en     km
en     km

សកម្មជន​ CPP​ គ្រោង​ធ្វើ​បាតុកម្ម​រំលាយ​បក្ស​ប្រឆាំង​ បើសិនជា​មាន​បាតុកម្ម​ប្រឆាំង​សម្ដេច​ ហ៊ុន​ សែន ​នៅ​អាមេរិក

Share

រូបតំណាង៖ បាតុកម្មប្រឆាំង CNRP (CambodiaDaily)
រូបតំណាង៖ បាតុកម្មប្រឆាំង CNRP (CambodiaDaily)

សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​នឹង​ធ្វើ​បាតុកម្ម​រំលាយ​គណបក្ស​ប្រស​ង្គ្រោះ​ជាតិ​។​ ការ​ប្រកាស​គោល​ជំហរ​របស់​សកម្មជន​គណបក្ស​ប្រជាជន​នេះ​ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ប្រកាស​ថា​ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សហរដ្ឋ​អា​មេរិក​ថ្ងៃ​ទី​១៥​ ១៦​ ខែកុម្ភៈ​ ខាង​មុខ​។​

លោក​ សាំង​ សុង​ បាន​ប្រកាស​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​ថា​ ខ្លួន​ជា​សកម្មជន​បក្ស​ប្រជាជន​កម្ម​កម្ពុជា​ និង​បាន​ប្រកាស​ទៀត​ថា​ បើសិនជា​មាន​បាតុកម្ម​ណាមួយ​កើតឡើង​នៅ​សហរដ្ឋ​អា​មេ​រិក​ប្រឆាំង​សម្ដេច​ ហ៊ុន​ សែន​ មែន​នោះ​ លោក​រួម​ជាមួយ​សកម្មជន​គណបក្ស​ប្រជាជន​ផ្សេង​ទៀត​ និង​ធ្វើ​បាត​កម្ម​ នៅ​មុខ​ស្នាក់​ការ​កណ្ដាល​ស​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​ ដើម្បី​ប្រឆាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​គណបក្ស​នេះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ​។​

លោក​ សាំង​ សុង​ បាន​បន្ថែម​ក្នុង​វី​ដេ​អូ​នោះ​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បង្កើត​ឡើង​មិន​បាន​ជួយ​អ្វី​ដល់​ពលរដ្ឋ​នោះ​ទេ​ មាន​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ និង​ប្រទេស​ជាតិ​ អ​ស្ថិរភាព​តែ​ប៉ុណ្ណោះ​។​ លោក​ សាំង​ សុង​ ដែល​ប្រកាស​ខ្លួន​ថា​ជា​សកម្មជន​គណបក្សកាន់អំណាច​បាន​បញ្ជាក់​ថា​ គម្រោងការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​មិន​មានការ​បង្គ​ប់​បញ្ជា​ពី​បុគ្គល​ណា​ម្នាក់​ឡើយ​។​ លោក​ថា​ នេះ​គឺជា​ឆន្ទៈ​របស់​យុវជន​ដែល​ស្រឡាញ់​គាំទ្រ​មេដឹកនាំ​ប្រទេស​ និង​ចង់​ការពារ​នាយក​រដ្ឋមន្ដ្រី​ប៉ុណ្ណោះ​។​

