en     km
en     km

សង្គម​ស៊ី​វិល​ថា​ ការ​ហាម​មិន​ឲ្យស្ថាបនិកមាតាធម្មជាតិ​វិល​ចូល​កម្ពុជា​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​

Share

​ភ្នំពេញ​៖​ សង្គម​ស៊ី​វិល​ និង ​អង្គការសិទ្ធិមនុស្ស​លើក​ឡើង​ថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​លើ​​លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​ (Alejandro​ Gonzalez​ Davidson)​ ស្ថាបនិក​អង្គ​កា​រ​​​មាតា​ធម្មជាតិ​ សញ្ជា​តិ​អេ​ស្ប៉ា​ញ​ ដែល​សម្រេច​លុប​ចោល​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និក​ (e-Visa)​ របស់​គាត់​ គឺ​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ ក៏​ប៉ុន្ដែ​តំណាង​រាជរដ្ឋាភិបាល​បាន​បដិសេធ​ការ​រិះគន់​នេះ​ ដោយ​លើក​ឡើង​​ថា​ រដ្ឋាភិបាល​ធ្វើ​គ្រប់យ៉ាង​ គឺ​ដើម្បី​រក្សា​ស្ថេ​រ​ភាព​ នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ ។​

 

Alejandro-Gonzalez-Davidson2
លោក Alejandro Gonzalez Davidson ស្ថាបនិក និង សកម្ម​ជន​ការ​ពារ​តំបន់អារ៉ែង

​សង្គម​ស៊ី​វិល​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ថា​ ការ​លុប​ចោល​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និ​ចរប​ស់លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ គឺជា​ការ​រំលោភ​សិទ្ធ​មនុស្ស​ រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​ ដែល​អនុញ្ញាតិ​ឲ្យ​ចុងចោទ​មាន​សិទ្ធ​ចូល​បំភ្លឺ​ និង​តតាំង​បណ្ដឹង​របស់​ខ្លួន​តាម​ផ្លូវច្បាប់​។​

​លោក​ ណៃ​ វ៉ង់​ដា​ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​កបាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​អាទិត្យ​ ទី​១០​ មេ​សា​ នេះ​ថា​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងការបរទេស​ត្រូវ​តែ​អនុញ្ញាតិ​ឲ្យ​លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​ (Alejandro​ Gonzalez​ Davidson)​ បាន​ទិដ្ឋាការ​អាច​វិល​ចូល​មក​កម្ពុជា​វិញ​ ដើម្បី​តតាំង​នឹង​បណ្ដឹង​ដែល​តុលា​បាន​ចោទ​ប្តឹង​រូប​គាត់​គ្រប់​និ​តិ​វិធី​នៃ​ច្បាប់​របស់​កម្ពុជា​។​

​លើស​ពី​នេះ​ លោក​ ណៃ​ វ៉ង់​ដា​ យល់​ថា​ បើ​ទោះបីជា​ក្រសួងការបរទេស​ មិន​អនុញ្ញាត​ឲ្យ​លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ អាច​វិល​ចូល​ក​ម្ពុ​ជា​វិញ​ក៏​ដោយ​ ក៏​ស្ថាបនិក​មាតា​ធម្មជាតិ​រូប​នេះ​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​វិល​ចូល​កម្ពុជា​វិញ​ឲ្យ​ទាល់តែ​បាន​ បើ​ទោះបីជា​ត្រូវ​ចាប់​ខ្លួ​ន​យ៉ាងណា​ក្ដី​។​

​អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អា​ដ​ហុ​ក​រូប​នេះ​ បាន​បញ្ជាក់​ថា​ទៀត​ថា​ តាម​ផ្លូវច្បាប់​តុលាការ​ គឺ​មិន​អាច​ធ្វើការ​ចោទប្រ​កា​ន់​ ឬ​ចេញ​លិខិត​ហាមឃាត់​ចុងចោទ​ មិន​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​បាន​នោះ​ឡើ​យ​។​ ជាង​នេះ​ទៀង​ លោក​បាន​ស​ង្កត់ធ្ងន់​ថា​ ចំពោះ​ចំណាត់ការ​របស់​ក្រសួងការបរទេស​ដែល​ហាមឃាត់​ ស​ក​ម្ម​ជន​មាតា​ធម្មជាតិ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​បាន​នា​ពេល​នេះ​ គឺជា​ការ​រំលោភ​សិទ្ធ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​បន្ថែម​ថា​«​ ការ​ដែល​ហាម​គាត់​ (​អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​)​ មិន​អោយ​ចូល​មក​តតាំង​តាម​ផ្លូវច្បាប់​ផ្លូវ​តុលា​នេះ​ គឺ​រំ​លោ​ភ​ទៅ​នឹង​ច្បាប់​ជាតិ​ និង​ ច្បាប់​អន្ដរជាតិ​មួយ​ចំនួន​ក៏​ដូច​ជា​ច្បាប់រដ្ឋធម្មនុញ្ញ​ដែរ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំ​ង​ឡា​យ​ណា​ដែល​ជា​ចុងចោទ​ ទី​១​ ត្រូវ​មា​ន​​មេធាវី​ ទី​២​ ត្រូវ​មាន​សិទ្ធ​ក្នុង​ការ​ចូល​បំភ្លឺ​ ឬ​ ក៏​មាន​សិទ្ធ​តតាំង​តាម​ផ្លូវ​ច្បាប់​ ហើយ​បើកាលណា​យើង​មិន​គោរព​តាម​និ​តិ​វិធី​ ហើ​យ​មិន​គោរព​តាម​ច្បាប់​ទាំង​អស់នេះ​ទេ​បាន​ន័យ​ថា​យើ​ង​​មិនមែន​ជា​និ​តិ​រដ្ឋ​ទេ​»​។​

​ឆ្លើ​យ​តប​នឹង​បញ្ហា​នេះ​លោក​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ថា​ ការ​ហាម​មិន​ឲ្យ​ស​កម្មជន​មាតា​ធម្មជាតិ​អាច​ចូល​មក​ប្រទេស​កម្ពុជា​ ជា​កា​រំលោភ​សិទ្ធ​មនុស្ស​នោះ​គឺ​ពុំ​មែន​ជា​​ការ​ពិត​លោក​បាន​បញ្ជាក់​ទៀត​ថា​ ប្រ​ទេ​ស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ ហើ​យ​រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បណ្ដេញ​ ឬ​ក៏​ហា​ម​ឃាត់​ជន​ណា​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ផល​ប្រ​យោន៍​ពលរដ្ឋ​ ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​បង្ក​ភាព​ចលាចល​អ​ស្ថេ​រ​ភាព​ក្នុង​​ប្រទេស​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បន្ថែម​ថា​៖​ «​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​ គឺ​រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​សម្រេច​ ប្រ​សិន​ណា​​ជា​រឿង​នោះ​វា​មាន​ផល​ប៉ះ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ប្រយោជន៍​ជាតិ​ និង​ ផលប្រយោជន៍​រដ្ឋាភិបាល​ ដែ​ល​​បង្កើត​បានជា​ភាព​ស្មុ​ក​ស្មាញ​នោះ​រដ្ឋាភិបាល​មាន​សិទ្ធ​មិន​ឲ្យ​អ្នក​នោះ​ចូល​ស្រុក​»​។​

​ចំណែក​លោក​ រស់​ រ៉ា​វុ​ធ​ អ្នកវិភាគ​ព្រឹត្ដិការណ៍​សង្គម​យល់​ឃើញ​ថា​ រាជរដ្ឋាភិបាល​គួរតែ​បើកផ្លូវ​ឲ្យ​លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ អាច​វិ​ល​​ចូល​ម​កម្ពុជា​វិញ​ ដើម្បី​តតាំង​នឹង​បណ្ដឹង​របស់​គាត់​ដែល​ត្រូវ​តុលាការ​ចោទ​។​ បន្ថែម​ពី​នេះ​លោ​ក​ថា​ ប្រសិនជា​ជនបរទេស​ណា​ដែ​ល​ចូល​ទៅ​ប្រទេស​មួយ​ ហើយ​ព្យាយាម​ជួយ​ថែរក្សា​ធនធានធម្មជាតិ​នៃ​ប្រទេស​នោះ​ រាជរដ្ឋាភិបាល​ គួរតែ​ផ្ដល់​សិទ្ធិ​ឲ្យ​បុគ្គល​នោះ​ ដូច​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​ខ្លួន​ដែរ​ ជាក់ស្ដែង​ដូច​ជា​ លោក​ អេ​ឡិច​ នេះ​ជាដើម​។​

