en     km
en     km

សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតថាកម្ពុជាគ្មានអធិបតេយ្យភាព

Share

ភ្នំពេញ៖ សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតចំពោះអធិបតេយ្យភាពនៅកម្ពុជា ។ កម្ពុជាឆ្លើយតបម្ដងទៀតថា កម្ពុជាមានអធិបតេយ្យភាពដែនដីពេញលេញ មិនអនុញ្ញាតឱ្យមានទ័ពបរទេសតាំងមូលដ្ឋានឡើយ ។  អ្នកវិភាគស្នើឱ្យកម្ពុជាធ្វើគ្រប់មធ្យោបាយដើម្បីជម្រះមន្ទិលសង្ស័យដែលអាមេរិកមានមកលើកម្ពុជា ។

រាយការណ៍ដោយលោក សោម លាភ

បើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២២ មករា បញ្ជាក់ថា សមាជិកសភាតំណាងអាមេរិក បង្ហាញកង្វល់ម្ដងទៀតចំពោះប្រជាធិបតេយ្យ សិទ្ធមនុស្ស និងអធិបតេយ្យភាពនៅកម្ពុជា ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងជំនួបរវាង សមាជិកសភាតំណាងមកពីសហរដ្ឋអាមេរិកជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ។

បើតាមប្រភពដដែលបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងស្ថានទូតអាមេរិក ធ្វើជាម្ចាស់ផ្ទះទទួលសមាជិកសភាបីរូប មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ អ្នកទាំងបីរូបនោះ មកក្នុងនាមជាប្រតិភូមកពីគណបក្សនយោបាយពីរក្នុងសភា ដែលមានគោលបំណងដើម្បីសិក្សាពីប្រទេសកម្ពុជា និងជួយដល់សហរដ្ឋអាមេរិកពង្រឹងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ីអគ្នេយ៍ ។

ប្រតិភូទាំងបីរូបរួមមាន លោក Seth Moulton សភាតំណាងមកពីគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋម៉ាសាឈូសេត និងលោក Jim Banks នៃរដ្ឋIndiana ជាសភាតំណាងមកពីគណបក្សសាធារណរដ្ឋ ។ សមាជិកសភាអាមេរិកទាំងពីររូបនេះ ក៏ជាសមាជិកសភា នៃគណ:កម្មាធិការសេវាកម្មយោធា  និងលោក Ron Estes សភាតំណាង បក្សសាធារណរដ្ឋ នៃរដ្ឋKansas និងដែលជាជាសមាជិកគណ:កម្មាធិការមធ្យោបាយ ដែលទទួលខុសត្រូវក្នុងកិច្ចការពាណិជ្ជកម្ម  និងមានបុគ្គលិកអាជីពមកពីសភាតំណាងរាស្រ្តផងដែរ ។

ក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែក​ ជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា លោកប្រាក់ សុខុន និងជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺសម្ដេច ទៀ បាញ់ សមាជិកសភាដំណាងឱ្យសហរដ្ឋអាមេរិក ​បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ក៏ដូចជាកង្វល់របស់ពួកគេ ចំពោះបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអធិបតេយ្យនៅកម្ពុជា ។

ស្ថានទូតសហរដ្ឋអាមេរិក បានស្រង់សម្ដីរបស់សមាជិកសភាអាមេរិកទាំងបីរូបនោះថា ” យើងមានមោទកភាព ចំពោះប្រព័ន្ធបក្សនយោបាយពីរ ក្នុងសហរដ្ឋអាមេរិក ។ យើងមានគណបក្សនយោបាយធំចំនួនពីរ ក្នុងស្ថាប័ននីតិបញ្ញត្តិរបស់យើង ។ យើងមិនតែងតែយល់ស្របគ្នាលើបញ្ហានានានោះទេ តែយើងពិតជាយល់ស្របគ្នា លើបញ្ហាសំខាន់ដ៏ធំក្នុងតំបន់ និងបំណងរបស់យើង ធ្វើការជិតស្និតជាមួយតំបន់អាស៊ីអគ្នេយ៍នេះ”  ។

