en     km
en     km

សង្គម​ស៊ី​វិល​ថា​ រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​ឱ្យ​ស្ថាបនិក​មាតា​ធម្មជាតិ​ លោក​ អេ​ឡិច​ បាន​វិល​ចូល​មក​កម្ពុជា​វិញ​

Share

លោក អាឡិច (PP Post)
លោក អាឡិច  (PP Post)

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ លោក​ អា​ឡិច​ ហ្ស​ង់​ដ្រូ​ ហ្ក​ន់​សា​ឡេ​ ដេ​វិត​សិន​ (Alejeandro​ Gonzalez​ Davidson)​  ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ បាន​បង្ហាញ​កា​ប្ដេជ្ញា​ចិត្ដ​របស់​ខ្លួន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ អនុញ្ញាត​ឱ្យ​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​នៅ​តុលាការ​តទល់​នឹង​ការ​ចោទប្រកាន់​។​ ជុំវិញ​បញ្ហា​នេះ​ សង្គម​វិ​ស៊ី​ល​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​ឱ្យ​លោក​ អេ​ឡិច​ បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​តាម​ការ​ស្នើ​សុំ​។​

អង្គការមិនមែនរដ្ឋាភិបាល​មួយ​ចំនួន​យល់​ឃើញ​ថា​ ការ​ស្នើ​សុំ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ របស់​លោក​ អា​ឡិច​ ហ្ស​ង់​ដ្រូ​ ហ្កន់​សា​ឡេ​ ដេ​វិត​សិន​ ដើម្បី​ធ្វើការ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ពី​សំណាក់​ក្រុមហ៊ុន​នៅ​ខេត្ដ​កោះកុង​ នា​ពេល​នេះ​ រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​។​

លោក​ អំ​ សំអាត​ អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្ក​តនៃ​អង្គការ​លី​កាដូ​ (LICADHO)​ បាន​មាន​ប្រសាសន៍​ថា​ បើ​គិត​ពី​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​លោក​អា​ឡិច​ គឺ​មាន​សិទ្ធ​ក្នុង​ការ​ចូល​មក​ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​លើ​រូប​លោក​បាន​។​  លោក​ អំ​ សំអាត​ បញ្ជាក់​ថា​ បើសិនជា​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ មិន​អនុញ្ញាតិ​ឱ្យ​លោក​ អា​ឡិច​ ចូល​មក​បំភ្លឺ​ជុំវិញ​បទ​ចោទ​លើ​រូប​លោក​នោះ​ទេ​ លោក​ អា​ឡិច​ អាច​ស្នើ​ទៅ​កាន់​ប្រទេស​មហាអំណាច​ដែល​ជា​សមាជិក​អាស៊ាន​ ដើម្បី​សុំ​ការ​អន្ដរាគមន៍​ក្នុង​ការ​បើកឱកាស​ឱ្យ​លោក​អាច​ចូល​មក​តទល់​នឹង​ការ​ប្តឹង​ចោទ​លោក​ពី​សំណាក់​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ខេត្ដកោះកុង​នោះ​បាន​។

លោក​ អំ​ សំអាត
លោក​ អំ​ សំអាត

លោក​បន្ថែម​ថា​៖​ «​បើ​យោង​ទៅ​តាម​យន្ដការ​អន្ដរជាតិ​ហើយ​និង​រដ្ឋធម្មនុញ​ជា​ធំ​ ជា​ពិសេស​គឺ​ប្រកាន់​គោល​ជំហរ​យុត្ដិធម៌​ និង​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ទាំង​ចំពោះ​ប្រព័ន្ធ​តុលាការ​ បើ​មិន​អ​ញ្ចឹ​ង​ទេ​ពិភពលោក​បាន​ន័យ​ថា​អន្ដរជាតិ​ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេងៗ​ គេ​នឹង​ចោទ​កម្ពុជា​យើង​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ភាគី​ឬ​រដ្ឋ​ជា​ភាគី​នៃ​បទដ្ឋាន​អន្ដរជាតិ​ក៏​ដូច​ជា​សមាជិក​នៃ​អង្ក​ការ​សហប្រជាជាតិ​»​។​

ចំណែក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក​ រស់​ រ៉ា​វុ​ធ​ បាន​មាន​ប្រសាសន៍​ថា​ សម្រាប់​ការ​ហាមឃាត់​មិន​ឱ្យ​ជនបរទេស​ចូល​មក​ប្រទេស​ណាមួយ​ លុះណាតែ​បុគ្គល​នោះ​ បាន​ប្រព្រឹត្ដិ​បទល្មើស​បង្ក​ជា​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ បង្ក​បញ្ហា​អសន្តិសុខ​ ខាត​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាជន​ធ្ងន់ធ្ងរ​ ទើប​ប្រទេស​នោះ​មាន​សិទ្ធិ​ជា​អន្ដរជាតិ​ក្នុង​ការ​ហាមឃាត់​បុគ្គល​នោះ​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​បាន​។​

