en     km
en     km

សមត្ថកិច្ចតំបន់ឆ្នេរសមុទ្រច្រានចោលព័ត៌មានថាមានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ

Share

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការច្រានចោលនូវព័ត៌មានដែលថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ ក្រុងព្រះសីហនុ ថា ជារឿងមិនពិត។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចុះនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ផ្អែកតាមសំណើរបស់ប្រជាពលរដ្ឋចំនួន ១០៣ គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្ដែងតាំងពីឆ្នាំ ១៩៨៦ មកនៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង ១០៣ គ្រួសារជាកម្មសិទ្ធិ។

តាមរយៈសេចក្ដីប្រកាសនេះ បញ្ជាក់ថា ក្រុមការងាររៀបចំផែនការប្រើប្រាស់ដីតំន់ពយកំពេញត្រូវបានបង្កើតឡើងតាមរយៈសេចក្ដីសម្រេចលេខ ០៦៥ ដនស.សសរ ចុះថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ និងបានធ្វើការសិក្សារៀបចំផែនការប្រើប្រាស់ដី រួមទាំងប្លង់បណ្ដាញហេដ្ឋរចនាសម្ព័ន្ធ សាធា រណៈជាមូលដ្ឋានបម្រើដល់ការអភិវឌ្ឍតំបន់ និងការកែលម្អឆ្នេរសមុទ្រប្រកបដោយសោភ័ណភាពរក្សាបានចីរភាពបរិស្ថាន និងធនធានធម្មជាតិ។

តាមអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ការកសាងបណ្ដាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងការកែលម្អឆ្នេរថ្ម ឱ្យទៅជាឆ្នេរខ្សាច់ដែលអាចឱ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្ដបាន ត្រូវបាននិងកំពុងដំណើរការរៀបចំដើម្បីបម្រើប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍនវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផ្ទុយពីព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ ដែលផ្សព្វផ្សាយថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅពយកំពេញ។

លើសពីនេះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨  រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើសប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ ២០៣០ សំដៅធានាការអភិវដ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាព។

ការលើកឡើងពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រដូចនេះ បន្ទាប់ពីមានការផ្ទុះការរិះគន់ពីសំណាក់ពលរដ្ឋជាខ្លាំង ដោយសារមានការចាក់ថ្មក្រហមរបស់ក្រុមហ៊ុនអភិវឌ្ឍខ្មែរមួយចូលទៅក្នុងសមុទ្រដែលបណ្ដាលឱ្យទឹកសមុទ្រដែលធ្លាប់តែថ្លាស្រស់ស្អាតមានភាពល្អក់កករជាខ្លាំង។ យ៉ាងណា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រុមហ៊ុននោះកាយដីចេញវិញជាបន្ទាន់។

ពយកំពេញ ជាតំបន់មាត់សមុទ្រស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោក៕

Share

Image
Image
Image