en     km
en     km

សង្គម​ស៊ី​វិល​៖​ មន្ត្រី​រដ្ឋាភិបាល​ គួរតែ​មាន​ទំនួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​

Share

​ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ី​វិល​បាន​លើក​ឡើង​ថា​ មន្ដ្រី​រដ្ឋាភិបាល​មួយ​ចំនួន​សព្វថ្ងៃ​គឺ​កម្រ​ចេញ​មក​បង្ហាញ​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ណាស់​នៅ​ពេល​ដែល​មាន​បញ្ហា​ក្នុង​សង្គម​ម្ដងៗ​ ។​ ពួក​គេ​យល់​ថា​ ការ​មិន​ចេញ​មុខ​មក​ទទួលខុសត្រូវ​នេះ​បណ្ដាល​មក​ពី​ការ​ខ្វះ​សីលធម៌​ ។​ ការ​ថ្លែង​របស់​សង្គម​ស៊ី​វិល​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វេទិការ​យុវជន​ក្រោម​ប្រធានបទ​«​វប្ប​ធ​ម៍​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ខ្មែរ​»​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​ ជប៉ុន​ ព្រឹក​ថ្ងៃ​ទី​ ២៤​ មេ​សា​នេះ​។​ ទោះជា​យ៉ាងណា​ មន្ដ្រី​រាជរដ្ឋាភិបាល​បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ​ ដោយ​ចាត់​ទុក​ថា​ ត្រឹមតែ​ជា​ការ​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​។​
youth-forum-text

​លោក​ ជាង​ សុខា​ នាយក​ប្រតិបត្ដិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP)​ នៅ​ថ្ងៃអាទិត្យ​ ទី​ ២៤​ មេ​សា​នេះ​បាន​លើក​ឡើង​ថា​ រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​កើតឡើង​ក្នុង​សង្គម​ខ្មែរ​ គឺ​មាន​ព្រឹត្ដិការណ៍​អាក្រក់ៗ​មួយ​ចំនួន​ធំ​ មាន​ជា​អាទិ៍​ដូច​ជា​ការ​ជាន់​គ្នា​ស្លាប់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ការ​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​លោក​ ឈុត​ វុ​ទ្ធី​ និង​ បាញ​សម្លាប់​លោក​ ជា​ វិជ្ជា​ ប្រធាន​សជីព​សេរី​កម្មក​ជាដើម​ ដែល​ហេតុ​ការ​ទាំងនេះ​គឺ​ពុំ​មាន​អ្នក​បង្ហាញខ្លួន​ចេញ​មក​ទទួលខុសត្រូវ​នោះ​ឡើយ​។​ លោក​ ជាង​ សុខា​ បន្ថែម​ថា​ មន្ដ្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ដ​កំហុសឆ្គង​ ដែល​បង្ក​ផល​ប៉ះពាល់​ដល​ផលប្រយោជន៍​រាស្ដ្រ​ ឬ​ក៏​ប្រយោជន៍​រដ្ឋ​ ពួក​គេ​កម្រ​ចេញ​មក​ទទួលខុសត្រូវ​លើ​ទ​ង្វើ​របស់​ខ្លួន​ណាស់​ ។​​

​បន្ថែម​លើ​បញ្ហា​នេះ​ លោក​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ពី​ការ​ភិ​វឌ្ឍន៍​សង្គម​បាន​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មន្ដ្រី​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​ប្រទេស​ដទៃ​មួយ​ចំនួន​មាន​ទំនួល​ខុស​ត្រូវ​ខុស​គ្នា​ គឺ​ដោយសា​វប្ប​ធ​ម៍​ពុក​រលួយ​ វប្ប​ធ​ម៍​មិន​មានការ​ទទួលខុសត្រូវ​ នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បណ្ដុះ​ឲ្យ​ក្លាយទៅជា​ទម្លាប់​ ហើយ​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​វប្ប​ធ​ម៍​និទណ្ឌភាព​នៅ​ពេល​ដែល​ប្រព្រឹត្ដ​ខុស​ មិន​មានទោស​ពៃ​ ជា​ពិសេស​ត្រូវ​បាន​តម្លើង​ឋានៈ​ជាដើម​។​​