លោក​ រស់​ រ៉ា​វុ​ធ​ បាន​បន្ថែម​ថា​ បើសិនជា​មាន​ជនបរទេស​ណា​មក​កាន់​ប្រទេស​មួយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ដើម្បី​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ និង​ផលប្រយោជន៍​ផ្សេងៗ​ រដ្ឋាភិបាល​គួរតែ​មានការ​លើកទឹកចិត្ដ​ ចូលរួម​សហការ​ និង​គួរតែ​ផ្ដល់​សញ្ញា​តិ​ដល់​ជនបរទេស​នោះ​ ដូច​ជា​ លោក​ អា​ឡិច​ ជាដើម​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

លោក​ រស់​ រ៉ា​វុ​ធ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ទោះ​ចង់​មិន​ចង់​គួរតែ​ផ្ដល់​ឱកាស​សម្រាប់​លោក​ អា​ឡិច​ក្នុង​ការ​ចូល​មក​តទល់​នឹង​ពាក្យបណ្ដឹង​នេះ​ ដើម្បី​កុំឱ្យ​បរទេស​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់​ជាង​នេះ​។​

លោក​បន្ថែម​ថា​៖​ «​បើសិនណា​ជា​រដ្ឋាភិបាល​នៅ​តែ​បដិសេធ​ ហើយ​មិន​ឱ្យ​ អា​ឡិច​ ចូល​ គឺ​ អា​ឡិច​ នៅ​តែ​មិន​អាច​ចូល​ ហើយ​ការ​ដែល​មិន​អាច​ចូល​បាន​ហ្នឹងហើយ​ វា​នៅ​តែ​ជា​មន្ទិល​សង្ស័យ​ចំពោះ​បុគ្គល​ដែល​ត្រូវ​ចោទ​»​។​

ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​ បាន​ទេ​នៅ​ថ្ងៃនេះ​។ ចំណែក​ លោក​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃនេះ​ថា​ ប្រទេស​កម្ពុជា​ គឺ​ប្រទេស​ដែល​មាន​ដែន​អធិបតេយ្យភាព​និង​ការ​ទទួលខុសត្រូវ​ត្រឹមត្រូវ​បំផុត​។​

លោក​ថា​ ផលប្រយោជន៍​ប្រទេស​កម្ពុជា​ គឺ​មាន​រដ្ឋាភិបាល​មួយ​ដែល​ស្របច្បាប់​សម្រាប់​ការពារ​ធនធានធម្មជាតិ​ក្នុង​ប្រទេស​រួច​ហើយ​។​ លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​ ការណ៍​ដែល​ក្រសួងមហាផ្ទៃ​ប​ញ្ចូ​ន​លោក​ អា​ឡិច​ ចេញពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៥​ នោះ​គឺ​ដើម្បី​បញ្ចប់​បញ្ហា​ស្មុគស្មាញ​ក្នុង​ប្រទេស​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

«​សម្រាប់​អ្វី​ដែល​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ ហាក់បីដូចជា​មាក់ងាយ​ដល់​ខ្មែរ​ទាំងអស់​គ្នា​ដែល​អត់​មាន​សមត្ថភាព​ក្នុង​ការ​កិច្ច​ការពារ​ព្រៃឈើ​ បើ​ទោះ​យើង​ថា​វា​ជា​អន្ដរ​វូ​ពាណិជ្ជកម្ម​ យ៉ាងណា​ក៏​ដោយ​ក៏​កម្ពុជា​គឺជា​កម្ពុជា​ផលប្រយោជន៍​កម្ពុជា​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​គ្រាន់តែ​យើង​ធ្វើការ​សហការ​ជាមួយ​គ្នា​ហើយ​កម្ពុជា​យើង​មាន​ដែន​សមត្ថកិច្ច​ស្របច្បាប់​មួយ​ក្នុង​ការ​ចាត់ចែង​»​។​

​សូម​រំឭក​ថា​ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក​ អា​ឡិ​ច​ ​ហ្ស​ង់​ដ្រូ​ ហ្កន់​ហ្សា​ឡេ​​ ដេ​វិត​សិ​ន​ សញ្ជាតិ​អេ​ស្ប៉ា​ញ​ (Spain)​ ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដោយសារ​ផុត​ទិដ្ឋាការ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

Share

Image
Image
Image