en     km
en     km

សត្វ​ទោច​ថ្ពាល់​លឿង​ជាង​ ១០០០​ក្បាល​ មាន​វត្ដ​មាននៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

Share

ភ្នំពេញ​ ៖​ អង្គការ​អភិរក្ស​សត្វព្រៃ​ WCS​ បាន​ឲ្យ​ដឹង​ថា​ សត្វ​ទោច​ថ្ពាល់​លឿង​ជាង​ ១០០០​ក្បាល​ កំពុង​មាន​វត្ដ​មាននៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ខេត្ដមណ្ឌលគិរី​។​ ចំនួន​នេះ​ គឺ​ប្រហាក់ប្រហែល​ទៅ​និង​ឆ្នាំ​មុន​។​ ក្រុម​អ្នក​ភិ​រក្ស​រំពឹង​ថា​ ចំនួន​របស់​ពួក​គេ​ នឹង​កើនឡើង​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​ បើ​ប្រជា​សហគមន៍​ចូលរួម​អភិរក្ស​ ទប់ស្កាត់​ការ​បរបាញ់​ដោយ​ខុសច្បាប់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​សត្វ​ទោស​ថ្ពាល់​លឿង​ គឺជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​ នៅ​លើ​សាកលលោក​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​ វត្ដមាន​របស់​ទោស​ថ្ពាល់​លឿង​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ រស់នៅ​តែ​ប៉ែក​ខាងកើត​ទន្លេមេគង្គ​ និង​ប៉ែ​ភាគ​ ឦ​សាន្ដ​ នៃ​ប្រទេស​កម្ពុជា​ ប្រទេស​វៀតណាម​ខាងត្បូង​ និង​ប្រទេស​ឡាវ​ តែ​ប៉ុណ្ណោះ​។​ ចំនួន​របស់​ទោច​ថ្ពាល់​លឿង​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ចំនួន​របស់​ពួក​គេ​មិន​ថយ​ចុះ​ ហើយ​ក៏​មិន​មាន​កើនឡើង​ដែរ​។​

​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ របស់​អង្គការ​ សមាគម​អភិរក្ស​ស​សត្វព្រៃ​ WCS​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ ថា​ នេះ​ជា​ដំណឹង​ល្អ​មួយ​ ក្រោយ​ពី​មានការ​តាមដាន​ រក​ឃើញ​ថា​ វត្ដមាន​សត្វ​ទោច​ថ្ពាល់​លឿង​ ដែល​ជា​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​លើ​សាកលលោក​ មាន​វត្ដ​មាននៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ប្រមាណ​ ១២០៩​ក្បាល​។​

​លោក​គិត​ថា​ បើសិនជា​អាច​រក្សា​វត្ដមាន​ របស់​ទោច​ថ្ពាល់​លឿង​បាន​ វត្ដមាន​សត្វព្រៃ​កម្រ​ដទៃៗ​ទៀត​ ក៏​អាច​រក្សា​បាន​ដូច​គ្នា​ ៖«​ជា​ផល​ល្អ​មួយ​ដែរ​ បើ​ទោះបីជា​វា​មិន​មានការ​កើនឡើង​ខ្លាំង​ក៏​ដោយ​ បើសិនជា​យើង​អភិរក្ស​វា​បាន​គឺជា​ផល​ល្អ​ ក៏​ដូច​ជា​អភិរក្ស​សត្វ​ផ្សេងៗ​ទៀត​ដែរ​។​ ពីព្រោះ​វា​មានការ​ផ្សា​ភ្ជាប់​គ្នា​ ការ​រស់នៅ​ជាមួយ​គ្នា​ ប្រភេទ​ក្រុម​ពានរ​ វា​មិនមែន​មាន​តែ​ទោច​មួយ​ទេ​ ក្នុង​ហ្នឹង​មាន​ពពួក​ស្វា​ផ្សេងៗ​ទៀត​។​ អ​ញ្ចឹ​ង​បើ​យើង​អភិរក្ស​សត្វ​ទោច​ហ្នឹង​បាន​ ក៏​ដូច​ជា​អភិរក្ស​សត្វ​ផ្សេងៗ​ទៀត​ដែរ​»​។​

​សត្វ​ទោស​ថ្ពាល់​លឿង​ ជា​សត្វ​ស៊ី​ស្លឹកឈើ​ ត្រួយ​រុក្ខជាតិ​ខ្ចីៗ​ ផ្លែ​ឈើ​ និង​ពពួកសត្វ​ល្អិត​ជា​អាហារ​។​ ពួក​គេ​តែងតែ​បញ្ចេញ​សំឡេង​ ឆ្លើយឆ្លង​គ្នា​នា​ពេល​ព្រឹក​ព្រលឹម​ ចន្លោះ​ម៉ោង​ ៥​ ទៅ​ម៉ោង​ ៦​ព្រឹក​។​ លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ បន្ដ​ថា​ ប្រសិនបើ​លោក​អ្នក​ចង់​ឃើញ​សត្វ​ទោស​ថ្ពាល់​លឿង​ និង​ស្ដាប់​សំឡេង​របស់​ពួក​គេ​ គឺ​អាច​ទៅ​ស្ដាប់​បាន​នៅ​ជុំរុំ​ Jahoo​ Gibbon​ ស្ថិត​នៅ​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អណ្ដូង​ក្រឡឹង​ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្ដមណ្ឌលគិរី​។​

