en     km
en     km

សង្គម​ស៊ី​វិល​ព្រួយបារម្ភ​ណ៍​ពី​ការ​កើនឡើង​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​វ័យក្មេង​

Share

cover-press-conference-of-world-contraception-day

ភ្នំពេញ៖  អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្យារកំណើត​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​វ័យក្មេង​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ដល់​១៩​ឆ្នាំ​។​ ហើយ​ការ​មាន​ផ្ទៃពោះ​វ័យ​នេះ​ ដោយសារ​តែ​ពួក​គេ​មិន​បាន​យល់​ដឹង​ពី​វិធី​នៃ​ការ​ពន្យារកំណើត​។​ ​មន្ត្រី​នៃ​អង្គការ​សុខភាព​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ចំពោះ​បញ្ហា​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​វ័យក្មេង​ ដែល​ប្រឈម​នឹង​បញ្ហា​សុខភាព​ទាំង​ម្ដាយ​ ទាំង​ទារក​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​ ស្តី​ពី​ការ​ប្រគុំ​តន្ត្រី​ និង​សិក្ខាសាលា​ទិវា​ពន្យារកំណើត​ពិភពលោក​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោកស្រី​ ជី​ សុ​ជាតិ​ នាយិកា​ប្រតិបត្តិ​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​ បាន​ថ្លែង​ថា​ តាម​រយៈ​របាយការណ៍​នៃ​ការ​អង្កេត​វិទ្យាសាស្ត្រ​កាលពី​ឆ្នាំ​ ២០១៤​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងផែនការ​ និង​ក្រសួងសុខាភិបាល​ បាន​បង្ហាញ​លទ្ធផល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​យុវតី​វ័យក្មេង​ ដែល​ឆាប់​ប្រឡូក​នឹង​ការ​រួម​ភេទ​ និង​មាន​ផ្ទៃពោះ​ទាំង​នៅ​វ័យក្មេង​។​

​លោកស្រី​បន្ត​ថា​ ក្នុង​ចំណោម​យុវតី​វ័យក្មេង​ដែល​មាន​ផ្ទៃពោះ​ទាំងនោះ​ នារី​វ័យក្មេង​នៅ​ជនបទ​ដាច់​ស្រយាល​ គឺ​មានការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។​ ​លោកស្រី​បន្ត​ថា​ ការ​មាន​ផ្ទៃពោះ​ទាំង​នៅ​វ័យក្មេង​ពេក​ មិន​បាន​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ទាំង​ម្តាយ​ ទាំង​កូន​នោះ​ទេ​។​

​នាយិកា​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​រូប​នេះ​ បាន​ថ្លែង​បន្ត​ថា​ ការ​មាន​ផ្ទៃពោះ​ទាំង​នៅ​វ័យក្មេង​នេះ​ ដោយសារ​តែ​ពួក​គាត់​មិន​បាន​យល់​ដឹង​ពី​វិធី​នៃ​ការ​ពន្យារកំណើត​។​ លោកស្រី​ថា​ ការ​យល់​ដឹង​ពី​វិធី​នៃ​ការ​ពន្យារកំណើត​ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​យុវវ័យ​។​

លោកស្រី​ ជី​ សុ​ជាតិ​ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ ការ​មាន​ផ្ទៃពោះ​ទាំង​នៅ​វ័យក្មេង​  ក៏​បណ្តាល​មក​ពី​យុវវ័យ​សម័យនេះ​ទទួល​បាន​ឥទ្ធិពល​ច្រើន​ពី​វប្បធម៌​បរទេស​ ដែល​បណ្តាល​យុវតី​វ័យក្មេង​ជា​ច្រើន​ឆាប់​ប្រឡូក​ការ​រួម​ភេទ​តាំងពី​នៅ​វ័យក្មេង​។​

​លោកស្រី​បន្ត​ទៀត​ថា​៖​ «​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ចាប់អារម្មណ៍​ ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មាន​វិធានការ​។​ អ​ញ្ចឹ​ង​យើង​ត្រូវ​ផ្តល់​នូវ​ចំណេះដឹង​ទៅ​ចំពោះ​គាត់​ គាត់​ត្រូវការ​ចំណេះដឹង​ជា​ចាំបាច់​នូវ​ផ្នែក​មធ្យោបាយ​ពន្យា​កំណើត​»​។​

​លោកស្រី​ ខា​មី​ល​ ទី​ហា​ម៉ូ​ តំណាង​អង្គការ​ម៉ា​រី​ស្តុ​ប​កម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នេះ​ដែរ​ថា​ យុវជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​ដឹង​ច្រើន​ពី​វិធី​នៃ​ការ​ពន្យារកំណើត​បែប​ទំនើប​នោះ​ទេ​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង​ មានកូន​ដោយ​ឥត​ព្រៀង​ទុក​ ទាំង​វ័យ​នៅ​ក្មេង​។​

​លោកស្រី​ ខា​មី​ល​ បាន​បន្ថែម​ទៀត​ ការ​ពន្យារកំណើត​គឺជា​វិធី​ដ៏​ល្អ​បំផុត​ ដើម្បី​ធ្វើ​ឱ្យ​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់​។​ ដើម្បី​ចូលរួម​ផ្តល់​ជា​វិធីសាស្ត្រ​ផ្សេងៗ​ ទាក់ទង​នឹង​ការ​ពន្យារកំណើត​ដល់​យុវវ័យ​ ក្រសួងសុខាភិបាល​ អង្គការ​ UNFPA​  អង្គការ​ USAID​  និង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​ នឹង​បង្កើត​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ថ្ងៃ​ទី​២៥​ ធ្នូ​ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ ដែល​មាន​តារាចម្រៀង​ល្បីៗ​ដូច​ជា​ កញ្ញា​ មាស​ សុខ​សោភា​ លោក​ ហេង​ ពិ​ទូ​ ជាដើម​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ធ្នូ​ ខាង​មុខ​នេះ​ ក៏​មានការ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ (CKCC)​ ផង​ដែរ​។​

​បើ​តាម​លទ្ធផល​អង្កេត​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ​ ២០១៤​ បាន​រក​ឃើញ​ថា​ ក្មេង​ស្រី​អាយុ​ ១៥​ឆ្នាំ​ ដល់​ ១៩​ឆ្នាំ​ មាន​ ១២%​ បាន​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ ក្នុង​នោះ​ ៧%​ បាន​ក្លាយទៅជា​ម្តាយ​គេ​ និង​ ៥%​ ទៀត​ កំពុង​ពពោះ​កូន​ទី​មួយ​របស់​ខ្លួន​។​ របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ខេត្តរតនគិរី​ និង​មណ្ឌលគិរី​ មាន​អត្រា​នារី​វ័យក្មេង​មាន​ផ្ទៃពោះ​រហូត​ដល់​ ៣០%​ ខេត្តស្ទឹងត្រែង​ ២៥%​ និង​ខេត្តក្រចេះ​ ២០%៕

Share

Image
Image
Image