en     km
en     km

សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ ​ជូនពរ​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​រើស​បាន​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​(មានសំឡេង)

Share

ភ្នំពេញ៖ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅថ្ងៃទី ១៤ មេសា ខណៈពិធីបុណ្យនេះជិតមកដល់នេះ អ្នកវិភាគ និងអង្គការសង្គមស៊ីវិលមួយចំនួនបានជូនពរឱ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជួបតែសេចក្ដីសុខ សំណាងល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ។

ក្រៅពីនេះ ពួកគាត់បានជូនពរឱ្យពលរដ្ឋខ្មែរដែលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនេះ បោះឆ្នោត រើសបានមេដឹកនាំដែលខ្លួនពេញចិត្ត។ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចាប់ផ្ដើមនៅថ្ងៃទី៤មិថុនា ឆ្នាំ២០១៧នេះ។
កញ្ញា ជុំ ជោគជាតារាយការណ៍ព័ត៌មានេះ!

 

អ្នកដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ។
អ្នកដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ។

ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគ ដូចនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧នេះ ។

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា អ្វីដែលលោកចង់បានសម្រាប់ឆ្នាំថ្មីគឺសុខសន្តិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។

សន ជ័យ ៖ « សង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងបានចូលរួមយ៉ាងរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ ហើយជា មួយគ្នានោះដែរ យើងចង់ឃើញភាពស្រុះស្រួលផ្នែកនយោបាយកើតឡើងនៅបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរនេះ ហើយសកម្មជន ឬក៏អ្នកការពារសិទ្ធិមនុស្ស សង្ឃឹមថានឹងអាចដោះលែងអោយមានសេរីភាពវិញ ដើម្បីអោយពួកគេមានឱកាសបំរើកិច្ចការសង្គម ជាពិសេសជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបានបន្ដទៀត»។

ទន្ទឹមនឹងនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា និចហ្វិក សង្ឃឹមថា នៅក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងអ្នកនៅទីក្រុង និងនៅជនបទ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន និងសុភមង្គលនៅក្នុងក្រុមគ្រួសារ។ ក្នុងឋានៈជាអ្នកឃ្លាំមើលការបោះឆ្នោតលោក សំ គន្ធាមី ក៏ក្រែងរំលឹកទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាអញ្ជើញទៅបោះឆ្នោត។

សំ គន្ធាមី ៖«ទីមួយឆ្លៀតក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ ខ្ញុំសុំជូនទៅដល់បងប្អូនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីក្រុងក៏ដោយ ជនបទក៏ដោយឱ្យជួបប្រទះតែសេចក្ដីសុខ សុខចំរើន សុភមង្គល ហើយសូមមេត្តាអញ្ជើញទៅមើលបញ្ជីឈ្មោះបេក្ខជន គោលការណ៍គណបក្សនយោបាយដែលបិទនៅតាមឃុំសង្កាត់ ឬក៏ទីស្នាក់ការគណៈកម្មាការរៀបចំការបោះឆ្នោត និងទៅបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឱ្យបានគ្រប់ៗគ្នា»។

ជុំវិញរឿងនេះដែរ លោក ឯម សុវណ្ណារ៉ា សាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោយបាយ និងជាអ្នកវិភាគដែរនោះ ក៏ជូនពរឱ្យពលរដ្ឋខ្មែរនៅក្នុងប្រទេស និងនៅក្រៅប្រទេសទាំងអស់មានទឹកចិត្តរួបរួមគ្នា និងរួមរស់ជាមួយគ្នាដោយសុខដុមរមនា ហើយសង្ឃឺមថាអ្នកនយោបាយប្រើធម៌ព្រះពុទ្ធ និងកុំប្រើហិង្សា ទើបសង្គមមានសន្តិភាព។

