en     km
en     km

សង្គម​ស៊ី​វិល​ថា​ ការ​លើកលែងទោស​ទណ្ឌិត​ អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​

Share

cover-NGO
រូបតំណាង

ក្រោយ​ពី​មាន​ករណី​ឆក់​ ប្លន់​ដ៏​កក្រើក​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ ក្នុង​ប្រទេស​កម្ពុជា​ និង​បន្ទាប់​ពី​មាន​ដំណឹង​ថា​ ប៉ូ​លី​ស​ជា​អ្នក​ចាប់ចោរ​ រីឯ​តុលាការ​ជា​អ្នក​ដោះ​លែងចោរ​ សង្គម​ស៊ី​វិល​មើលឃើញ​ថា​ រាល់​ការ​ដោះ​លែង​អ្នកទោស​ នៅ​រដូវ​បុណ្យ​ជាតិ​  អាច​មាន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​។​ ព្រម​ជាមួយ​គ្នា​នេះ​ សង្គម​ស៊ី​វិល​ បាន​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គួរ​មានការ​ស៊ើបអង្កេត​មួយ​ ដើម្បី​ធានា​ថា​ ការ​លើកលែងទោស​នោះ​ ពិតជា​មាន​ តម្លាភាព​។​

​មន្ត្រី​សង្គម​ស៊ី​វិល​ថា​ ក្រសួង​យុ​ត្ត​ធម៌​ កោះហៅ​ព្រះរាជអាជ្ញា​ទូ​ទាំង​រាជធានី​-​ខេត្ត​ មក​ប្រជុំ​ សួរនាំ​រឿង​ទាក់ទង​នឹង​ករណី​ប្លន់​ដ៏​កក្រើក​ និង​ការ​លើកលែងទោស​ អាច​មាន​ពាក់ព័ន្ធ​នឹង​អំពុក​រលួយ​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ លោក​ សន​ ជ័យ
លោក​ សន​ ជ័យ

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​នៅ​ថ្ងៃ​ពុធ​ ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ វា​មិនមែន​ចៃដន្យ​ពេក​ទេ​ ដែល​នៅ​សុខៗ​ក្រសួង​យុ​ត្ត​ធម៌​ កោះហៅ​ព្រះរាជអាជ្ញា​ ទូ​ទាំង​រាជធានី​-​ខេត្ត​ មក​ប្រជុំ​ សួរនាំ​រឿង​ទាក់ទង​នឹង​ករណី​ប្លន់​ដ៏​កក្រើក​  នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​សរសេរ​បន្ត​ថា​ ទ​ង្វើ​នេះ​កើតឡើង​ក្រោយ​ពី​មានការ​សាចទឹក​ដាក់​គ្នា​ថា​ រវាង​ប៉ូ​លី​ស​ ជា​អ្នក​ចាប់ចោរ​ រីឯ​តុលាការ​ជា​អ្នក​ដោះ​លែងចោរ​ ដែល​ករណី​នេះ​ អាច​មាន​ទាក់ទង​នឹង​ អំពើ​ពុក​រលួយ​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ រូប​នេះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ទៀត​ថា​   បើ​ករណី​ដោះ​លែង​អ្នកទោស​ មាន​ជាប់​ពាក់ព័ន្ធ​ករណី​ពុក​រលួយ​មែន​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គួរ​មានការ​ស៊ើបអង្កេត​បែប​ស៊ីជម្រៅ​មួយ​ដើម្បី​ធានា​ថា​ ការ​លើកលែងទោស​នោះ​ ពិតជា​មាន​តម្លាភាព​ និង​ភាព​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​របស់​អ្នកទោស​ ដែល​ត្រូវ​លើកលែង​ និង​ដើម្បី​ធានា​ថា​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ បាន​លើក​ស្ទួយ​យុត្តិធម៌​នៅ​ក្នុង​សង្គម​  ព្រមទាំង​ចូលរួម​ពង្រឹង​ និង​លើកកម្ពស់​ការ​កសាង​សុវត្ថិភាព​ សន្តិសុខ​សាធារណៈ​ នៅ​ក្នុង​សង្គម​ផង​ដែរ​។​

