ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បង្ហាញជំហរក្នុងការជួយឱ្យប្រទេសនានាដែលកំពុងតែជួបវិបត្តិសង្គ្រាមឱ្យមានសន្តិភាពដូចកម្ពុជា តាមដែលកម្ពុជាអាចធ្វើទៅបាន។
ការថ្លែងបង្ហាញជំហរបែបនេះរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើឡើងក្នុងពេលសម្ដេច រួមជាមួយ លោក Hubert Staberhofer ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជានៅមូលដ្ឋានកងទ័ពអាកាសពោចិនតុង ដែលធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា។
ការទទួលកងទ័ពរក្សាសន្តិភាពកម្ពុជានេះ គឺនៅថ្ងៃទី ៥ វិច្ចិកានេះ ខណៈដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្ដាល និងស៊ូដង់ខាងត្បូង។
ឱកាសនោះ សម្តេច ទៀ បាញ់ លើកឡើងថា កម្ពុជា និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាគ្រប់ពេលវេលាទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ពោលគឺកម្ពុជាតែងតែគាំទ្រនូវការសំណូមពរជានិច្ច ទៅតាមសមត្ថភាពរបស់ខ្លួនមានតាមការស្នើរបស់អង្គការនេះ។
សម្តេច ទៀ បាញ់ បានបន្តថាកម្ពុជា តែងតែគិតគូររៀបចំកម្លាំងរបស់ខ្លួន ដើម្បីចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិច និងតំបន់មជ្ឈឹមបូព៌ា។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បញ្ជាក់ទៀតថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅក្នុងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងចូលរួមចំណែកដោយខិតខំធ្វើយ៉ាងណាជួយឱ្យប្រទេសដែលកំពុងតែមានសង្គ្រាមឆាប់ទទួលបានសុខសន្តិភាព តាមដែលកម្ពុជាអាចធ្វើទៅបាន។
កញ្ញា កុសល ម៉ាលីនដា មន្រ្ដីនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សា សន្ដិភាពបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ កាលពីពេលថ្មីៗនេះ មានប្រសាសន៍ថា កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេកសកម្ម រក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦។ បេកសកម្មនេះ គឺកម្ពុជា ត្រូវផ្លាស់ប្ដូរសមាសភាពជារៀងរាល់ឆ្នាំ ស្របទៅតាមការស្នើពីអង្គការសហប្រជាតិ។
កន្លងមក កងទ័ពមួកខៀវរបស់កម្ពុជា ធ្លាប់បានឈរជើងនៅប្រទេសចំនួន ០៥ ដែលមានដូចជា អាហ្វ្រឹកកណ្ដាល លីបង់ ម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង។ គិតពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០១៨នេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិចំនួន ៥៥៧៩នាក់ ហើយក្នុងនោះ ២៦៧នាក់ជាស្រ្ដី។
ក្រសួងការពារជាតិកម្ពុជា បញ្ជូនកងវិស្វកម្មលេខ ៥៩៤ ចំនួន ២១៦នាក់ ដែលមាននារី ១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្ដិភាព អង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។ ការបញ្ជូននេះធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ៕
អត្ថបទ៖ លោក សោម លាភ