en     km
en     km

សង្គមស៊ីវិលជាង៤០ រួមគ្នាទាមទារឱ្យអាជ្ញាធរលុបបំបាត់និទណ្ឌភាពនៅកម្ពុជា

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័ន បានចេញសេចក្ដីថ្លែងការរួមដោយអំពាវនាវឱ្យអាជ្ញាធរចូលរួមប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនៅកម្ពុជា។ យ៉ាងណាអ្នកនាំពាក្យក្រសួងព័ត៌មានថា រដ្ឋាភិបាលកំពុងតែរកវិធានការកាត់បន្ថយរឿងនេះ តែលោកថា អ្នកសារព័ត៌មានកម្ពុជាមានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន ហើយគ្មានអ្នកសារព័ត៌មានណារងការធ្វើទុកបុកម្នេញដោយសារតែការសរសេរ និងរាយការណ៍របស់ខ្លួនឡើយ។ លោក សោម លាភ រាយការណ៍៖

យោងតាមសេចក្ដីថ្លែងការណ៍រួមនេះ ចុះថ្ងៃទី ១ វិច្ឆិកាម្សិលមិញបញ្ជាក់ថា អង្គការសង្គមស៊ីវិលចំនួន៤២ បានសម្ដែងនូវការព្រួយបារម្ភចំពោះសង្គមកម្ពុជា ដែលកំពុងតែរីករាលដាលនូវនិទណ្ឌភាព ពោលគឺ មិនអាចយកជនល្មើសប្រព្រឹត្តបទល្មើសលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់មកផ្ដន្ទាទោសបាន។

សេចក្ដីថ្លែងការណ៍រួមនេះបញ្ជាក់ទៀតថា អង្គការទាំងអស់នេះ អំពាវនាវឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ដើម្បីធានាឱ្យការស៊ើបអង្កេត ប្រកបដោយប្រសិទ្ធភាពឯករាជ្យ និងតម្លាភាពទៅលើអត្ថិភាពនៃបទល្មើសទាំងអស់។

អង្គការទាំងនេះថា ចាប់ពីឆ្នាំ ១៩៩៤ មានអ្នកសារព័ត៌មានចំនួន ១៣ នាក់ដែលស្លាប់ ដោយ​សារអ្នកទាំងនេះបានធ្វើសកម្មភាពរាយការណ៍ព័ត៌មានមានលក្ខណៈបង្ករផលប៉ះពាល់ដល់អ្នកមានអំណាចធំៗនៅកម្ពុជា។

​ក្នុងករណីទាំង ១៣នេះ មានតែ២ ករណីទេ ដែលត្រូវបានផ្ដន្ទាទោសដល់ជនល្មើស។

តែយ៉ាងណាក៏ដោយ ករណីពីរដែលត្រូវបានតុលាការបើកសវនៈការផ្តន្ទាទោសដល់ជនល្មើសនេះ ក៏នៅតែធ្វើឱ្យមានក្ដីព្រួយបារម្ភ និងមិនអស់ចិត្តដែរ ដោយសារតែអាជ្ញាធរមានសមត្តកិច្ចមិនអាចរកចាប់ជនល្មើសឱ្យបានទាំងអស់ រួមទាំងមានការកាត់ទោសកំបាំងមុខ ព្រមទាំងដោះលែងឱ្យនៅក្រៅឃុំជាដើម។

បើទោះបីជារយៈពេល២ឆ្នាំចុងក្រោយនេះ មិនទាន់មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានសម្លាប់ក៏ដោយ ប៉ុន្តែពួកគេនៅតែមិនមានសេរីភាពពេញលេញក្នុងវិជ្ជាជីវៈរបស់ពួកគេ ព្រមទាំងមានការចោទប្រកាន់ពីបទល្មើសមួយចំនួន ដែលតម្រូវឱ្យភ្នាក់ងារសារព័ត៌មានសំខាន់ៗមួយចំនួនត្រូវបានបិទទ្វារ។

មិនខុសគ្នាពីនេះទេ វប្បធម៌និទណ្ឌភាពនៅកម្ពុជា នៅតែបន្តចំពោះសកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកវិភាគនយោបាយផងដែរ ដែលមិនការដោះស្រាយពីសា្ថប័នមានសមត្តកិច្ចក្នុងការការពារសិទ្ធិពលរដ្ឋឡើយ។

សង្គមស៊ីវិលទាំងអស់នេះ បានថ្កោលទោសចំពោះវប្បធម៌និទណ្ឌភាពដែលនៅតែបន្តកើតឡើងនៅកម្ពុជា។

តែបែបនេះក្ដីលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ២ វិច្ឆិកានេះថា ពាក់ព័ន្ធនឹងបញ្ហានេះ គឺជាការព្រួយបារម្ភទាំងអស់គ្នា ហើយក៏កំពុងតែរកវិធានការដើម្បីកាត់បន្ថយដែរ។

លោក អ៊ុក គឹមសេង បញ្ជាក់ទៀតថា ការចេញសេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំង ៤២ នេះ គឺគ្រាន់តែធ្វើឡើងដោយស្រង់តួលេខ និងហេតុការណ៍តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន ក៏បានចូលរួមគោរពនូវសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌ដែរ។ លោកថា មិនមានការធ្វើទុក្ខបុកម្នេញចំពោះការសរសេរព័ត៌មានដែលមានវិជ្ជាជីវៈនោះទេ។

កាលពី​ថ្ងៃ​ទី​០២​ខែ​ឧសភា ឆ្នាំ​២០១៤ លោក​ឡាយ សា​មាន អតីតអ្នកសារព័ត៌មានរបស់ VOD នៃ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវ​បាន​វាយ​ឲ្យ​រងរបួស​ធ្ងន់ពីសន្តិសុខខ័ណ្ឌដូនពេញ ខណៈ​លោក​ទៅ​យក​ព័ត៌មាន​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។លោក បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា តាំងពីប៉ុន្មានឆ្នាំដែលកើតហេតុនោះមក លោកមិនត្រូវបានតុលាការកោះហៅឱ្យបំភ្លឺអ្វីទេ ។លោកបន្ថែមថា លោកមិនទទួលបានយុត្តិធម៌អ្វីឡើយ។

លោក ឡាយ សាមាន នៅតែទទូចចង់បានយុត្តិធម៌ពីសង្គមមួយនេះ។តែសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលបានបង្ហាញក្ដីថា រដ្ឋាភិបាលនឹងចាប់អារម្មណ៍នឹងការទាមទាររបស់ខ្លួន ហើយសង្ឃឹមថា ជនល្មើសនឹងត្រូវនាំខ្លួនមកកាត់ទោស៕

 

Share

Image
Image
Image