អ្នកនយោបាយអាមេរិកទាំងនេះបន្តទៀតថា ÷ ” យើងជឿជាក់លើកម្ពុជាមួយ ដែលមានវិបុលភាព ប្រជាធិបតេយ្យ និងមានអធិបតេយ្យ ហើយយើងនឹងចែករំលែកអ្វីដែលយើងបានស្វែងយល់ពីទីនេះ ជាមួយសហការីយើង និងជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ នៅរដ្ឋធានីវ៉ាស៊ីនតោន”  ។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាគឺសម្ដេចទៀ បាញ់ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយគ្រាន់តែបញ្ជាក់ថាសម្ដេចបានទទួល​ស្វាគមន៍​គណ:ប្រតិភូ​សមាជិក​សភាសហរដ្ឋអាមេរិក​ ដឹកនាំ​ដោយ​លោក​ Seth Wilbur Moulton សមាជិក​គណៈកម្មាធិការ​កិច្ច​ការ​យោធា​ ចូលជួបសម្តែងការគួរសម​ នៅអគារ​មិត្ត​ភាព​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ។

យ៉ាងណាសម្ដេចទៀ បាញ់ បានបញ្ជាក់ប្រាប់ទៅសមាជិកសភាតំណាងអាមេរិកដែលបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងអធិបតេយ្យភាពកម្ពុជា ដោយបញ្ជាក់ថាកម្ពុជាមានអធិបតេយ្យភាពពេញលេញ ពោលគឺមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់កម្ពុជាជាដាច់ខាត ។

បើតាមការអង្កេត មន្ទិលសង្ស័យទៅនឹងអធិបតេយ្យភាពរបស់កម្ពុជានៅតែមានពីអាមេរិក ពោលគឺក្រែងមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាពិសេសគឺមូលដ្ឋានទ័ពចិន ដែលការបញ្ជាក់ពីកង្វល់របស់អាមេរិកមិនមែនម្ដងនោះទេ ហើយការបកស្រាយពីកម្ពុជា ក៏ច្រើនដងដែរ ។

សម្តេច ទៀ បាញ់ បានបន្តថា កម្ពុជាមានការចាំបាច់ត្រូវមានការបង្កើនសមត្ថភាព កងទ័ពជើងទឹក តាមរយៈការបំពាក់បន្ថែមនូវនាវា ដែលមានខ្នាតធុនមធ្យម ដើម្បីមានសមត្ថភាពក្នុងការធ្វើល្បាត ក្នុងការការពារនៅដែនសមុទ្រ ដ៏តូចរបស់ខ្លួន ។

រដ្ឋមន្ត្រីក្រសួងការពាររូបនេះ អះអាងថា សព្វថ្ងៃនេះ កងទ័ពជើងទឹកកម្ពុជា មាននាវាតូចៗ​ មិនអាចចេញឆ្ងាយទេ ហើយប្រសិនបើមានកិច្ចសហប្រតិបត្តិការ នៅវិស័យទាំងឡាយនៅខាងសមុទ្រ កម្ពុជាមិនទាន់មានលទ្ធភាពចូលរួមសមយុទ្ធនៅសមុទ្ររួមគ្នានៅឡើយនោះទេ ។

យ៉ាងណាក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ បានសរសេរលើទំព័រហ្វេសបុកយ៉ាងខ្លីថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបនិងពិភាក្សាការងារជាមួយសមាជិកសភាសហរដ្ឋអាមេរិកចំនួន៣រូប ។

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ១ វាក្យខណ្ឌទី ២ ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ។

មាត្រា ៥៣ ចែងថា ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ ។

ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ ។

ព្រះរាជាណាចក្រ រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និង ជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និង ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស ។

មាត្រា ៥៥ បញ្ញត្តថា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។

កន្លងទៅ កាសែតបរទេសចុះផ្សាយអំពីលទ្ធភាពដែលកម្ពុជាមានផ្ដល់ឱ្យចិន ដាក់មូលដ្ឋានកងទ័ពនៅទឹកដីកម្ពុជា មាននៅតារាសាគរខេត្តកោះកុង និងឆ្នេររាម ខេត្តព្រះសីហនុ ។

អ្នកវិភាគលើកឡើងថា កម្ពុជាគួរតែជម្រះមន្ទិលសង្ស័យដោយគ្រប់មធ្យោបាយទាំងអស់ដែលអាមេរិកមានចំពោះកម្ពុជា ដើម្បីស្ដារទំនាក់ទំនងរវាងកម្ពុជាអាមេរិកដែលធ្លាក់ចុះ ខណៈទំនាក់ទំនងកម្ពុជាចិនស្ទុះឡើងយ៉ាងគំហក ៕

Share

Image
Image
Image