លោក​បន្ថែម​ថា​៖​ «​ក្រុម​យុវជន​កម្ពុជា​ដទៃ​ទៀត​ ក៏​សូម​ប្រកាស​ និង​ត្រៀមខ្លួន​ជា​និច្ច​ ហើយ​និង​ឆ្លើយ​តប​ជាមួយ​អស់លោក​គណបក្សប្រឆាំង​ដែរ​ថា​ នេះ​មិនមែន​ជា​គោលការណ៍​របស់​គណបក្ស​ប្រជាជន​ទេ​ ហើយ​ក៏​មិនមែន​ជា​ការ​បង្កប់​បញ្ជា​ពី​ប្រធាន​គណបក្ស​ប្រជាជន​នោះ​ដែរ​ គឺ​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​គាំទ្រ​រាជរដ្ឋាភិបាល​ការពារ​ថ្នាក់ដឹកនាំ​ក្រោក​ឡើង​តស៊ូ​ត្រៀមខ្លួន​ជា​និច្ច​ ក្នុង​ការ​ឆ្លើយ​តប​ជា​និច្ច​ចំពោះ​បាតុកម្ម​របស់​អស់លោក​ ទោះបី​ធ្វើ​នៅ​អា​មេ​រិច​ក៏​ដោយ​ធ្វើ​នៅ​ខ្មែរ​ក៏​ដោយ​នេះ​ជា​ការ​ប្រកាស​របស់​យើងខ្ញុំ​ទាំងអស់​គ្នា​»​។​

ពាក់ព័ន្ធ​ការ​បញ្ហា​នេះ​ លោក​ ប៉ាន់​ ខេ​ម​ប៊ុ​ន​ថន​ ប្រធាន​ប្រតិបត្តិ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​មួយ​រូប​ បាន​លើក​ឡើង​ថា​ សម្ព័ន្ធ​យុវជន​របស់​លោក​គ្មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​ ព្រោះ​មិនមែន​ជា​គោលការណ៍​របស់​យុវជន​ក្នុង​សម្ព័ន្ធ​នោះ​ទេ​។​ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា​ ប្រសិនបើ​មាន​បាតុកម្ម​សម្តេច​ ហ៊ុន​ សែន​ នៅ​ពេល​ដែល​លោក​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​ខាង​មុខ​ ក្រុម​សម្ព័ន្ធ​យុវជន​របស់​លោក​ក៏​មិន​នៅ​ស្ងៀម​ដែរ​។​

លោក​បន្ថែម​ថា​៖​ «​អ​ញ្ចឹ​ង​ខ្ញុំ​សូម​ឆ្លើយ​ដោយ​ខ្លី​ថា​ខ្ញុំ​អត់​មាន​គម្រោង​បាតុកម្ម​ទេ​ ប៉ុន្ដែ​បើសិនជា​បងប្អូន​នៅ​ក្រៅប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​តេ​ជោ​ក្រុម​សេនា​នាគ​ក៏​មិន​នៅ​ស្ងៀម​ដែរ​»​។​

ទាក់ទិន​នឹង​បញ្ហា​នេះ​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ ការ​សម្តែង​មតិ​របស់​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សាំង​ សុង​ គឺ​មិន​ខុស​នោះ​ឡើយ​។​ បើសិនជា​សកម្មជន​គណបក្សប្រឆាំង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​សហរដ្ឋ​អា​មេ​រិច​ ដូច្នេះ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ក៏​មាន​សិទ្ធ​ធ្វើ​បាត​កម្ម​តវ៉ា​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​ដូច​គ្នា​ ព្រោះ​នេះ​ជា​សិទ្ធ​សេរីភាព​របស់​ពលរដ្ឋ​។​

«​ខ្ញុំ​គាំទ្រ​ចំពោះ​ការ​សម្ដែង​មតិ​ដោយ​សន្ដិវិធី​ដោយ​អហិង្សា​ដោយ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដូច​ជា​មាន​ក្នុង​ច្បាប់​ស្ដី​ពី​បាតុកម្ម​»​។​

ចំណែក​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ ក៏​បាន​ប្រកាស​ស្វាគមន៍​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​

ការ​ប្រកាស​របស់​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ សាំង​ សុង​ និង​លោក​ ស៊ី​ម​ វណ្ណ​រ៉ា​ ដែល​អះអាង​ថា​ ខ្លួន​ជា​តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច​ ហ៊ុន​ សែន​ នៅ​អា​មេ​រិ​ក​ខាង​មុខ​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