​លោក​បន្ត​ថា​ ភាព​មិន​ក្រ​តី​នៅ​ក្នុង​នីតិវិធី​ នៃ​ការ​ដោះ​លែង​អ្នកទោស​នៅ​រដូវ​បុណ្យ​មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ​ កន្លង​មក​អង្គការ​សង្គម​ស៊ី​វិល​នានា​ ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា​ ការ​ដោះ​លែង​អ្នកទោស​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​ និង​អំពើ​ពុក​រលួយ​៖​ «​ខ្ញុំ​មើលឃើញ​អ​ញ្ចេះ​ នីតិវិធី​នៃ​ការ​សុំ​លើកលែងទោស​ហ្នឹង​នៅ​ឆ្នាំ​បន្ទាប់​ហ្នឹង​ គួរតែ​មាន​វត្តមាន​នៃ​ការ​ចូលរួម​វាយតម្លៃ​ ឬ​ក៏​ពិនិត្យ​ទៅ​លើ​បែបបទ​ផ្សេង​ហ្នឹង​ដោយ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ធានា​ឱ្យ​ឃើញ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ បាន​ធ្វើ​តាម​រយៈ​ក្រុមបច្ចេកទេស​រួម​នៅ​ក្នុង​ដោះ​លែង​អ្នកទោស​ហ្នឹង​ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព​»​។​

​លោក​ សន​ ជ័យ​ បានឱ្យ​ដឹងផង​ដែរ​  អង្គការ​របស់​លោក​នឹង​ពិនិត្យ​ ទៅ​លើ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​មួយ​ចំនួន​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្នុង​ពិនិត្យ​មើលទៅ​លើ​ដំណើរការ​នៃ​ការ​ លើកលែងទោស​ដល់​ទណ្ឌិត​។​

Om-Yinteang
លោក​ ឱម​ យ៉ិ​ន​ទៀង

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​បញ្ជាក់​ដល់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ យ៉ាង​ដូច្នេះ​ថា​ ការ​បើក​ការ​ស៊ើបអង្កេត​ទាល់តែ​មាន​តម្រុយ​ជាក់លាក់​។​ លោក​ថា​ កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើការ​ស៊ើបអង្កេត​ជា​បណ្តើរ​ខ្លះៗ​ហើយ​ទៅ​លើ​ករណី​នេះ​៖

«​ការ​បើ​ការ​ស៊ើបអង្កេត​ទាល់តែ​មាន​តម្រុយ​ជាក់លាក់​យើង​មិន​អាច​ គ្រាន់តែ​ពាក្យ​ចរ​ចាម​អារាម​ យើង​គិត​ថា​ ជួនកាល​យើង​មិន​អាច​បើក​ការ​ស៊ើបអង្កេត​ទេ​។​ ទី​ពីរ​ យើង​ក៏​សូម​អរគុណ​ដែរ​ ដល់​អង្គការក្រៅរដ្ឋាភិបាល​ គាត់​ឈឺឆ្អាល​រឿង​ហ្នឹង​»​។​

លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា
លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា

កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បាន​ចេញ​លិខិត​មួយ​កោះហៅ​ ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​ ឱ្យ​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​លើកលែងទោស​ និង​ពិនិត្យ​សំណុំរឿង​ លួច​ ឆក់​ និង​ប្លន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​កោះ​ប្រជុំ​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​នេះ​ដែរ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  បាន​ព្រមាន​ក្រសួងយុត្តិធម៌​ និង​ក្រសួងមហាផ្ទៃ​ អំពី​រឿង​អតីត​ទណ្ឌិត​ ក្នុង​បទល្មើស​ប្លន់​ ដែល​មិន​ព្រម​កែខ្លួន​ ហើយ​ចេញ​ធ្វើ​សកម្មភាព​ដដែល​ បន្ទាប់​ពី​ផ្តន្ទាទោស​នៅ​ក្នុង​ពន្ធនាគារ​៕

Share

Image
Image
Image