en     km
en     km

សម្ដេច ស ខេង ៖កម្ពុជាសព្វថ្ងៃនៅសល់ព្រៃឈើច្រើន តែបើមិនមានវិធានការការពារនឹងអស់

Share

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ប្រទេសកម្ពុជាសព្វថ្ងៃនៅមានព្រៃឈើ និងធនធានធម្មជាតិច្រើន ដោយសារការការពារពីអាជ្ញាធរមានសមត្តកិច្ច។ យ៉ាងណា សម្ដេច ស ខេង ថា ប្រសិនបើមិនមានវិធានការការពារឱ្យបានទាន់ពេលវេលា​ និងប្រសិទ្ធិភាពទេនោះ វានឹងអស់។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

ការថ្លែងបែបនេះរបស់សម្ដេច ស ខេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

នាឱកាសនោះ សម្ដេច ស ខេង ថា ការការពារធនធានធម្មជាតិជាប្រធានបទដ៏សំខាន់ដែលមិន​ត្រឹមតែកម្ពុជាទេដឹងឮថែមទាំងសកលលោកក៏ដឹងឮដែរ។

ឧបនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា កម្ពុជា ព្រមទាំងសកលលោក បាននឹងកំពុងតែមានវិធានការការពារព្រៃឈើបន្ថែម។

ដោយសារតែបញ្ហាព្រៃឈើជារឿងសំខាន់ ទើបក្រសួងមហាផ្ទៃ  ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម នឹងរៀបបចំកិច្ចប្រជុំមួយនៅចុងខែវិច្ឆិកានេះ ដែលពិភាក្សាលើប្រធានបទនេះ។ ការជជែកពិភាក្សាខាងមុខនេះ ត្រូវជជែកលើផលប្រយោជន៍ជាតិជាធំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា ព្រៃឈើជាសម្បតិ្តរបស់ជាតិ ក៏ដូចជា របស់ប្រជាពលរដ្ឋដូច្នេះហើយ សមត្ថកិច្ចពាក់ព័ន្ធត្រូវការពារវាដើម្បីនិរន្តរភាព និងការអភិវឌ្ឍន៍ ហើយនេះជាកាតព្វកិច្ច។

សម្ដេច ស ខេង បញ្ជាក់ថា សព្វថ្ងៃកម្ពុជានៅសល់ព្រៃ និងធនធានធម្មជាតិច្រើន។

សម្ដេច ស ខេង៖ ៖«ការពិតកម្ពុជាយើងនៅសល់ព្រៃច្រើន សល់ធនធានធម្មជាតិច្រើន ប៉ុន្តែបើយើងមិនមានវិធានការការពារឲ្យបានប្រសិទ្ធភាព ទាន់ពេលវេលាទេវានឹងអស់ព្រៃឈើ»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថា មិនមានមន្ត្រីណាមួយគិតថា អ្វីដែលនៅក្រោមដែនសមត្តកិច្ចរបស់ខ្លួនជារបស់ខ្លួននោះទេ ព្រោះការគិតបែបនេះជាការគិតខុស។

សម្ដេច ស ខេង អំពាវនាវឱ្យមានការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ថែមទាំងពន្យល់ដល់មន្ត្រីថា មន្ត្រីទាំងអស់ជាមន្ត្រីបញ្ញើ ដែលអាចនឹងមានការដោះដូរ ឬដកដំណែងពីក្របខ័ណ្ឌរដ្ឋជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានខ្វែងគំនិតគ្នាផងដែរ។

កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​ ២០១៨ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ការបាត់បង់ព្រៃឈើគឺដោយសារតែពលរដ្ឋមានការកើនឡើង ត្រូវការដីក្នុងការរស់នៅនឹងប្រើប្រាស់។ ដោយឡែក លោក សម រង្ស៊ី អះអាងថា ការបាត់បង់ព្រៃឈើគឺដោយសារតែអសមត្ថភាពអ្នកដឹកនាំកម្ពុជា។

បើយោងតាមស្ថាប័នព័ត៌មានក្នុងស្រុមមួយបង្ហាញថា អ្នកស្រាវជ្រាវដែលធ្វើការជាមួយនឹងទិន្នន័យរូបភាព Landsat និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត រកឃើញថា បញ្ហាប្រឈមដែលឈានទៅដល់ការបាត់បង់ព្រៃឈើនៅកម្ពុជា គឺដោយសារការផ្លាស់ប្ដូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ច។

អ្នកស្រាវជ្រាវនេះ បានរកឃើញទៀតថា រាជរដ្ឋាភិបាល​កម្ពុជាបាន​ជួលសម្បទានដី ទៅ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស សម្រាប់ធ្វើ​កសិកម្ម ផលិតផល​ឈើ និង​តម្រូវការ​ផ្សេងទៀត។ បញ្ហានេះ បណ្ដាលឱ្យអត្រា​បាត់បង់​ព្រៃឈើ ក្នុង​ដី​សម្បទាន មាននៅ​គ្រប់​ទីកន្លែង កើនឡើង​ពី ២៩% ទៅ ១០៥% បើ​ធៀប​នឹង​ដី​ក្រៅ​សម្បទាន៕

Share

Image
Image
Image