en     km
en     km

សមាជិក​សភា​បក្ស​ប្រឆាំង​ថា​ ដី​នៅ​តាម​ព្រំដែន​ខេត្តស្វាយរៀង​ នៅ​តែ​ជួល​ឱ្យ​វៀតណាម​ តែ​អភិបាលខេត្ដ​បដិសេធ​

Share

​ជា​ថ្មី​ម្ដងទៀត​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ស្វាយ​រៀង​ លោក​  គង់​ សភា​ និង​សហការី​ បាន​ចុះ​ពិនិត្យ​ និង​អង្កេត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ វៀតណាម​ ដែល​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​អះអាង​ថា​ នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ដស្វាយរៀង​ ស្ថិត​ក្នុង​សង្កាត់​ប្រាសាទ​ និង​ឃុំ​ ទួល​ស្ដី​ ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ ពលរដ្ឋ​ខែ្ម​រ​នៅ​តែ​បន្ដ​ជួល​ដី​ឲ្យ​ទៅ​ពលរដ្ឋ​វៀតណាម​ដដែល​ ។​ ក៏​ប៉ុន្ដែ​អភិបាល​ខេត្ដស្វាយរៀង​ បាន​ឆ្លើយ​តប​ថា​ ពុំ​មានការ​ជួល​ដី​ព្រំដែន​ដូច​សមាជិក​សភា​ គណបក្សប្រឆាំង​ ចោទ​នោះ​ទេ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ មណ្ឌលស្វាយរៀង លោក  គង់ សភា
អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ មណ្ឌលស្វាយរៀង លោក គង់ សភា

​លោក​ គង់​ សភា​ បាន​ថ្លែង​ដូចនេះ​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ នៅ​ថ្ងៃ​ ពុធ​ទី​ ៣១​ខែសីហា​ ដោយ​ក្នុង​នោះ​ក៏​មាន​ ពលរដ្ឋ​មួយ​ចំនួន​ បាន​អះអាង​ថា​ពិតជា​មាន​ពលរដ្ឋ​ វៀតណាម​ជួល​ដី​ធ្វើស្រែ​ពី​កសិករ​ខ្មែរ​ ហើយ​យក​កម្មករ​ខ្មែរ​ជា​អ្នក​ចាំ​ដី​ ទៀត​ផង​។​

​អ្នកតំណាង​រាស្ដ្រ​មក​ពី​គណបក្សប្រឆាំង​ ធំ​ជាងគេ​នេះ​ក៏​បាន​អះអាង​ថា​ លោក​នឹង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ មាន​វិធានការ​ជាក់ស្ដែង​។​

​លោក​ គង់​ សភា​៖«​ខ្ញុំ​បាន​សរសេរ​លិខិត​ហ្នឹង​ទៅ​ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ហើយ​ ហើយ​សុំ​ឲ្យ​ឧបនាយករដ្ឋមន្ដ្រី​ រក​ឲ្យ​ឃើញ​នូវ​ម្ចាស់​ដី​ដែល​ជួល​ដី​ ឲ្យ​យួន​ពិតប្រាកដ​ ថា​តើ​ដី​ហ្នឹង​ជា​របស់​អ្នក​ណា​»​។​

​តាម​រយៈ​វី​ដេ​អូ​ខ្លី​នេះ​ក៏​មាន​ កសិករ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​បាន​អះអាង​ថា​ ពិតជា​មាន​ពលរដ្ឋ​វៀតណាម​មក​ជួល​ដី​ខ្មែរ​ពិតមែន​ ក៏​ប៉ុន្ដែ​ពួក​គេ​បាន​យកឈ្មោះ​ពលរដ្ឋ​ខ្មែរ​ ទៅ​ដាក់​ដើម្បី​កុំ​ឲ្យ​មានការ​ចាត់វិធានការ​លើ​ពួក​គេ​។​

​ពលរដ្ឋ​មួយ​រូប​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ដែល​បាន​ថ្លែង​ ក្នុង​វី​ដេ​អូ​ខ្លី​នេះ​បាន​និយាយ​ថា​ កាលពីមុន​គឺ​ពលរដ្ឋ​វៀតណាម​ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ ហើយ​ដើរ​បាញ់ថ្នាំ​ស្មៅ​ ដោយ​អះអាង​ថា​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​ឲ្យ​ពួក​គេ​។​ លុះ​ក្រោយ​ពេល​មានការ​តវ៉ា​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​ ទើប​មាន​អ្នកតំណាង​ម្នាក់​ ជា​ខ្មែរ​មក​និយាយ​ថា​ដី​ទាំងនោះ​ជា​ដី​របស់​គេ​ មិន​បាន​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម​ទេ​។​

