en     km
en     km

វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​៖​ សិស្ស​នៅ​កម្ពុជា​ មិន​មានចំណេះ​ដឹង​ទូលំទូលាយ​ បើ​ការ​កែទម្រង់​ការ​អប់រំ​ មិន​ចំ​គោលដៅ​

Share

ភ្នំពេញ៖ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​កោតសរសើរ​ថា​ ជា​អ្នកជំនួញ​មានគុណ​ធ​ម៍​ផង​នោះ​ លោក​បាន​ថ្លែង​ក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​ថា​ សិស្ស​នៅ​កម្ពុជា​ នឹង​មិន​អាច​មានចំណេះ​ដឹង​ទូលាយ​ ដូច​នៅ​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក​ បាន​ទេ​ បើ​ការ​អប់រំ​នៅ​តែ​មិន​មានការ​កំណែទម្រង់​ឲ្យ​បាន​ជាក់លាក់​។​

(ខាងឆ្វេង) លោកវេជ្ជបណ្ឌិត គួច ម៉េងលី
(ខាងឆ្វេង) លោកវេជ្ជបណ្ឌិត គួច ម៉េងលី

​ទន្ទឹម​នឹង​ការ​ថ្លែង​របស់​លោក​ គួ​ច​ ម៉េ​ង​លី​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ លើ​កិច្ចការ​សង្គម​ពិសេស​ លើ​ការ​អប់រំ​នេះ​ បង្ហាញ​ការ​គាំទ្រ​ដោយ​បញ្ជាក់​ថា​ ក្រសួង​អប់រំ​គួរ​ មានការ​គិតគូរ​ ពី​ការ​ធ្វើ​កំណែទម្រង់​ ឡើង​វិញ​ ដើម្បី​ភាព​រីក​ចម្រើន​ប្រទេស​ជាតិ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ មាន​ប្រសាសន៍​ ក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​ក្រោម​ប្រធានបទ​ «​ភាព​ជា​អ្នក​បន្ដវេន​»​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-​ជប៉ុន​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១០​ តុលា​ នេះ​ ថា​ ដើម្បី​ឲ្យ​សិស្ស​នៅ​កម្ពុជា​ អាច​មានចំណេះ​ដឹង​ និង​ការ​អប់​បាន​ល្អ​ដូច​នៅ​ប្រទេស​ដទៃ​ លុះត្រាតែ​ក្រសួង​អប់រំ​ ធ្វើការ​កែទម្រង់​ ការ​សិក្សា​របស់​សិស្ស​ឲ្យ​មាន​ភាព​ជាក់លាក់​។​

​លោក​ វេជ្ជបណ្ឌិត​ បាន​លើក​ឡើង​បី​ចំណុច​សំខាន់​ ក្នុង​នោះ​រួម​មាន​ ក្រសួង​អប់រំ​ត្រូវ​តែ​ កែទម្រង់​ការ​សិក្សា​សិស្ស​កម្ពុជា​ឲ្យ​ដូច​ទៅ​នឹង​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។​ ទី​ពីរ​ ត្រូវ​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា​ និង​ផ្លូវ​ សម្រាប់​សិស្ស​កុំ​ឲ្យ​មានការ​លំបាក​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលា​។​ ចំណុច​ទី​បី​ គឺ​ធ្វើ​យ៉ាងណា​ផ្ដល់​តម្លៃ​ គ្រូបង្រៀន​ ឲ្យ​បាន​ខ្ពស់​ តាម​រយៈ​ការ​ផ្ដល់​ប្រាក់បៀវត្ស​។​

​ប្រការ​នេះ​លោក​ថា​ បើកាលណា​គ្រូ​ង្រៀ​ន​ ត្រូវធ្វើ​ការងារ​ ពីរ​ បី​ ដើម្បី​ចិ​ញ្ជិ​ម​ជីវិត​ បន្ថែម​ពី​ការ​បង្រៀន​ ដែល​ខ្វះមុខខ្វះក្រោយ​នោះ​ នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ ត្រូវ​បាន​សិស្ស​ដែល​ជា​កូន​អ្នកមាន​មួយ​ចំនួន​មិន​គោរព​ មិន​ឲ្យ​តម្លៃ​លើ​ការ​បង្រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​នោះ​ទេ​។​

