en     km
en     km

សង្គម​ស៊ី​វិល​ ៖​ អំពើ​ពុក​រលួយ​ថ្នាក់​ក្រោម​ជាតិ​កើត​ចេញពី​កង្វះ​តម្លាភាព​ថវិកា🔊​

Share

​ភ្នំពេញ​៖​ តំណាង​សង្គម​ស៊ី​វិល​ផ្នែក​តស៊ូ​មតិ​និង​គោលនយោបាយ​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរ​បង្ហាញ​តម្លាភាព​ពី​ការ​ប្រើប្រាស់​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ការ​អភិវឌ្ឍ​ដោយ​ផ្ទាល់​និង​បង្ការ​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​។​

 

van-phnit
​លោក​ វ៉ា​ន់​ ផានិត​ ប្រធាន​កម្មវិធី​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ

ប៉ុន្ដែ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិ ការដ្ឋាន​ គ​.​ជ​.​អ​.​ប​ អះអាង​ថា​ ក្រសួង​កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​បើក​ទូលាយ​ពី​ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​ថវិកា​ទាំងនោះ​។ ​ការ​បិទ​ជិត​នូវ​ព័ត៌មាន​ជុំវិញ​ការ​ប្រើប្រាស់​ថវិកា​ថា្ន​ក់​មូលដ្ឋាន​គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​មានការ​បង្ក​អំពើ​ពុក​រលួយ​។​ នេះ​ជា​ការ​កត់សំគាល់​របស់​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​សិក្ខា​សិលា​ស្តី​ពី​ “​ការ​កសាង​សមត្ថភាព​សង្គម​ស៊ី​វិល​ទៅ​លើ​ដំណើរការ​ថវិកា​”​ ។​ សិក្ខា​សិលា​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ហើយ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​ ខែកុម្ភៈ​។

​ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​សំរាប់​ដំណើរការ​រដ្ឋបាល​មូលដ្ឋាន​ពី​២០​លាន​ដុល្លារ​អា​មេ​រិ​ក​សំរាប់​មូលនិធិ​ក្រុង​ ស្រុក​ និង​មូលនិធិ​សំរាប់​ឃុំ​ សង្កាត់​ ៧០​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៦​ ឲ្យ​កើន​ដល់​ប្រមាណ​ជាង​ ៩០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ថ្នាក់​ឃុំ​ សង្កាត់​និង​ថ្នាក់​ក្រុង​ ស្រុក​ មាន​ចំនួន​ប្រមាណ​ជិត​ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៧​។​

​លោក​ វ៉ា​ន់​ ផានិត​ ប្រធាន​កម្មវិធី​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​ ហៅ​កាត់​ថា​ API​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​គោលនយោបាយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ស្ដី​ពី​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ ប៉ុន្ដែ​ជាក់ស្ដែង​គោលនយោ បាយ​នោះ​មិន​ត្រូវ​បាន​យក​មក​អនុវត្តន៍​ទេ​។​ ព័ត៌មាន​ទាំងនេះ​ មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​បន្ដ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​។​ ត្រង់​ចំណុច​នេះ​ លោក​យល់​ថា​ គឺជា​ឱកាស​បង្ក​ឲ្យ​មានការ​ឆ្លៀតឱកាស​នៃ​អំពើ​ពុក​រលួយ​។​ «​បើ​យើង​និយាយ​ម​ឲ្យ​ចំ​ទៅ​គឺ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ អ្នកខ្លះ​គាត់​នៅ​តែ​ភ័ន្ដ​ថា​ ដោយសារ​រឿង​ហ្នឹង​វា​មាន​បញ្ហា​ទាក់ទង​រឿង​ពុក​រលួយ​ ទាក់ទង​អ្វី​បាន​គេ​មិន​បើកចំ ហរ​អ​ញ្ចឹ​ង​រឿង​នេះ​គឺ​វា​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ដោយ​ចំពោះតែ​ម្ដង​»​។​

