en     km
en     km

វៀតណាម នឹងរកវិធីជួយទិញអង្ករពីកសិករកម្ពុជាក្នុងតម្លៃដូចនៅវៀតណាម

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមថា នឹងស្វះស្វែងរកភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយទិញស្រូវអង្ករពីកម្ពុជាសមរម្យស្របតាមទីផ្សារប្រទេសខ្លួន
ខណៈដែលសហភាពអឺរ៉ុប យកពន្ធ នៃការនាំចូលអង្ករពីកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ៣០ មករា ម្សិលមិញ ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការអះអាងបែបនេះរបស់ភាគីវៀតណាម គឺធ្វើឡើងក្នុងជំនួបពិភាក្សាអំពីស្ថានភាពនៃការប្រមូលទិញស្រូវពីកសិករកម្ពុជា រវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកអគ្គករដ្ឋទូតនៃសារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

តាមប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវនាពេលបច្ចុប្បន្ន ព្រមទាំងដោះស្រាយ និងដាក់ចេញនូវយន្តការនៃការប្រមូលទិញស្រូវ អង្ករពីកម្ពុជា ក្នុងតម្លៃសមស្របទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម ។

ជាលទ្ធផល ភាគីទាំងពីបានដាក់ចេញនូវយន្តការដោះស្រាយបញ្ហាតម្លៃស្រូវ ក្នុងរយៈពេលខ្លី មធ្យម និងវែងដូចតទៅ៖ វៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាម ដើម្បីជំរុញឱ្យពាណិជ្ជករវៀត ណាមជួយប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ ។

ដោយឡែក ធនាគារ AGRI  BANK នឹងពិនិត្យមើលលើការផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាម សម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ និងផ្តល់ឥណទានដល់ពាណិជ្ជករ កម្ពុជាដែលខ្វះទុនក្នុងការប្រមូលទិញកសិផល ។

ទូរទស្សន៍វៀតណាមនឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃប្រជុំនេះជូនដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យ។

ភាគីវៀតណាមបានបញ្ជាក់ជូនថានឹងជំរុញឱ្យមានការចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផល ស្រូវ-អង្ករដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
សហភាពអឺរ៉ុប បានចាប់ផ្ដើមយកពន្ធអង្ករពីកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែមករាតទៅរយៈពេល ៣ ឆ្នាំ ដោយក្នុង១តោន គឺប្រមាណ ២០០ ដុល្លារអាមេរិក ។ យ៉ាងណា​ ប្រទេសចិន ដែលនាយករដ្ឋមន្ត្រីកម្ពុជាហៅថា ជាមិត្តនោះ បានប្រកាសថា នឹងទទួលទិញស្រូវពីកម្ពុជាក្នុងឆ្នាំ ២០១៩នេះ ឱ្យបានពី៣០ ម៉ឺនតោន ទៅ ៤០ ម៉ឺនតោន ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image