក្យបក្សកាន់អំណាច បានហៅវិធានការរបស់សហភាពអឺរ៉ុប ថា​ធ្វើ​តាមក្រុមប្រឆាំងដឹកនាំដោយលោកសមរង្ស៊ី។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លោកច្សច អេដហ្គា កាលពីចុងឆ្នាំ ២០១៨ បានប្រាប់អ្នកសារព័ត៌មានថា តាមគំរោងគឺកម្ពជា មាននៅក្នុងប្រព័ន្ធអនុគ្រោះពន្ធEBA នេះ ដល់ឆ្នាំ២០២៧។ យ៉ាងណា លោក នៅសង្ឃឺមថា នឹងមានការប្រែប្រួល បើបក្សកាន់អំណាច ធ្វើ​ឱ្យ​​មានដំណោះស្រាយនយោបាយ និងស្ដារលទ្ធិប្រជាធិបតេយ្យ ឡើងវិញ។

ក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តី  កាលពីឆ្នាំទៅមិញ  លោក លោកច្សច អេដហ្គា គិតថា បើមានការប្រែប្រួលស្ថានភាពនយោបាយ ជាវិជ្ជមានខ្លាំង គឺសហភាពអឺរ៉ុបនឹងដកវិញ វិធានការ ដែលបានដាក់ចុះនេះ។

សហភាពអឺរ៉ុប ជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជា ដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម ជើង ស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយាន។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្នុងទឹកប្រាក់ បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិកពីប្រព័ន្ធអនុគ្រោះពន្ធEBA ៕

Share

Image
Image
Image