​សំលេង​ពលរដ្ឋ​៖«​កាលពីមុន​យួន​អ្នក​ចូល​បាញ់​ហ្នឹង​ ខ្ញុំ​សួរ​ថា​អ្នក​ណា​ជួល​ដី​ឲ្យ​ វា​ថា​ខ្មែរ​ សួរ​ថា​ឈ្មោះ​អី​វា​អត់​ប្រាប់​ទេវា​ក្រ​វី​ក្បាល​សុទ្ធ​ហ្មង​ ហើយ​ក្រោយមក​ដល់​ពួក​ខ្ញុំ​តវ៉ា​ច្រើន​ទៅ​ បាន​មាន​ខ្មែរ​ចេញ​មក​អះអាង​ថា​គាត់​ជា​អ្នក​ ធ្វើ​ពិតប្រាកដ​ ប៉ុន្ដែ​ធាតុ​ពិត​គឺ​យួន​អ្នក​ធ្វើ​ទេ​»​។​

​ត្រង់​ប្រការ​នេះ​ពលរដ្ឋ​ម្នាក់​ទៀត​បាន​អះអាង​ថា​ ការ​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម​គឺ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ គឺ​ក្នុង​នោះ​គេ​តែងតែ​បាញ់ថ្នាំ​ស្មៅ​ដែល​មាន​លាយ​ជាតិពុល​ ដែល​អាច​ធ្វើ​ឲ្យ​សត្វ​គោ​ ក្របី​ដែល​ស៊ី​ស្មៅ​នោះ​ និង​បង្ក​ឲ្យ​សត្វ​ងាប់​បាន​។​

​សំឡេង​ពលរដ្ឋ​៖​ «​ផល​ប៉ះពាល់​ ទី​១​វា​បាញ់ថ្នាំ​ស្មៅ​ លាយថ្នាំ​ ហេ​វ៉ាង​ អី​ដែល​យើង​អត់​ដឹង​ ហើយ​គោក្របី​ស៊ី​ទៅ​អាច​ហើមពោះ​បើ​ស៊ី​យូរ​ ក្នុង​មួយ​ថ្ងៃ​យើង​អត់​ដឹង​អាច​ងាប់​»​។​

​ក្រៅពី​នេះ​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា​ លោក​មានការ​ព្រួយបារម្ភ​ដល់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​ ថា​អាច​នឹង​ត្រូវ​បាត់បង់​ដីធ្លី​ព្រោះ​ពលរដ្ឋ​វៀតណាម​ ដែល​ជួល​ដី​យូៗ​ទៅ​ អាច​កេង​បន្លំ​យក​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​។​

cnrp31-2សំឡេង​ពលរដ្ឋ​៖​ «​ព្រួយៗ​បារម្ភ​ថា​ ខ្លាច​ដល់​ជំនាន់​ក្រោយ​កូនចៅ​ខ្ញុំ​មិនដឹង​ ឃើញ​តែ​យួន​ធ្វើ​ យួន​ធ្វើ​ ហើយ​យួន​វា​ថា​ដី​វា​ តើ​កូនចៅ​ជំនាន់​ក្រោយ​ធ្វើ​ម៉េច​ដឹង​ បើ​ខ្មែរ​ធ្វើ​អ​ញ្ចឹ​ង​ ហើយ​ឥឡូវ​ខ្ញុំ​សូម​ឯកឧត្ដម​ ខាងលើ​ជួយ​រក​ឲ្យ​ឃើញ​អ្នក​ដែល​ឈរ​ហ្នឹង​ថា​ ដី​អ្នក​ហ្នឹង​គ្រប់​១០០​ហិច​តា​ដែរ​ ដែល​គេ​អះអាង​ថា​ ដី​គេ​មែន​»​។​

​ថ្លែង​ឆ្លើយ​តប​និង​បញ្ហា​នេះ​លោក​ ម៉ែ​ន​ វិបុល​ អភិបាល​ខេត្ដស្វាយរៀង​ បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ សីហា​ ថា​ លោក​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ ក៏​ដូច​ជា​ម្ចាស់​ដី​ដែល​ត្រូវ​ទទួល​រង​កា​ចោទប្រកាន់​នោះ​ទៅ​ជួប​ដោះស្រាយ​គ្នា​ ដោយ​ផ្ទាល់​។

​លោក​ ម៉ែ​ន​ វិបុល​ បញ្ជាក់​ថា​ ការ​ថ្លែង​របស់​លោក​ គង់​ សភា​ និង​ក្រុមការងារ​ របស់​លោក​ សភា​ គឺជា​ការ​បំប៉ោង​ការ​ពិត​ដែល​មិន​ឆ្លុះ​បញ្ចាំង​ ពី​ស្ថានភាព​ពិត​ នៅ​តាម​ព្រំដែន​នោះ​ទេ​។​