ក្រៅពីនេះ សាស្ដ្រចារ្យ ឯម សុវណ្ណារ៉ា ក៏ក្រែងរំលឹកដល់ពលរដ្ឋទាំងអស់ ត្រូវមានស្មារតីរស់រវើក ក្នុងការចូលរួមរាល់ការបញ្ចេញមតិ និងទស្សនៈរបស់ខ្លួនតាមរយៈការបោះឆ្នោតឱ្យ សមជាពលរដ្ឋសង្គមប្រជាធិបតេយ្យ។

ឯម សុវណ្ណារ៉ា៖ « ក្នុងន័យនេះ បើពលរដ្ឋអសកម្មក្នុងការចូលរួមនៅក្នុងការបោះឆ្នោត មិនសមជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យទេ។ ចឹង សង្គមកម្ពុជាក៏ខ្វះភាពសកម្មនៃសកម្មភាពប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជាដែរ។ ដូច្នេះ សូមឱ្យពលរដ្ឋកម្ពុជាទាំងអស់ដែលនៅមានវត្តមាន មានជីវិត មានសុខភាពល្អ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា ហើយជ្រើសរើសដែលអ្នកដឹកនាំខ្លួនឯង ដែលខ្លួនឯងពេញចិត្ត ប្រាថ្នាចង់បានឱ្យតាមសេចក្ដីប្រាថ្នារបស់ខ្លួនរៀងៗខ្លួន»។

ក្រៅពីអ្នកដែលធ្វើការអង្គការសង្គមស៊ីវិល និងអ្នកវិភាគហើយនោះ មន្ដ្រីអង្គការមិនមែន រដ្ឋាភិបាល ហៅកាត់ថា NGO Forum ក៏ជូនពរឱ្យប្រជាពលរដ្ឋខ្មែរ ទទួលបានសុខភាពល្អ និងជួបប្រទះសេចក្ដីសុខ ផងដែរ។ លោកក៏សង្ឃឹមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះនឹងប្រកបដោយភាពយុត្ដិធម៌ និង ត្រឹមត្រូវ។

លោក តឹកវណ្ណារ៉ា ៖« ជួសឱ្យវេទិការអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា យើងសូមប្រសិទ្ធិពរជ័យ ជូនដល់ប្រជាជនកម្ពុជា សូមទទួលបានសុខភាពល្អ ជួបប្រទះតែសុភមង្គលគ្រប់ពេលវេលា ហើយសូមឱ្យដំណើរបោះឆ្នោតការបោះឆ្នោតឃុំសង្កាត់សម្រាប់អណ្ណតិ្តទី៤នេះ ប្រកបទៅដោយភាពយុត្ដិធម៌ត្រឹមត្រូវ នឹងមានដំណើរការល្អប្រសើរ ហើយជាមួយគ្នានេះដែរ យើងសូមឱ្យក្រុមគ្រួសារសកម្មជនដីធ្លី និងសិទ្ធិមនុស្សទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើន សុខភមង្គលនិងឆាប់បានជួបជុំគ្នាក្នុងពេលខាងមុខឆាប់ៗនេះ កុំប្បីខាន ហើយសូមឱ្យប្រទេសកម្ពុជាយើងជួបតែសុខសន្ដិភាពជារៀងដរាប»។

សារជូនពរ និងក្ដីសង្ឃឹមរបស់អង្គការសង្គមស៊ីវិលដូចនេះ ចំពេលដែលមន្ដ្រីការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកវិភាគ រួមទាំងអ្នកនយោបាយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិល និងអ្នកវិភាគ ដែលវិទ្យុស្ដ្រីបានសុំសម្ភាសន៍ ពួកគាត់នៅតែមានក្ដីសង្ឃឹមថា ស្ថានភាពនយោបាយនៅកម្ពុជា អាចនឹងវិលមករកភាពល្អប្រសើរឡើងវិញ ហើយអ្នកដែលជាប់ឃុំទាំងប៉ុន្មាននឹងរួចផុតពីការចោទប្រកាន់ក្នុងពេលឆាប់ៗខាងមុខនេះ៕

Share

Image
Image
Image