en     km
en     km

សង្គម​ស៊ី​វិល​ សាទរ​ការ​ដាក់​បន្ថែម​តំបន់​បី​ទៀត​ជា​តំបន់​អភិរក្ស​

Share

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​ដាក់​តំបន់ការពារធម្មជាតិ​ចំនួន​ ៣​ បន្ថែម​ទៀត​ដែល​ត្រូវ​បង្កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។​ ទាក់ទិន​ការ​ដាក់​តំបន់​អភិរក្ស​បន្ថែម​ដូចនេះ​សង្គម​ស៊ី​វិល​បង្ហាញ​ការ​សាទរ​ដែល​ក្រសួងបរិស្ថាន​ គិតគូរ​ពី​ការ​ថែរក្សា​សម្បត្ដិ​ធម្មជាតិ​ ប៉ុន្ដែ​ត្រូវ​កំណត់​ យុទ្ធសាស្ដ្រ​ និង​ព្រំដែន​តំបន់​នោះ​ឲ្យ​បាន​ច្បាស់​ ដើម្បី​ការពារ​ជន​ឱកាសនិយម​មួយ​ចំនួន​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

environ16
​តំបន់​ទាំង​បី​នោះ​រួម​មាន​ កោះរុង​ ជា​ឧទ្យាន​ជាតិ​ និង​ បឹង​ព្រែក​ទប់​ ជា​តំបន់​អភិរក្ស​ទឹកសាប​ ហើយ​ភ្នំ​ត្បែង​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។​ ​

​ជុំវិញ​ វិធានការ​របស់​ក្រសួងបរិស្ថាន​ដូចនេះ​លោក​ តឹក​ វណ្ណ​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​(NGO​ Forum)​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​ នេះ​ថា​ គឺជា​រឿង​ ប្រសើរ​និង​ល្អ​ដែល​រាជរដ្ឋាភិបាល​មានការ​យកចិត្ដទុកដាក់​លើ​តំបន់​ទាំងនេះ​។​ ប៉ុន្ដែ​លោក​យល់​ថា​ ប្រសិនជា​ត្រឹមតែ​ចេញ​សេចក្ដី​ប្រកាស​ហើយ​គ្មាន​សកម្មភាព​ជាក់ស្ដែង​ណា​ក៏​មិន​មាន​លទ្ធផល​អ្វី​ដែរ​។​ ​

​នាយក​ប្រតិបត្ដិ​ NGO​ Forum​ បញ្ជាក់​ថា​ ដើម្បី​ឲ្យ​តំបន់​ទាំងនោះ​ចៀស​ផុត​ពី​ការ​កាប់​បំផ្លាញ​ ពី​ជន​ឱកាសនិយម​ណាមួយ​លុះណាតែ​ក្រសួង​ ចាត់វិធានការ​ឲ្យ​មាន​មន្ដ្រី​ល្បាត​តំបន់​អភិរក្ស​ទាំងនោះ​ឲ្យ​បាន​គ្រប់គ្រាន់​ បោះបង្គោល​ព្រំ​ដី​តំបន់​ទាំងនោះ​ឲ្យ​បាន​ច្បាស់​ ពង្រឹង​ការ​អនុវត្ដន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។​ ​

​លោក​ តឹក​ វណ្ណ​រ៉ា​៖​ «​ប្រសិនបើ​ការ​អនុវត្ដន៍​ច្បាប់​ប្រកបដោយ​សន្ដិភាព​ ហើយ​ការ​បោះ​បង្គោលព្រំ​ដី​ច្បាស់លាស់​ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ក្រសួងបរិស្ថាន​គាត់​មាន​ធន់​ធាន​ថវិការ​ ធនធាន​បច្ចេកទេស​ ដើម្បី​ឲ្យ​គាត់​មាន​លទ្ធិ​ភាព​ដើរ​ល្បាត​ឲ្យ​គាត់​មាន​លទ្ធិ​ភាព​មាន​មន្ដ្រី​ប្រចាំ​នៅ​ក្នុង​តំបន់​ទាំង​បី​ហ្នឹង​ យើង​គិត​ថា​បទល្មើស​ព្រៃឈើ​ និង​បទល្មើស​លើ​ធនធានធម្មជាតិ​មួយ​ចំនួន​នឹង​ត្រូវ​បាន​កាត់​បន្ថយ​»​។​

​បើ​យោង​តាម​ការ​ជូនដំណឹង​ របស់​ក្រសួងបរិស្ថាន​ មូលហេតុ​ដែល​ដាក់​តំបន់​ទាំង​៣​នេះ​ជា​តំប់​អភិរក្ស​គឺ​ ក្នុង​គោលបំណង​ដើម្បី​ធានា​ការ​ថែរក្សា​ និង​ការពារ​សោភ័ណ​ភាព​ធម្មជាតិ​ វប្បធម៌​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវៈ​ជម្រុះ​ក្នុង​តំបន់​ទាំងនោះ​ និង​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​យល់​ដឹង​ថែម​ទៀត​អំពី​ការពារ​ធនធានធម្មជាតិ​។​

​ចំណែក​ការ​ដាក់​ភ្នំ​ត្បែង​ជា​តំបន់​បេ​តិក​ភ័​ណ​ធម្មជាតិ​ គឺ​ដើម្បី​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជំនាន់​ ឱ្យ​យល់​ដឹង​ពី​ការ​អប់រំ​ ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ និង​ជំនឿ​ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ​ និង​ វប្បធម៌​នៅ​មូលដ្ឋាន​។​

​សូមជ្រាប​ថា​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ ដោយ​ក្រសួងបរិស្ថាន​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ចំនួន​ ៤៥​ ៕ ​

Share

Image
Image
Image