​លោក​ ម៉ែ​ន​ វិបុល​៖«​ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ​ តែ​ឥឡូវ​ហ្នឹង​គឺ​ត្រូវ​ទៅ​មើល​មួយ​សារ​ទៀត​ នាំ​ទាំង​ម្ចាស់​ដី​ និង​សមាជិក​គាត់​ដែល​ចង្អុល​ពីរ​បី​នាក់​ហ្នឹង​ ទៅ​ចង្អុល​ឲ្យ​ច្បាស់​ថា​ ម្ដុំ​ណា​ហើយ​របៀប​ម៉េច​ ព្រោះ​យើង​មាន​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់​ណាស់​ព្រោះ​ឥឡូវនេះ​សូ​ម្បី​គ្រឿងចក្រ​ ក៏​ខ្ញុំ​មិន​ឲ្យ​យក​ចូល​ដែរ​»​។​

​ទាក់ទិន​ការ​អះអាង​មិន​ស្របគ្នា​រវាង​ពលរដ្ឋ​ និង​មន្ដ្រី​អាជ្ញាធរ​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​ នី​ បង្ហាញ​ការ​យល់​ឃើញ​ថា​ ជា​ធម្មតា​អាជ្ញាធរ​តែងតែ​ ឆ្លើយ​រាល់​សំនួរ​ទាំងអស់​ដើម្បី​យករួចខ្លួន​ ព្រោះតែ​សារាចរ​ របស់​ក្រសួងមហាផ្ទៃ​បាន​ចេញ​រួច​ហើយ​ ជុំវិញ​ការ​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​វៀតណាម​ ជួល​ដី​កសិករ​ខ្មែរ​ បន្ដ​ទៀត​។​

​បណ្ឌិត​សិក្សាការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ ផ្ដល់​យោបល់​ថា​ រាជរដ្ឋាភិបាល​គួរ​ដាក់​ចេញ​នៅ​យុទ្ធសាស្ដ្រ​ ឲ្យ​បាន​ច្បាស់លាស់​ ក្រោយ​ពេល​ដែល​ខ្លួន​ សម្រេច​បញ្ឈប់​ការ​ជួល​ដី​ឲ្យ​ទៅ​ពលរដ្ឋ​វៀតណាម​។​

​លោក​ មាស​ នី​៖​ «​ខ្ញុំ​គិត​ថា​អាជ្ញាធរ​ក៏​ត្រូវ​ការពារ​ខ្លួន​គាត់​ដែរ​ ដោយសារ​តែ​សេចក្ដី​អំពាវនាវ​ ឬ​ក៏​ ស​.​ជ​.​ណ​ របស់​រាជរដ្ឋាភិបាល​បាន​ចេញ​ អ​ញ្ចឹ​ង​ប្រសិនជា​គាត់​ទទួលស្គាល់​ថា​ នៅ​មាន​ជួល​ដី​គឺ​បាន​ន័យ​ថា​គាត់​អ្នក​ខុស​ អ​ញ្ចឹ​ង​ទាំង​គេ​ទាំង​ខ្ញុំ​ត្រូវ​តែ​ថ្លែង​ដើម្បី​ការពារ​ខ្លួន​បាទ​ នេះ​ជា​រឿង​ធម្មតា​ទេ​យើង​មិន​ចាំបាច់​ឆ្ងល់​ទេ​ នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​អ្នក​ក្រោម​លាក់​ អ្នក​លើ​ អ្នក​លើ​ ចេះ​តែ​ជឿ​ អ្នក​ក្រោម​រហូត​ធ្លាក់ទឹក​ទាំងអស់​គ្នា​»​។​

​សូម​ជម្រាប​ថា​ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ បាន​ចេញ​សារាចរ​ ណែនាំ​មួយ​ដោយ​តម្រូវ​ ឲ្យ​គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្ដ​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដែល​ជាប់​ព្រំដែន​ មន្ទីរ​ និង​អង្គភាព​ជំនាញ​ ដែល​ជាប់​ព្រំដែន​ទាំងអស់​ ឲ្យ​បញ្ឈប់​សកម្មភាព​ជួល​ដី​ នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ ជាប់​ព្រំដែន​ទាំង​អស់នេះ​រួម​មាន​ប្រទេស​ វៀតណាម​ ថៃ​ និង​ឡាវ​។​

​ស្រប​ពេល​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​ក្រើនរំលឹក​ដាស់តឿន​ ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​វៀតណាម​ ឲ្យ​បញ្ឈប់​ការ​ជួល​ដី​ ហើយ​ពេល​នោះ​សម្ដេច​ ក៏​បាន​បញ្ជា​ឲ្យ​ អាជ្ញាធរ​ដែនដី​ ទាំងអស់​ពិនិត្យ​ករណី​នេះ​ឡើង​វិញទៀត​ផង​៕

Share

Image
Image
Image