en     km
en     km

សមត្ថកិច្ចរឹតបន្តឹងសន្តិសុខនៅរាជធានីភ្នំពេញខណៈតុលាការបើកសវនាការរំលាយCNRP

Share

ភ្នំពេញ៖ កងកំលំាងសមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយក្នុងតំបន់សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈស្របពេលដែលតុលាការកំពូលបើកសវនាការសុំណុំរឿងមេធាវីតំណាងក្រសួងមហាផ្ទៃប្តឹងរំលាយគណបក្ស

សង្គ្រោះជាតិ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០១៧នេះ ជាថ្ងៃដែលតុលាការកំពូលបើកសវនាការបណ្តឹងរបស់មេធាវីតំណាងក្រសួងមហាផ្ទៃប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងថ្ងៃនេះគេសង្កេតឃើញថាមានកងកំលាំងសមត្ថកិច្ចជាច្រើនបានដាក់តាមតំបន់គោលដៅសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ។

ការដាក់ពង្រាយកងកងម្លាំងប្រដាប់អាវុធគឺ ដើម្បីការពារទប់ស្កាត់មិនឱ្យមានការជួបជុំណាមួយខុសប្រក្រតី ដែលអាចឈានទៅរកការតវ៉ា ឬការធ្វើបាតុកម្មប្រឆំាងចំណាត់ការរបស់តុលាការកំពូលរឿងក្តីរំលាយបក្សសង្គ្រោះជាតិ។

ចំពោះការរឹតបន្តឹងនេះគេសង្កេតឃើញច្រកសំខាន់ៗមួយចំនួនដែលមានពលរដ្ឋទ្បើងមករាជធានីភ្នំពេញក៏ត្រូវបានរឹតបន្តឹងផងដែរ ក្នុងនោះគេសង្កេតឃើញមាននៅម្តុំរង្វង់មូលសាលាខេត្តកណ្តាល មានកំលំាងសមត្ថកិច្ចឆេកឆេរយានយន្តមួយចំនួនដែលគេសង្ស័យថាមានអ្វីខ្លះនៅក្នុងយានយន្តនោះ។ តែទោះជាយ៉ាងណាយានយន្តនោះត្រូវបានអនុញ្ញាឱ្យចូលរាជធានីភ្នំពេញប្រសិនបើពុំមានអ្វីគួរឱ្យកត់សម្គាល់ទេនោះ។

ចំណែកនៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែលើ គេពុំឃើញមានអ្នកគំាទ្របក្សសង្គ្រោះជាតិនំាគ្នាទៅប្រមូលផ្តុំគ្នានៅទីនោះទ្បើយ តែគេឃើញមានកងកំលាំសមត្ថកិច្ចជិះល្បាតក្បែរៗគណបក្សសង្គ្រោះជាតិផងដែរ។

តាមការអង្កេត មានមហាវិថីខ្លះក៏មានការប្រមូលផ្ដុំកងសន្តិសុខជាក្រុមតូចៗដែរហើយក៏មាន ការល្បាតរថយន្ត យោធាបំពាក់ដោយ កាំភ្លើងផងដែរ។

កាលពីយប់ថ្ងៃទី១៥ ខែវិច្ចិកា នេះគេសង្កេតឃើញមានកងកំលាំងសមត្ថកិច្ចជាច្រើនបានចុះត្រួតពិនិត្យតាមបណ្តាអង្គការសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីចុះស៊ើបអង្កេតករណីខ្លាចមានជនបន្លំខ្លួនចូលស្នាក់នៅអង្គការទាំងនោះដើម្បីញុះញង់ដល់ពលរដ្ឋឱ្យចូលរួមធ្វើបាតុកម្មប្រឆំាងសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះ។

ដោយទ្បែកជុំវិញបរិវេណតុលាការកំពូលវិញក៏មានការរឹតបន្តឹងខ្លំាងផងដែរដោយមានកងកំលាំងសម្ថកិច្ចជាច្រើនបានដាក់បារ៉ាសមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលក្បែររបងតុលាការកំពូលនោះទេ។

ជុំវិញការការដាក់ពង្រាយកងកម្លំាងសមត្ថកិច្ច និងការដាក់បារ៉ាសបិទដូចនេះ ត្រូវបានស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ស៊ឹម វុទ្ធី បានផ្តល់បទសម្ភាសខ្លីឱ្យវិទ្យុស្រ្តីដឹងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០១៧នេះថា ការដាក់ពង្រាយកងកំលាំងសមត្ថកិច្ចនេះគ្រាន់តែការពារសន្តិសុខក្នុងថ្ងៃដែលតុលាការកំពូលបើកសវនាការរឿងក្តីរំលាយគណបក្សសង្គ្រោះជាតិ។

ទាក់ទងនឹងការរៀបចំកងកំលាំងសមត្ថកិច្ចនេះលោកសង្កត់ធ្ងន់ថា នឹងដាក់ពង្រាយការពារសន្តិសុខរហូតដល់តុលាការកំពូលបញ្ចប់ការក្តីរឿងបក្សសង្គ្រោះជាតិនេះ។ «សំខាន់យើងការពារសន្តិសុខឱ្យដំណើរការសវនាការហ្នឹងឱ្យបានល្អ ចំាមើលសវនាការគេចប់ថ្ងៃណាយើងគិតទៀតឥលូវយើងគិតចំពោះមុខសិន»។

យ៉ាងណាក៏ដោយ គេពុំមានការតវ៉ាណាមួយកើតឡើងនៅ ថ្ងៃដែលតុលាការកំពូលបើកសវនា លើ សំណុំរឿងរំលាយបក្សសង្រ្គោះជាតិ តាមបណ្ដឹងរបស់មេធាវីក្រសួងមហាផ្ទៃនោះទេ។

គួរជម្រាបថាដើមចមដែលឈានដល់ថ្ងៃតុលាការកំពូលបើកសវនាការរឿងក្តីរំលាយគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពីមេធាវីតំណាងក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យប្តឹងរំលាយគណបក្សប្រឆាំងនេះទៅកាន់តុលាការកំពូល ដោយក្រសួងមហាផ្ទៃលើកទ្បើងថាមេដឹកនំាគណបក្សនេះលោកកឹម សុខា បានប្រព្រឹត្តិអំពើក្បត់ជាតិ៕

Share

Image
Image
Image