en     km
en     km

សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ការ​យឺតយ៉ាវ​នៃ​ការ​បើក​ប្រាក់ខែ​គ្រូបង្រៀន​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អប់រំ​កម្ពុជា

Share

Cover-teachers'salary
​ថ្មីៗ​នេះ​ មាន​គ្រូ​ជាប់កិច្ចសន្យា​ប្រមាណ​១០០​នាក់​ នៅ​ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ត្អូញត្អែរ​ថា​ ពួក​គាត់​មិន​បាន​បើក​ប្រាក់ខែ​ជិត​មួយ​ឆ្នាំ​មក​ហើយ​ គឺ​ចាប់តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ ​ករណី​បើក​ប្រាក់ខែ​យឺតយ៉ាវ​ដល់​គ្រូបង្រៀន​ជាប់កិច្ចសន្យា​នេះ​ សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​  វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រូបង្រៀន​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ​ផង​ដែរ​។​

​តំណាង​សម្ព័ន្ធ​គណ​យ្យ​ភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ សន​ ជ័យ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​សុក្រ​ ទី​០៩​ ខែតុលា​នេះ​ថា​ មិន​ថា​គ្រូ​ជាប់កិច្ចសន្យា​ ឬ​គ្រូ​ក្រប​ខណ្ឌ​នោះ​ទេ​ គួរតែ​ទទួល​បាន​ផលប្រយោជន៍​ដូចៗ​គ្នា​ ពីព្រោះ​ថា​ពួក​គេ​សុទ្ធតែ​បាន​បំពេញការងារ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​នៅ​ក្នុង​វិស័យ​អប់រំ​ដូចៗ​គ្នា​។​

​លោក​បន្ថែម​ថា​ បើ​ការ​បើក​ប្រាក់ខែ​នោះ​នៅ​តែ​មានការ​យឺតយ៉ាវ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​រៀនសូត្រ​របស់​សិស្ស​ និង​ប្រព័ន្ធ​អប់រំ​ជាក់​ជា​មិន​ខាន​។​ «​អ​ញ្ចឹ​ង​ ប្រ​សិន​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ផលប្រយោជន៍​ ហើយ​មានការ​យឺតយ៉ាវ​បែប​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រៀនសូត្រ​របស់​សិស្ស​ ជា​ពិសេស​គ្រូ​ដែល​ជាប់កិច្ចសន្យា​ទាំងអស់​ហ្នឹង​ គាត់​នឹង​មិន​អាច​បំពេញការងារ​បាន​ល្អ​ ហើយ​អ្វី​ដែល​ជា​លទ្ធផល​នៃ​ផល​ប៉ះពាល់​នោះ​ គឺ​ការ​រៀនសូត្រ​របស់​សិស្ស​ហ្នឹងឯង​ ។​ ចំណុច​នេះ​ខ្ញុំ​គិត​ថា​ បើ​នៅ​តែ​បណ្តោយ​ឲ្យ​នៅ​អ​ញ្ចឹ​ង​ទៀត​ វា​នឹង​ប៉ះពាល់​ដល់​រឿង​អប់រំ​ហ្នឹងហើយ​ ។​ អ​ញ្ចឹ​ង​ក្រសួង​អប់រំ​គួរ​មាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ​។​

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

ទាក់ទង​នឹង​ការ​យឺតយ៉ាវ​ ក្នុង​ការ​បើក​ប្រាក់ខែ​របស់​គ្រូ​ជាប់កិច្ចសន្យា​នេះ​ដែរ​ អ្នកស្រី​ ​អ៊ុ​ក​ ឆា​យ៉ា​វី​ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​និយាយ​ថា​ ករណី​គ្រូ​ជាប់កិច្ចសន្យា​មិន​បាន​បើក​ប្រាក់ខែ​រយៈពេល​១​ឆ្នាំ​ មិនមែន​មាននៅ​តែ​ខេត្តកំពង់ចាម​មួយ​នោះ​ទេ​ គឺ​នៅ​គ្រប់​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា​ ឱ្យ​តែ​មាន​អ្នកគ្រូ​ លោកគ្រូ​ជាប់កិច្ចសន្យា​គឺ​សុទ្ធតែ​មិន​ទាន់​បាន​បើក​ប្រាក់ខែ​ដូច​គ្នា​ទាំងអស់​។​

​អ្នកស្រី​ក៏​បាន​លើក​ទ្បើ​ង​ផង​ដែរ​ថា​ ក្រសួង​អប់រំ​តែង​ថា​លើកកម្ពស់​គុណភាព​អប់រំ​ ប៉ុន្តែ​មាន​តែ​ទ្រឹស្តី​ និង​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​។​
«​ខ្ញុំ​គិត​ថា​ក្រសួង​គ្រាន់តែ​និយាយ​អ្វី​ដែល​មិនមែន​ជា​ការ​ពិត​ គ្រាន់តែ​នៅ​ក្នុង​ក្រដាស​ប៉ុណ្ណឹង​ទេ​។​ ការ​ដែល​មិន​បាន​ប្រាក់បៀវត្ស​ទៅ​ដល់​ពួក​គាត់​ គឺជា​ការ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​គាត់​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​គឺជា​បញ្ហា​សុខភាព​របស់​គាត់​ ដោយសារ​តែ​គាត់​ហូប​ចុក​អត់​គ្រប់គ្រាន់​ ហើយ​នេះ​ហើយ​ជា​ការ​ប៉ះពាល់​ដល់​សុខភាព​»។​

Share

Image
Image
Image