​អ្នកវិភាគ​ព្រឹត្ដិការណ៍​សង្គម​រូប​នេះ​បញ្ជាក់​ទៀត​ថា​ នៅ​កម្ពុជា​ការ​អនុវត្ដន៍​ ច្បាប់​របស់​រាជរដ្ឋាភិបាល​គឺ​មាន​ស្ដង់​ដា​​​ពីរ​ទៅ​លើ​កម្ម​ជន​កា​រ​ពារ​ព្រៃឈើ​។​ ជាក់ស្ដែង​សកម្មជន​ទាំងនោះ​ តែងតែ​រង​នូវ​ពាក្យបណ្ដឹង​ និង​ បទ​ចោទ​ផ្សេ​ងៗ​ ដោយឡែក​ក្រុម​អ្នកមាន​អំ​ណា​ច​និង​​ឧ​ញ្ញា​ធំៗ​មួយ​ចំនួន​ដែល​បំផ្លាញ​ព្រៃឈើ​គឺ​តែងតែ​រួច​ទោស​ជា​និច្ច​។​

​លោក​បន្ថែម​ថា​៖​ «​កន្លង​មក​អ្នក​ការពារ​ព្រៃ​ឡង់​ដែល​ពួក​គាត់​ការពារ​ហើយ​តែងតែ​មានទោស​ ហើយ​ឧកញ៉ា​ធំៗ​ ឬ​ ក៏​អ្នកមាន​អំ​ណា​ច​តែងតែ​រួច​ទោស​ នេះ​គឺជា​ទិដ្ឋភាព​ជាក់ស្ដែង​មួយ​ចំពោះ​សង្គម​បច្ចុប្បន្ន​ដែល​ប្រជាពលរដ្ឋ​លោក​មើលឃើញ​»​។​

សូម​បញ្ជាក់​ថា​ ក្រសួងការបរទេស​កាលពី​ថ្ងៃ​សុក្រ​ ទី​ ០៨​ ខែមេសា​ បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះហត្ថលេខា​ដោ​យ​​រដ្ឋ​លេខាធិការ​ក្រសួង​គឺ​លោក​ ឡុ​ង​ វិ​សា​លោ​ បាន​ជម្រាប​ជូន​លោក​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​ ដោយសារ​តែ​ប្រ​​ព័ន្ធ​​ត្រួតពិនិត្យ​បញ្ជីខ្មៅ​របស់​ប្រព័ន្ធ​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និ​ច​ (e-Visa)​ មាន​ភាព​រអាក់រអួល​ ដូច្នេះ​ហើយ​មិន​បាន​ផ្តល់​សញ្ញា​ឲ្យ​ដឹង​បណ្តាល​ឲ្យ​ការិយាល័យ​ទិ​ដ្ឋ​ការ​អេ​ឡិច​ត្រូ​ច​និ​ច​ (e-Visa)​ បាន​ចេញ​ទិដ្ឋាការ​ឲ្យ​ឈ្មោះ​អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​ កាលពី​ថ្ងៃ​ទី​ ០៦​ ខែមេសា​ ។​

ទោះជា​យ៉ាងណា​ តាម​លិខិត​របស់​លោក​ ឡុ​ង​ វិ​សា​លោ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ បាន​អះអាង​ថា​ រហូ​ត​​​​ដល់​​ពេល​នេះ​ (e-Visa)​ ដែល​ផ្តល់​ជូន​ជនជាតិ​អេ​ស្ប៉ា​ញ​ លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​  ត្រូវ​បាន​លុប​ហើយ​។​ ក្រសួង​នេះ​ ក៏​បាន​ជូនដំណឹង​ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ទាំងអស់​ មិន​ត្រូវ​អនុញ្ញាត​ឱ្យឈ្មោះ​ អេ​ឡិ​ក​សង់​ដ្រូ​ ចូល​មក​កម្ពុជា​ទេ​។​

សូម​រម្លឹក​ថា​ លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​សញ្ជាតិ​អេ​ស្ប៉ា​ញ​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ ចាប់​ខ្លួន​​និង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​កំឡុង​ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្រោម​ហេតុផល​ទិដ្ឋាការ​របស់​គាត់​ផុតកំណត់​៕

Share

Image
Image
Image