en     km
en     km

វេ​ណេ​ហ្សូ​អេ​ឡា​ ៖​ មាន់​មួយ​ក្បាល​តម្លៃ​ ១៤​លាន​ បូ​លី​វ៉ា​

Share

​ខណៈ​ដែល​អតិផរណា​ បាន​ហក់​ឡើង​កប់​ពពក​ប្រជាជន​ វេ​ណេ​ហ្សូ​អេ​ឡា​ ត្រូវ​បាន​រាយការណ៍​មក​ថា​ មិន​អាច​កាន់​ប្រាក់​ របស់​ខ្លួន​ទៅ​ទីផ្សារ​បាន​ទេ​ ដើម្បី​ទិញ​ម្ហូប​គឺ​ សូ​ម្បី​តែ​មាន់​ ១​ក្បាល​ តម្លៃ​បាន​ឡើង​ដល់​ ១៤​លាន​បូ​លី​វ៉ា​ ទៅ​ហើយ​ ដែល​ស្មើ​ប្រមាណ​ជាង​ ៥៦​ដុល្លារ​។​

កាសែត​ The​ Guardian​ បាន​ចុះ​ផ្សាយ​ថា​ សេដ្ឋកិច្ច​នៅ​រដ្ឋធានី​ កា​រ៉ា​កាស​ ទំនង​នឹង​ដួល​រលំ​ ក្នុង​ពេល​ឆាប់ៗ​នេះ​។​ រូ​បិ​យ័​ណ្ណ​អន្ដរជាតិ​ IMF​ បាន​ព្យាករណ៍​ថា​ អតិផរណា​ប្រាក់​ បូ​លី​វ៉ា​ របស់​ប្រទេស​នេះ​ នឹង​ធ្លាក់​ដល់​អត្រា​ ១​លាន​ភាគរយ​ ហើយ​ព្រមាន​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ អាច​នឹង​ក្រឡាប់​ទៀត​ផង​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ កាហ្វេ​មួយ​កែវ​មាន​ តម្លៃ​ ២​លាន​ បូ​លី​វ៉ា​ ឬ​ស្មើ​ប្រមាណ​ ៨​ដុល្លារ​។​ ប្រជាជន​ វេ​ណេ​ហ្សូ​អេ​ឡា​ ដែល​កំពុង​រង​គ្រោះ​ដោយ​វិបត្ដិ​សេដ្ឋកិច្ច​ និង​នយោបាយ​ បាន​សម្រុក​ចាក់​ចេញពី​ប្រទេស​ ច្រើន​ឡើងៗ​ ទៅ​ប្រទេស​ កូ​ឡុំ​ប៊ី​ ប្រេ​ស៊ី​ល​ ប៉េ​រ៉ូ​ ដើម្បី​រក​ការងារ​ធ្វើ​។​ សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ បាន​បន្ដ​ទម្លាក់​ជំនួយ​រាប់​សិប​លាន​ដុល្លារ​ ទៅ​ឲ្យ​ជនភៀសខ្លួន​។​ ប្រទេស​ វេ​ណេ​ហ្សូ​អេ​ឡា​ ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ ដែល​អន្ដរជាតិ​មិន​ទទួលស្គាល់​ ថា​ ជា​មេដឹកនាំ​ស្របច្បាប់​នោះ​ទេ​។​ បើ​ទោះបី​ប្រទេស​នេះ​ បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ ២០​ ឧសភា​ ក៏​ដោយ​។​ អ្វី​ដែល​នាំ​ឲ្យ​សហគមន៍​អន្ដរជាតិ​ មិន​ឲ្យ​តម្លៃ​លើ​មេដឹកនាំ​ នី​កូ​ឡាស​ ម៉ា​ឌូ​រ៉ូ​ ដោយសារ​តែ​ការ​បោះ​ឆ្នោត​មិន​មាន​វត្ដមាន​គណបក្សប្រឆាំង​។​

​បន្ថែម​លើ​នេះ​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ បាន​ហុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ដោយ​បង្កក​ប្រាក់​ក្រុមហ៊ុន​ និង​អ្នកជំនួញ​ មន្ដ្រី​រដ្ឋការ​ ជាន់ខ្ពស់​របស់​ប្រទេស​នេះ​ទៀត​ផង​។​ សហរដ្ឋអាមេរិក​ បាន​ព្រមាន​ថា​ នឹង​បិទ​ការ​បញ្ជា​ទិញ​ប្រេង​ ពី​ប្រទេស​ វេ​ណេ​ហ្សូ​អេ​ឡា​ ប្រសិនបើ​លោក​ នី​កូ​ឡា​ ម៉ា​ឌូ​រ៉ូ​ មិន​ធ្វើ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​។​

​រូ​បិ​យ័​ណ្ណ​អន្ដរជាតិ​ IMF​ បាន​ព្រមាន​ថា​ ប្រសិនបើ​សហគមន៍​អន្ដរជាតិ​ មិន​ជួយ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ទេ​ គឺ​សេដ្ឋកិច្ច​របស់​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ នឹង​ក្រឡាប់​នៅ​ចុងឆ្នាំ​២០១៨​នេះ​៕

Share

Image
Image
Image