en     km
en     km

សង្គមស៊ីវិលស្វាគមន៍ក្រសួងមហាផ្ទៃអំពីការបើកសិទ្ធិសេរីភាពដល់NGOមួយកម្រិតទៀត

Share

ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហាសង្គមបានស្វាគមន៍ចំពោះសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃអំពីការបើកសិទ្ធិសេរីភាពដល់ NGO បន្ថែមមួយកម្រិតទៀតក្នុងការធ្វើសកម្មភាពអភិវឌ្ឍផ្សេងៗ។ ទន្ទឹមនឹងការស្វាគមន៍នេះ ពួកគាត់ក៏បានសង្កត់ធ្ងន់អំពីសកម្មភាពរបស់មន្ត្រីថ្នាក់ក្រោម​ ពោល គឺមន្ត្រីថ្នាក់ក្រោមត្រូវតែអនុវត្តតាមសេចក្ដីណែនាំនេះឱ្យខានតែបាន។

លោក សោម លាភ រាយការណ៍៖

 

បន្ទាប់ពីវត្តមានរបស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជារួចមក ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានម្ដងរួមមកហើយ ក្នុងការសហការណ៍គ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍តាមមូលដ្ឋាន។

សេចក្ដីណែនាំនោះបើកសិទ្ធិឱ្យទូលាយដល់អង្គការក្រៅរដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាននូវសិទ្ធិធ្វើសកម្មភាពក្នុងការអភិវឌ្ឍផ្សេងៗដែលមានកំណត់នៅក្នុងច្បាប់។  

មកទល់ពេលនេះ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ដោយបើកសិទ្ធិសេរីភាពរិតតែទូលាយជាងសេចក្ដីណែនាំមុនទៅទៀត។

សេចក្ដីណែនាំថ្មីនេះ គឺលេខ ០៤០ សណន ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ គឺបើកឱ្យអង្គការក្រៅរដ្ឋាភិបាល សមាគម ដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់ និងសហគមន៍មូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនៅកម្ពុជា ស្របតាមច្បាប់ ព្រមទាំងលក្ខន្តិកៈរបស់ខ្លួនដែលបានដាក់តម្កល់នៅក្រសួងមហាផ្ទៃ។

សង្គមស៊ីវិលទាំងនេះ អាចធ្វើសកម្មភាពផ្សេងៗ ដោយមិនចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃមុនពេលចាប់ផ្ដើមធ្វើសកម្មភាពដូចមុនទៀតឡើយ។

ចំពោះការចេញសេចក្ដីណែនាំនេះធ្វើឱ្យអ្នកឃ្លាំមើលសង្គមបង្ហាញជំហរស្វាគមន៍យ៉ាងពេញទំហឹង។

លោក កន សាវាង្ស ប្រធានគណៈកម្មាធិការ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​(​ខុមហ្វ្រែល​) បានសរសេរក្នុងទំព័រហ្វេសបុករបស់លោកថា ៖​«សង្គមយើងខ្ញុំសូមស្វាគមន៍ចំពោះលិខិតនេះ ហើយសង្ឃឹមថា អាជ្ញាធរគ្រប់កម្រិតអាចទទួលបាន និងអនុវត្តដោយមានប្រសិទ្ធិភាពរបស់ក្រសួងមហាផ្ទៃ។ កន្លងមកការអនុវត្តឃើញថា ខេត្តខ្លះមានប្រសិទ្ធិភាព តែកន្លែងខ្លះ មិនត្រូវបានយកចិត្តទុកដាក់នោះទេ ខ្ញុំក៏មិនចង់បើក ឬហែកថា ខេត្តណាដែរ សង្ឃឹមថា ស្ថាប័នរដ្ឋមានជំហរតែមួយ និងប្រសិទ្ធិភាពគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរ»។

ដោយឡែក លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ក៏បានសរសេរលើហ្វេសបុករបស់លោកពាក់ព័ន្ធនឹងការស្វាគមន៍លើសេចក្ដីណែនាំនេះផងដេរ។ ជាក់ស្ដែង លោកសរសេរថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះសេចក្តីណែនាំនេះ។ អង្គការ សមាគម​ន៍ ដែលបានចុះបញ្ជីររួចហើយ ពេលធ្វើសកម្មភាពនៅមូលដ្ឋាន មិនចាំបាច់ជូនដំណឹងទៅអាជា្ញធរ មុន ៣ថ្ងៃ ដូចមុនទៀតទេ » 

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចមកគេសង្កេតឃើញថា កម្ពុជាហាក់ដូចជា បំបិទសិទ្ធិសេរីភាពសង្គមស៊ីវិល អ្នកវិភាគឯក រាជ្យ បណ្ដាញផ្សព្វផ្សាយឯករាជ្យ រួមទាំងការបំបិទសម្លេងគណបក្សប្រឆាំជាដើម៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image