​ជាមួយ​គ្នា​នេះ​ប្រធាន​កម្មវិធី​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​ព្យាយាម​ឲ្យ​កាន់តែ​ផុសផុល​បន្ថែម​ទៀត​ជុំវិញ​ការ​ផ្ដល់​ព័ត៌មាន​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

kim-nay
​ដូច​គ្នា​ដែរ​អ្នកស្រី​ គី​ម​ ណៃ​ អ្នកគ្រប់គ្រង​កម្មវិធី​បញ្ហា​អភិវឌ្ឍន៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ NGO​ Forum​

​ដូច​គ្នា​ដែរ​អ្នកស្រី​ គី​ម​ ណៃ​ អ្នកគ្រប់គ្រង​កម្មវិធី​បញ្ហា​អភិវឌ្ឍន៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ NGO​ Forum​ ឲ្យ​ដឹង​ថា​ រាល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចាំបាច់​ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គាត់​យល់​ថា​ តើ​ការ​ចាយវាយ​សំរាប់​ការ​ភិ​វ​ឌ្ឍ​ភូមិ​ ឃុំ​ គួរ​ផ្ដោត​ទៅ​លើ​តម្រូវការ​ពិតប្រាកដ​របស់​ពួក​គាត់​ដែរ​ឬទេ​។​ អ្នកស្រី​សង្កត់ធ្ងន់​ថា​ ពលរដ្ឋ​មាន​កាតព្វកិច្ច​បង់ពន្ធ​ជួន​រដ្ឋ​ ដូច្នេះ​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ដឹង​ពី​ដំណើរការ​របស់​រដ្ឋ​ថា​ យក​ប្រាក់​ពន្ធ​របស់​ពួក​គាត់​ទៅ​ប្រើប្រាស់​លើ​អ្វីខ្លះ​។​ «​ហេតុ​អ្វី​បានជា​រដ្ឋ​ត្រូវ​បើកចំហរ​ព័ត៌មាន​ទាំង​អស់នោះ​ ពីព្រោះ​តែ​ថវិកា​ដែល​ប្រមូល​បាន​គឺ​បាន​ពី​ពន្ធ​ពលរដ្ឋ​ ដូច្នេះ​ពលរដ្ឋ​ក៏​ត្រូវ​តែ​ដឹង​ដែរ​ថា​ លុយ​ទាំងអស់​ហ្នឹង​ត្រូវ​ចាយ​ទៅ​លើ​អ្វី​ ហើយ​ត្រូវ​នឹង​តម្រូវការ​របស់​គាត់​អត់​»​។

ngan-chomroen
​លោក​ ង៉ា​ន់​ ចំរើន​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​ គ​.​ជ​.​អ​.​ប​

​ជា​ការ​ឆ្លើយ​តប​លោក​ ង៉ា​ន់​ ចំរើន​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​ គ​.​ជ​.​អ​.​ប​ ទទួលស្គាល់​ថា​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ភូមិ​ ឃុំ​ នេះ​ពិតមែន​ ប៉ុន្ដែ​លោក​អះអាង​ថា​ ក្រសួង​កំពុង​ព្យាយាម​រិះរក​វិធី​ដើម្បី​ផ្ដល់​ព័ត៌មាន​ទាំងនេះ​ឲ្យ​ពលរដ្ឋ​ដឹង​កាន់តែ​ទូលាយ​។​ «​គ្រប់​គម្រោង​យើង​សុទ្ធតែ​ដាក់​បង្ហាញ​ (​និង​ចុះ​ត្រួត​ពិ​ត្យ​)​ ហើយ​យើង​ក៏​បង្កើត​ជា​ស្លាក​សញ្ញា​ថា​ ថវិកា​ហ្នឹង​ធ្វើ​ដោយ​មូ​លិ​ធិ​អ្វី​ ប្រើប្រាស់​ថវិកា​អស់​ប៉ុន្មាន​ សម្រាប់​ឆ្នាំ​ណា​គឺ​មាន​ទាំងអស់​ ចង់​បញ្ជាក់​ថា​ រាល់​លទ្ធផល​នៃ​គម្រោង​នីមួយៗ​»​។​

​គួរ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ឆ្នាំ​តែងតែ​បែងចែក​ថវិកាជាតិ​សម្រាប់​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ​ ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ប្រមូល​ពន្ធ​នានា​៕

Share

Image
Image
Image