​លោក​ កែម​ ឡី​ បន្ថែម​ថា​ ប្រសិនជា​ពលរដ្ឋ​ចង់​ជម្រុញ​ឲ្យ​មន្ដ្រី​រដ្ឋាភិបាល​ មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​កិច្ចការ​របស់​ខ្លួន​ គឺ​ពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចូលរួម​តាមដាន​រាល់​ព្រឹត្ដិការណ៍​សង្គម​ផ្សេងៗ​ ជា​ពិសេស​យុវជន​ ត្រូវ​តែ​ធ្វើ​សកម្មភាព​ក្នុង​សង្គម​ឲ្យ​បាន​ផុសផុល​ និង​ទំនួល​ខុស​ត្រូវ​ឲ្យ​បាន​ខ្ពស់​។​​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិការ​ប្រតិបត្ដិ​អង្គការ​ស៊ី​លី​ការ​ បាន​មាន​ប្រសាសន៍​ថា​ ការ​គ្មាន​ទំនួល​ខុស​ត្រូវ​ពី​មន្ដ្រី​មាន​អំណាច​មួយ​ចំនួន​គឺ​ដោយសារ​តែ​សីល​ធ​ម៍​ក្នុង​ខ្លួន​បុគ្គល​ម្នាក់ៗ​មានការ​ធ្លាក់​ចុះ​ ហើយ​ម្យ៉ាងវិញទៀត​គណនេយ្យ​ភាព​សង្គម​ និង​ លទ្ធិប្រជាធិបតេយ្យ​នៅ​មាន​កម្រិត​នៅ​ឡើង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​មិន​បាន​គិត​គួរ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​។​ លោកស្រី​បន្ថែម​ថា​ ប្រជាពលរដ្ឋ​គឺ​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកមាន​អំណាច​បង្ហាញ​ឆន្ទៈ​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ខ្ពស់​បំផុត​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​។​​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ​ ដោយ​លោក​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ គឺ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ធ្វើការ​បំ​រើស​រាស្ដ្រ​។​ ជាក់ស្ដែង​ដូច​ជារ​ព្យាយាម​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជួន​ពលរដ្ឋ​ និង​បំពេញ​តាម​សំណើរ​ពលរដ្ឋ​ស្ទើរ​គ្រប់​ចំណុច​ពី​សណាក់​នាយក​រដ្ឋមន្ដ្រី​នា​ពេល​កន្លង​មក​។​ លោក​បន្ថែម​ថា​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ដែល​រិះគន់​រដ្ឋាភិបាល​ភាគច្រើន​ គឺជា​ក្រុម​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ដោយ​គ្រាន់តែ​បិត​ឈ្មោះ​ថា​អង្គការក្រៅរដ្ឋាភិបាល​ប៉ុណ្ណោះ​។​ លើស​ពី​នេះ​លោក​ ផៃ​ ស៊ី​ផា​ បាន​ចំអក​ទៅ​កាន់​ក្រុម​អង្គការ​សង្គម​ទាំងនោះ​ថា​ បាន​ត្រឹមតែ​និយាយ​ ដើម្បី​ឲ្យ​មហាជន​មានការ​កោតសរសើរ​នូវ​ទ​ង្វើ​របស់​ខ្លួន​ប៉ុណ្ណោះ​។​​

​​សូម​ជម្រាប​ថា​ វេទិការ​យុវជន​ក្រោម​ប្រធានបទ​«​វប្ប​ធ​ម៍​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ខ្មែរ​»​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​ ជប៉ុន​ (CJCC)​ នេះ​ មាន​អ្នកចូលរួម​ប្រហែល​ជាង​៣០០​នាក់​ ដែល​វេទិការ​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP)​ សហការ​ជាមួយ​យុវជន​ស្ម័គ្រចិត្ដ​ ក្រោម​ការ​ឧ​ប​ត្ថ​ម​ថវិកា​ពី​ សេវា​សន្ដិភាព​ស៊ី​វិល​ (CPS)​ តាម​កិច្ច​សហប្រតិបត្ដិកា​រអា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ (GIZ)៕

Share

Image
Image
Image