en     km
en     km

សព​សម្ដេច​ សុខ​ អាន​ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១៩​ មីនា​ ?

Share

​ភ្នំពេញ​៖​ សព​របស់​សម្ដេច​ សុខ​ អាន​ អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​បូជា​តាម​បែប​ព្រះ​សុទ្ធ​សាសនា​នៅ​ថ្ងៃ​ទី​១៩​ មីនា​ ខាង​មុខ​វត្ដបទ​ម​វ​តី​។​ នេះ​បើ​យោង​តាម​កម្មវិធី​បុណ្យសព​ ដែល​ផ្សព្វផ្សាយ​ជា​សាធារណ​នៅ​ថ្ងៃ​ទី​១៦​ មីនា​នេះ​។​ 

sokk
កូនៗរបស់សម្ដេច សុខ អាន

​បន្ទាប់​ពី​សម្ដេច​ សុខ​ អាន​ ទទួលមរណភាព​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​កម្មវិធី​បុណ្យ​ ដោយ​ចំណាយ​ថវិកា​ ប្រមាណ​ជាង​ ៧៥​ម៉ឺន​ដុល្លារ​។​ កម្មវិធី​បុណ្យ​នឹង​បង្ហើយ​នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​។​ បច្ចុប្បន្ន​សព​សម្ដេច​ សុខ​ អាន​ ត្រូវ​តម្កល់​នៅផ្ទះ​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​តាម​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៦​ មីនា​នេះ​ថា​ ការ​ចំណាយ​សម្រាប់​កម្មវិធី​បុណ្យសព​សម្ដេច​ សុខ​ អាន​ គឺជា​ការ​ចំ ណាយ​ទាំងស្រុង​របស់​រាជរដ្ឋាភិបាល​ ព្រោះ​លោក​បាន​ទទួល​គោរមងារ​ជាស​ម្ដេច​។​ តែ​យ៉ាងណា​លោក​បញ្ជាក់​បន្ថែម​ថា​ ថវិកា​ទាំង​អស់នេះ​គឺ​ចំណាយ​ទៅ​លើ​ការ​នាំ​យក​សព​លោក​ត្រឡប់​មក​កម្ពុជា​វិញ​ និង​ការ​ចំណាយ​លើ​កម្មវិធី​បុណ្យ​ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៩​ ខែមីនា​។​ «​ទាំងអស់​ហ្នឹង​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ចូលរួម​ធ្វើ​ពិធី​ ដែល​សម្ដេច​ ទទួល​បាន​គោរព​ងា​ជាស​ម្ដេច​នេះឯង​ ដូច្នេះ​ការ​ចំណាយ​ហ្នឹង​ គឺ​មាន​គណៈកម្មការ​ត្រឹមត្រូវ​»​។​

phai-si

​គណៈកម្មការ​រៀបចំ​បុណ្យសព​នេះ​ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ជា​ប្រធាន​ និង​សម្តេច ព្រះពោធិ​វង្ស​ អំ​ លឹ​ម​ហេង​ ព្រះសង្ឃ​នាយករង​ទី​២​ នៃ​ព្រះរាជា​ណា​ក​ចក្រ​កម្ពុជា​ ជា​អនុប្រធាន​ រួម​ទាំង​សមាជិក​ផ្សេងៗ​ទៀត​។​ សម្តេច​ សុខ​ អាន​ បាន​ទទួលមរណភាព​នៅ​មន្ទី​ពេទ្យ​នៃ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ក្នុង​ជន្មាយុ​ ៦៦​ឆ្នាំ​ ដោយ​រោគាពាធ​។

សម្ដេច​ សុខ​ អាន​ កាល​នៅ​មានជីវិត​ លោក​មាន​តួនាទី​ជា​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​។​ ​សម្ដេច​ សុខ​ អាន​ ទទួលមរណភាព​រំលង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​ទទួល​បាន​គោរមងារ​ជា​  “​សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន​”​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​។​ ភរិយា​របស់​សម្ដេច​ សុខ​ អាន​ គឺ​លោកស្រី​ ថេ​ង​ អាយ​អា​ន្នី​ បច្ចុប្បន្ន​លោក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី​ចំនួន​ ០៥​នាក់​។​ ​សម្ដេច​ សុខ​ អាន​ កើត​នៅ​ថ្ងៃ​ទី​ ៦​ ខែមេសា​ ឆ្នាំ​ ១៩៥០​ នៅ​ភូមិ​កំពង់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ខេត្តតាកែវ​។​

​សម្ដេច​ សុខ​ អាន​ បាន​ចូលរួម​ដឹកនាំ​ប្រទេស​កម្ពុជា​ តាំងពី​ឆ្នាំ​១៩៩៣​។​ លោក​បាន​ចូលរួម​ចំណែក​ យ៉ាង​សកម្ម​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ និង​ការ​អភិ​វ​ឌ្ឈ​ធនធាន​រ៉ែ​នៅ​កម្ពុជា​ ។​ ស្នាដៃ​សំខាន់ៗ​របស់​សម្តេច​ សុខ​ អាន​ មាន​ដូច​ជា​ការ​ជួយ​ជ្រោមជ្រែង​ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​យូ​ណេ​ស្ដូ​  រួម​ទាំង​ការ​រៀបចំ​ឲ្យ​បង្កើត​ឡើង​នូវ​សាលាក្តី​ខ្មែរក្រហម​ ដែល​កំពុង​តែ​ដំណើរការ​កាត់ទោស​ថ្នាក់ដឹកនាំ​កំពូលៗ​ របស់​ខ្មែរក្រហម​ ដែល​រស់នៅ​សព្វថ្ងៃ​៕

Share

Image
Image
Image