លោក​ គួ​ច​ ម៉េ​ង​លី​៖​ «​ដោយសារ​ គ្រូ​អត់​មាន​តម្លៃ​ ប្រទេស​ណា​ក៏​ដោយ​បើ​យើង​មិន​គោរព​ មាតាបិតា​គឺ​បរាជ័យ​ បើ​យើង​មិន​គោរព​លោកគ្រូ​ គឺ​បរាជ័យ​ ដូច្នេះ​សំខាន់​ណាស់​គឺ​យើង​ឲ្យ​តម្លៃ​គ្រូ​ ហើយ​បើ​ឲ្យ​តម្លៃ​គ្រូ​ ទាល់តែ​គ្រូ​ចិញ្ចឹម​ក្រ​ពេះ​រួច​ ទាល់តែ​គ្រូ​ហ្នឹង​មានឱកាស​លូតលាស់​ ហើយ​មាន​ពេល​ស្រាវជ្រាវ​ មាន​ពេល​កំសាន្ដ​ មាន​កម្លាំងកាយ​ចិត្ដ​ដើម្បី​បង្រៀន​ ហ្នឹង​ ជា​ស្អី​គេ​គឺជា​ស្នូល​ដើម្បី​ឲ្យ​គាត់​ កម្លាំងចិត្ដ​ហ្នឹង​គឺ​ថវិការ​ ជា​ស្នូល​តាម​អតិផរណា​ អាច​ចិញ្ចឹម​គ្រួសារ​រស់​»​

​ចំណែក​លោកស្រី​ អុក​ ឆា​យ៉ា​វី​ ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ ឯករាជ្យ​ ដែល​ផ្ដល់​បទ​សម្ភាសន៍​ មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ នេះ​ មាន​ប្រសាសន៍​ថា​ អនុសាសន៍​ របស់​ លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ គឺ​លោកស្រី​ពិតជា​គាំទ្រ​ ហើយ​ក៏​សំណូមពរ​ ដល់​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួង​អប់រំ​ផ្ទាល់​ត្រូវ​តែ​រៀង​ចំការ​ ការ​សិក្សា​ របស់​សិស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ​។​ លោក​ស្ដ្រី​បន្ថែម​ថា​ ដើម្បី​ឲ្យ​សិស្ស​ ទទួល​បាន​ចំណេះដឹង​ បាន​ច្រើន​ពី​គ្រូ​ គឺ​សំខាន់​ ក្រសួង​ត្រូវ​តែ​យកចិត្ដទុកដាក់​ លើ​ការ​រស់នៅ​របស់​លោកគ្រូ​អ្នកគ្រូ​ ធ្វើ​យ៉ាងណា​ឲ្យ​អាច​រស់នៅ​បាន​សមរម្យ​ ។​

​លោកស្រី​ អុក​ ឆា​យ៉ា​វី​ បញ្ជាក់​ថា​ កាលណា​សិស្ស​មិន​មាន​សមត្ថភាព​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ ដែល​ក្រសួង​អប់រំ​ គួរ​ងាក​មក​យកចិត្ដទុកដាក់​ លើ​ការ​ឲ្យ​តម្លៃ​គ្រូបង្រៀន​ឲ្យ​បាន​ច្រើន​ ពិសេស​គឺ​ប្រាក់បៀវត្ស​។​

​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​៖«​តាម​ពិត​ទៅ​ប្រសាសន៍​ លោក​ឧកញ៉ា​ ពិតជា​ត្រឹមត្រូវ​ បើ​រាជរដ្ឋាភិបាល​ប្រើ​យុទ្ធសាស្ដ្រ​បែប​នេះ​ ខ្ញុំ​គិត​ថា​ប្រសើរ​ ជា​ពិសេស​គឺ​ប្រាក់បៀវត្ស​ របស់​លោកគ្រូ​អ្នកគ្រូ​ ទោះបី​យើង​បង្រៀន​ដូច​កាលពី​សង្គមរាស្ដ្រនិយម​ សង្គមរាស្ដ្រនិយម​ គេ​បង្រៀន​ទាំង​ព្រឹក​ទាំង​ល្ងាច​ ប៉ុន្ដែ​ថវិការ​លោកគ្រូ​អ្នកគ្រូ​ យើង​គឺ​ពេញ​ទៅ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​»​។​