​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ គឺជា​ទីជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ កំពុង​រស់នៅ​ ពំនាក់​អាស្រ័យ​នៅ​ទីនោះ​។​ សត្វ​ទោច​ថ្ពាល់​លឿង​ សត្វ​ឈ្មោល​ មាន​រោម​ពណ៌​ខ្មៅ​ ហើយ​ថ្ពាល់​ទាំង​សងខាង​មាន​ពណ៌​លឿង​ ចំណែក​សត្វ​ញី​ មាន​រោម​ពណ៌​លឿង​ ស្លា​ទុំ​។​ ពួក​គេ​មាន​ដៃ​-​ជើងវែងៗ​ ហើយ​គ្មាន​កន្ទុយ​នោះ​ទេ​ លើស​ពី​នេះ​ ជា​រឿង​កម្រ​បំផុត​ដែល​សត្វ​ទោច​ក្រុម​នេះ​ ចុះ​មក​លើ​ដី​។​ សត្វ​ទោច​ថ្ពាល់​លឿង​ ជា​ទម្លាប់​តែងតែ​រស់នៅ​ជា​ក្រុម​ ចាប់ពី​ ២​ក្បាល​ ទៅ​ដល់​ ៥​ក្បាល​។​

​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ ប្រាប់​ឲ្យ​ដឹង​ថា​ មេ​ទោច​ ត្រូវ​ចំណាយពេល​ពពោះ​រយៈពេល​ ២១០​ថ្ងៃ​។​ ក្រោយ​ពី​កើតកូន​ហើយ​ យ៉ាង​ហោច​ណាស់​ ២​ ឬ​ក៏​ ៣​ឆ្នាំ​ដែរ​ ទើប​មេ​ទោច​ថ្ពាល់​លឿង​មានកូន​ម្ដងទៀត​។​ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ របស់​អង្គការ​ WCS​ សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​ រស់នៅ​ក្នុង​តំបន់​អភិរក្ស​នេះ​យូរ​មក​ហើយ​ ពួក​គាត់​បាន​យល់​ដឹង​ច្រើន​ ពីសារ​ប្រយោជន៍​សត្វព្រៃ​ ហើយ​ពួក​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​អភិរក្ស​សត្វព្រៃ​។​ ក៏​ប៉ុន្ដែ​នៅ​មាន​បញ្ហា​ សម្រាប់​អ្នក​ចំណូលស្រុក​ ដែល​ផ្លាស់​ទី​ទៅ​រស់នៅ​តំបន់​នោះ​ថ្មីៗ​ ពួក​គាត់​បាន​នាំ​គ្នា​រុករាន​ដី​ព្រៃ​ និង​កាប់​ដើមឈើ​ ដែល​ជា​ហេតុ​ បង្ក​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​របស់​សត្វព្រៃ​ ពិសេស​គឺ​ទោច​ថ្ពាល់​លឿង​ ៖«​កត្ដា​គំរាមកំហែង​ទៅ​លើ​សត្វ​ទោច​រាល់ថ្ងៃ​ហ្នឹង​ គឺ​ការ​កាប់​ឈើ​ហ្នឹង​ហ្មង​ ហើយ​និង​ការ​រុករាន​ដី​ព្រៃ​។​ ដូច​ថា​ ប្រជាពលរដ្ឋ​ដែល​គាត់​មក​ពី​ចំណូលស្រុក​ មក​ពី​ស្រុក​ខាងក្រៅ​គាត់​រុករាន​ធ្វើ​ដី​កសិកម្ម​ ដល់​អ​ញ្ចឹ​ង​វា​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ​ទីជម្រក​វា​ហ្នឹង​»​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ របស់​អង្គការ​ WCS​ អំពាវនាវ​សុំ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​ មិន​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ ឬ​ក៏​ប្រជាពលរដ្ឋ​នោះ​ទេ​។​ លោក​ថា​ មាន​តែ​ការ​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​ថែរក្សា​សត្វព្រៃ​ទេ​ ទើប​អាច​ធ្វើ​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា​ មិន​បាត់បង់​។​ ជាង​នេះ​លោក​សំណូម​ ឲ្យ​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ទៅ​លើ​ជនល្មើស​។​

​សត្វព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា​ជិត​ ១០០​ប្រភេទ​ ដែល​រាប់​ទាំង​ សត្វ​ទោច​ថ្ពាល់​លឿង​នេះ​ផង​ បាន​នឹង​កំពុង​ ទទួល​រង​ការ​គំរាមកំហែង​ ព្រោះតែ​ការ​លួច​បរបាញ់​ ដើម្បី​យក​ទៅ​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ផលិត​ជា​ឱសថ​បុរាណ​ ដែល​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ជឿ​។​ មន្ដ្រី​អភិរក្ស​សត្វព្រៃ​ បាន​អះអាង​ដូចៗ​គ្នា​ថា​ នៅ​ក្នុង​ខ្លួន​សត្វព្រៃ​ គឺ​ពោរពេញ​ទៅ​ដោយ​ជំងឺ​ ដែល​មិន​អាចយ​កមក​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ ជំនួស​ឱសថ​វិ​ជ្ជ​សាស្ដ្រ​បាន​នោះ​ទេ​។​

​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ សំណូមពរ​សុំ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​សត្វព្រៃ​គ្រប់​ប្រភេទ​ទាំងអស់​គ្នា​ ដោយ​ត្រូវ​បញ្ឈប់​ការ​បរិភោគ​សាច់​។​ លោក​ថា​ កាលណា​បើ​គ្មាន​តម្រូវការ​ទីផ្សារ​នោះ​ទេ​ នោះ​ក៏​គ្មាន​អ្នក​លួច​បរបាញ់​សត្វព្រៃ​ទៀត​ដែរ​។​

​សត្វ​ទោច​ថ្ពាល់​លឿង​ បាន​ទទួល​រងគ្រោះថ្នាក់​ ព្រោះតែ​ការ​បរបាញ់​ ការ​ដាក់​ទ​ន្ទា​ក់​ ការ​បាត់បង់​ទីជម្រក​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​៕

Share

Image
Image
Image