លោក​ អូ​ វី​រៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ បាន​មាន​ប្រសាសន៍​ថា​ មិន​មាន​អ្វី​ជា​ការ​ចម្លែក​នោះ​ទេ​ ព្រោះ​ពលរដ្ឋ​គ្រប់​រូប​អាច​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើការ​បាតុកម្ម​បាន​គ្រប់​គ្នា​ដោយ​សន្តិវិធី​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទាំងអស់​មិន​ថា​ អ្នកគាំទ្រ​គណបក្សប្រឆាំង​ ឬ​គណបក្សកាន់អំណាច​នោះ​ទេ​។​

លោក​ អ៊ូ​ វី​រៈ​ បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​បញ្ចេញមតិ​ជា​សាធារណៈ​នោះ​ឡើយ​ ហើយ​គួរតែ​ស្វាគមន៍​វិញ​ ព្រោះ​ការ​ធ្វើ​បាតុកម្ម​នេះ​ គឺ​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​មានឱកាស​ក្នុង​ការ​សម្ដែង​មតិ​របស់​ខ្លួន​។​

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ​ហើយ​ខ្ញុំ​ក៏​ស្វាគមន៍​ដែរ​ ឱ្យ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​សន្ដិវិធី​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ​សុវត្ថិភាព​របស់​អ្នក​ធ្វើ​បាតុកម្ម​ក្រុម​ពួក​គាត់​ហ្នឹងហើយ​ក៏​ការពារ​គណបក្ស​ប្រឆាំង​ ធ្វើ​ម៉េច​កុំឱ្យ​មានការ​គំរាម​គំ​ហែង​ក្នុង​រូបភាព​មួយ​ណា​ បើសិនជា​ធ្វើ​អ​ញ្ចឹ​ង​បាន​មានអី​ ប៉ុន្ដែ​គ្រាន់តែ​ពី​អតីតកាល​មក​យើ​អនុ​ញ្ញត្ដិ​ឱ្យ​មាន​អំពើ​ហិង្សា​តាំងពី​ការ​គប់​ដុំ​ថ្ម​លើ​ផ្ទះ​លោក​កឹ​ម​សុខា​ សុទ្ធតែ​រឿង​អំពើ​ខុសច្បាប់​ទាំងអស់​តាម​ពិត​អ្នក​ដែល​គប់​ហ្នឹង​ ត្រូវ​ជាប់គុក​ទាំងអស់​មិន​ចេះ​តិច​នាក់​ទេ​ប៉ុន្ដែ​ដោយសារ​រដ្ឋាភិបាល​គាត់​មិន​អើពើ​ អ​ញ្ចឹ​ង​ហើយ​បាន​គេ​រិះគន់​រដ្ឋាភិបាល​»​។​

​សូម​រំឭក​ថា​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ពលរដ្ឋ​ខ្មែរ​អា​មេ​រិច​កាំ​ង​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​ ហ៊ុន​ សែន​ ម្ដង​រួច​មក​ហើយ​ ខណៈ​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អា​មេ​រិច​។​ បន្ទាប់​ពី​ព្រឹត្ដិការណ៍​តវ៉ា​នៅ​សហរដ្ឋអាមេរិក​រំលង​បាន​មួយ​ខែ​សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​ប្រជាជន​ខ្មែរ​សញ្ជាតិ​បារាំង​ ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​សម្ដេច​ នៅ​ទី​ក្រុងប៉ារីស​ម្ដងទៀត​។​

​ក្រោយ​ពី​មានការ​តវ៉ា​ទាំង​ពីរ​លើក​នេះ​រួច​មក​ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​ លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​ ការ​ធ្វើ​បាតុកម្ម​របស់​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មុខ​រដ្ឋសភា​នេះ​ បាន​បង្ក​ជា​អំពើ​ហិង្សា​ និង​បណ្តាល​ឱ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​ គឺ​លោក​ លោក​ គង់​ សភា​ និង​លោក​ ញ៉​យ​ ចំរើន​ រង​របួសធ្ងន់​ផង​ដែរ​៕

Share

Image
Image
Image