​ដូច​គ្នា​ដែរ​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ក៏​គាំទ្រ​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ម៉េ​ង​លី​ ដូច​គ្នា​ដែរ​។​ លោក​យល់​ថា​ ការ​អប់រំ​នៅ​កម្ពុជា​ ពិតជា​មាន​កម្រិត​មែន​។​ ជាង​នេះ​ ក្រៅ​តែ​ពី​ពឹងផ្អែក​លើ​ការ​បង្រៀន​របស់​គ្រូ​នៅ​សាលា​ គឺ​ មាតាបិតា​សិស្ស​ ក៏​ត្រូវ​តែ​រួមចំណែក​អប់រំ​ដល់​កូនៗ​របស់​ខ្លួន​ផង​ដែរ​។​

​លោក​ សន​ ជ័យ​ មើលឃើញ​ថា​ បច្ចុប្បន្ន​ ក្មេង​ដែល​មិន​ចូល​សាលារៀន​ ហើយ​បែរជា​មក​បង្ក​ការ​រំខាន​ ដល់​សិស្ស​ដែល​សិក្សា​ ក៏​មាន​ច្រើន​ណាស់​ដែរ​ ដែល​លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ គួរតែ​រឹត​បន្ដឹង​ ការ​អនុវត្ដន៍​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ ឬ​លុប​បំបាត់​ក្មេង​ ដែល​បង្ក​ការ​រំខាន​ដល់​ការ​សិក្សា​ ឲ្យ​បាន​ ទើប​ធ្វើ​ឲ្យ​ការ​សិក្សា​ នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​។​
​លោក​ សន​ ជ័យ​៖​ «​សិស្ស​ខ្លះ​អត់​ខ្លាច​គ្រូ​ទេ​ ហើយ​សិស្ស​ខ្លះ​នឹង​មនុស្ស​ខ្លះ​ទៀត​ ទៅ​បំផ្លាញ​ទ្រព្យសម្បត្ដិ​ ក្នុង​សាលារៀន​ ដូច​យើង​ឃើញ​សាលារៀន​ខ្លះ​ ត្រូវ​បាន​ក្មេង​ហែក​ទ្វា​ កំទេច​សំភារៈ​ ក្នុង​សាលារៀន​ជាដើម​ ព្រោះ​អត់​មានការ​សហការ​ ពី​កង​ប្រដាប់​អាវុធ​ ឬ​កង​សមត្ថកិច្ច​ដែល​ធ្វើការ​ក្នុង​សង្គម​ហ្នឹង​»​។​

​កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សន្យា​ដំឡើង​ប្រាក់ខែ​ ជាង​៩០​ម៉ឺន​រៀល​ ដល់​គ្រូបង្រៀន​ ដោយ​គិត​ពី​ឆ្នាំ​ ២០១៧​ តទៅ​ ដើម្បី​ឲ្យ​គ្រូបង្រៀន​ អាច​មាន​ជីវភាព​ អាច​រស់នៅ​បាន​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ ទោះបី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​សន្យា​ដូចនេះ​ក៏​ពិតមែន​ ប៉ុន្ដែ​ក្រុម​គ្រូបង្រៀន​ភាគច្រើន​ យល់​ថា​ ទឹកប្រាក់​នេះ​មិន​ទាន់​ អាច​ជួយ​គ្រួ​បង្រៀន​ទាំងអស់​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ ឈប់​ប្រកប​មុខរបរ​ទី​ពីរ​ ឬ​ទី​បី​ នោះ​ទេ​។​

​គួរ​ជ​ម្រាម​ប​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ សមាគម​ គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​ ៥០​ ដោយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ តម្លើង​ប្រាក់ខែ​ជួន​គ្រូបង្រៀន​ចាប់ពី​ ១​លាន​ ៥​សែន​រៀល​ ដោយ​គិត​ចាប់ពី​កម្រិត​ ម​តេ​យ្យ​សិក្សា​ឡើង​ទៅ​៕


Share

Image
Image
Image